ជាតិ
សុវត្តិភាព ចរាចរណ៍
សាលារាជធានីត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាព ៦០០ គ្រឿងទៀត
× សាលារាជធានីភ្នំពេញ បានត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៦០០គ្រឿងទៀត នៅតាមបណ្ដាភ្លើងស្ដុបតាមខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ។ ចំណែកសួនច្បារ និងបង្គោលភ្លើងតាមផ្លូវសាធារណៈ ក៏មានការកែលម្អផងដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ជិន ប៊ុនធឿន បានប្រាប់សារព័ត៌មានថ្មីៗថា សាលាក្រុងបានពិភាក្សាជាមួយក្រុមហ៊ុនឯកជនមួយរួចរាល់ហើយ (HSC Co., Ltd) ដើម្បីរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៦០០គ្រឿង នៅក្នុងឆ្នាំ២០១៦នេះ។ លោក ជិន ប៊ុនធឿន បានបន្ថែមថា គោលបំណងសំខាន់នៃការដាក់បំពាក់កាមេរ៉ាបន្ថែមនេះ គឺដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាសន្តិសុខសង្គម ជាពិសេសការកំណត់មុខសញ្ញាចោរកម្មតាមដងផ្លូវជាដើម។
កន្លងមកសាលាក្រុងបានបំពាក់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្ដុបចំនួន១០០គ្រឿងមកហើយ ដែលបានមកពីជំនួយរបស់ប្រទេសវៀតណាម ដោយប្រគល់តាមរយៈក្រសួងមហាផ្ទៃ។ បើតាម លោក ជិន ប៊ុនធឿន នៅពេលខាងមុខនេះប្រទេសចិន ក៏គ្រោងនឹងជួយផ្គត់ផ្គង់កាមេរ៉ាសុវត្ថិភាពចំនួន ៤០០ គ្រឿងផងដែរ ។
ក្រៅពីការរៀបចំកាមេរ៉ាសុវត្ថិភាពនេះ សាលាក្រុងក៏ត្រៀមកែលម្អសួនច្បារ និងបង្គោលភ្លើងតាមសាធារណៈឲ្យប្រសើឡើងទៀតផង។
កាលពីថ្ងៃទី១៦ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រជុំការងាររៀបចំកិច្ចសន្យាការថែទាំសួនច្បារ និងបង្គោលភ្លើងដែរ ដោយក្នុងនោះសួនច្បារជាង ៦៩ហិចតា ដើមឈើជាង ៦ម៉ឺនដើម នឹងត្រូវប្តូរការទទួលខុសត្រូវថែទាំឲ្យទៅក្រុមហ៊ុនឯកជន។ នេះបើតាមលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលលោកបានសរសេរលើហ្វេសប៊ុកបន្ថែមថា អំពូលភ្លើងបំភ្លឺសាធារណ:ជាង ១១.០០០ អំពូល នឹងត្រូវប្ដូរជាអំពូល LED ទាំងអស់ ហើយការទទួលខុសត្រូវទទួលថែទាំក៏ត្រូវប្ដូរឲ្យក្រុមហ៊ុនឯកជន។
អភិបាលក្រុងរូបនេះបានសរសេរយ៉ាងដូច្នេះថា៖«យើងសង្ឃឹមថា ការគ្រប់គ្រងសួនច្បារសាធារណ: អំពូលភ្លើងបំភ្លឺសាធារណ: សន្តិសុខសុវត្ថិភាពសាធារណ:នឹងបានកាន់តែល្អប្រសើរ បន្ទាប់ពីបានកែសម្រួលយន្តការថ្មី និងតម្លើងកាមេរ៉ាសុវត្ថិភាពជាង ៦០០គ្រឿងបន្ថែមទៀតនេះ៕
Tag:
កាមេរ៉ា
ភ្លើងស្ដុប
© រក្សាសិទ្ធិដោយ thmeythmey.com