ជាតិ
សុវត្តិភាព ចរាចរណ៍
អត្រាគ្រោះថ្នាក់ម៉ូតូកាន់តែច្រើន សម្តេច ស ខេង ព្រួយបារម្ភ ហើយចង់រឹតបន្តឹងឡើងវិញ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង បានចាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ បន្តជាបញ្ហាចោទរាំងស្ទះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគោលនយោបាយរដ្ឋាភិបាលនៅឡើយ បើទោះបីជាអត្រាគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០១៦ ថយចុះ៥ភាគរយក្តី ធៀបនឹងឆ្នាំ ២០១៥ ។
សម្តេចលើកឡើងក្នុងឱកាសខួបលើកទី៧១ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ ថ្ងៃទី១៦ ឧសភានេះថា ចាប់ពីពេលសមត្ថកិច្ចរឹងបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តាំងពីខែមករា ឆ្នាំ២០១៦ រហូតមកនោះ អត្រាគ្រោះថ្នាក់ចរារណ៍ត្រូវបានកាត់បន្ថយហើយ អ្នកបញ្ជាយានយន្តចូលរួម គោរពច្បាប់ច្រើនជាងមុន។
តែយ៉ាងណា សម្តេចបន្តខ្វល់ខា្វយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ចំពោះអ្នកបើកបរម៉ូតូ ដោយ សម្តេច លើកឡើងតាមទិន្នន័យចរាចរណ៍ថា អ្នកបើកបរម៉ូតូបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍មាន ការកើនឡើង បើធៀបនឹងអ្នកបើករថយន្ត។ ក្នុងន័យនេះ សម្តេចថ្លែងថា តើអ្នកបើកបរម៉ូតូគួររៀនបើកបរឡើងវិញឬទេ? ជាងនេះទៀត សម្តេចបានបន្តជំរុញនគរបាលចរាចរណ៍បន្តរឹងបន្តឹង ការងារចរាចរណ៍ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីរក្សាសណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ និងការបន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា។
សំឡេងសម្តេច ស ខេង៖
© រក្សាសិទ្ធិដោយ thmeythmey.com