ជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន ជា​អ្នកបកប្រែ​ក្នុងជំនួប​រវាង​សម្តេច​ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី
17, May 2016 , 10:27 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​អមដំណើរ​សម្តេច ហ៊ុន សែន ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន រុស្ស៊ី បាន​ធ្វើជា​អ្នកបកប្រែ នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ រវាងសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ឌី​មេ​ទ្រី មេ​ដ​វេ​ដេ​វ។


 
បើតាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី​១៧ខែឧសភានេះ សម្តេច​បានស្នើ​ឲ្យ លោក ហង់ ជួន ណា​រ៉ុ​ន ធ្វើជា​អ្នកបកប្រែ​នៅក្នុង​ជំនួប​នេះ។ សម្តេច បានបញ្ជាក់​ប្រាប់​លោក​ឌី​មេ​ទ្រី មេ​ដ​វេ​ដេ​វ យ៉ាង​ដូច្នេះ​ថា៖«អ្នកបកប្រែ​នោះ មិនមែនជា​អ្នកបកប្រែ​ទេ ប៉ុន្តែ​គឺជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា។ ប៉ុន្តែ​ខ្ញុំ​ស្នើ​គាត់​ធ្វើជា​អ្នកបកប្រែ​សិន»។

មុននឹងប្រាប់​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ថា អ្នកបកប្រែ គឺជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡារបស់​កម្ពុជា ប្រមុខរដ្ឋាភិបាលខ្មែរ ក៏បាន​បញ្ជាក់ដែរថា បច្ចុប្បន្ន​កម្ពុជាមាន​រដ្ឋមន្ត្រី​តាម​ក្រសួង​នានា​ចំនួន៤រូប​ ដែល​ប្រើប្រាស់​ភាសា​រុស្ស៊ី និង​យកគំនិត​ពី​រុស្ស៊ី។

ក្រៅពី​ថ្លែង​អរគុណ​រដ្ឋាភិបាល​រុស្ស៊ី ដែល​បាន​ជួយ​ជួយ​ជ្រោមជ្រែង​កម្ពុជា ទាំង​ផ្នែក​ហិរញ្ញវត្ថុ វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ សម្តេច​ហ៊ុន សែន ក៏បាន​ស្នើ​ដល់​នាយករដ្ឋមន្ត្រី​រុស្ស៊ី​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ថែមទៀត ខណៈដែល​ក្នុងមួយឆ្នាំៗ មាន​និស្សិត​កម្ពុ​ជាជាង១០០នាក់​បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​នឹង​ជួប​ជាមួយ​និស្សិត និង​យោធា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ជាង៤០០នាក់​ផងដែរ។

គួរ​ជម្រាប​ផងដែរ​ថា នៅក្នុង​ជំនួប​ទ្វេភាគី នៅ​ថ្ងៃទី១៧ខែឧសភា​នេះ ភាគីទាំងពីរ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងសំខាន់ៗចំនួន៨  ដែល​ក្នុងនោះ​រួមមាន​កិច្ច​ព្រៀម​ព្រៀង​លើ វិស័យ​យោធា សន្តិសុខ មហាផ្ទៃ និង​កិច្ចព្រមព្រៀង​ពី​បញ្ហា​ការប្រើប្រាស់​បរិ​មា​ណូ​ដើម្បី​សន្តិសុខ​ជាដើម បន្ថែមទៀតលើ​កិច្ចព្រមព្រៀង​ចំនួន១១ ដែល​ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុង​ដំណើ​រ​ទស្សនៈកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​រុស្ស៊ី​នៅ​កម្ពុជា។

សូមបញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​ទី ១៦ ខែឧសភា ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សហព័ន្ធរុស្ស៊ី។ ក្រៅពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ សម្តេច ក៏​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​មួយ​ដើម្បី​រំលឹក​ខួប​លើក​ទី២០ នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អាស៊ាន ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅក្នុង​ទីក្រុង Sochi នៃ​សហព័ន្ធរុស្ស៊ី ចាប់ពី​ថ្ងៃ១៩ ដល់​ថ្ងៃទី ២០ ខែឧសភា​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com