ជាតិ
សម្តេច តេ​មក​មិញ​!
18, May 2016 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
​មិនមែន​ទើបតែ​សព្វថ្ងៃនេះ​ទេ តែ​តាំងពី​យូរអង្វែង​ណាស់​មកហើយ  ឈ្មោះ និង​ឥទ្ធិពល​របស់​អ្នកមានអំណាច តែងតែ​ត្រូវ​ជន​ឆ្លៀតឱកាស​យកមកប្រើ​ដើម្បី​ជា​ប្រយោជន៍​។ ហើយ​ការណ៍​នេះ ក៏​ចេះតែ​ទទួលបាន​ជោគជ័យ​ជា​ហូរហែ​។​



​មុននេះ​បន្តិច គេ​ច្រើន​យក​ឯកសណ្ឋាន​កងទ័ព ប៉ូលិស កងរាជអាវុធហត្ថ ព្យួរ​ក្នុង​រថយន្ត​គ្រប់​ប្រភេទ​។ ពេលខ្លះ​អ្នកបើកបរ​រថយន្ត​នោះ គ្រាន់តែ​ជានា​រី​ក្មេង​ស្រស់ស្អាត​ម្នាក់ ឬ​ជា​យុវជន​ម្នាក់​ប៉ុណ្ណោះ​។ ស្លាក​លេខ​រថយន្ត ក៏​អស្ចារ្យ​ដែរ​។ ស្លាក​លេខ​រាជការ ប៉ូលិស កងទ័ព នៅលើ​រថយន្ត​ប្រភេទ​ណា ក៏​ធ្វើ​ឲ្យ​រថយន្ត​នោះ​មាន​ឥទ្ធិពល​នៅលើ​ទ្រូងផ្លូវ​ដែរ​។​

​ល្បិច​ខាងលើ​មិនទាន់​សាបរលាប​អស់​ផង ឥឡូវ​មកដល់​ក្បាច់​ថ្មី​មួយទៀត​គឺ ថ្នាក់ដឹកនាំ​ណា​ម្នាក់ «​ខ​ល​»​មក ហើយ​ប្រាប់​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ​។ អ្នកអនុវត្ត​ខាងក្រោម ក៏​ចេះតែ​ប្រឹង​ធ្វើតាម​អ្នកនាំពាក្យ ដោយ​មិនដឹង​ប្រាកដថា តើ​ថ្នាក់ដឹកនាំ ឬ​សម្តេច​បាន «​តេ​»​មក​មែន​ឬក៏​អត់​? ឬក៏​«​តេ​»​មក​មែន តែ​សម្តេច ឬ​ថ្នាក់ដឹកនាំ ប្រាប់​ឲ្យ​ធ្វើ​តែ «៥»​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​ប្រាប់​ទៅ​ថ្នាក់ក្រោម​បន្តថា សម្តេច​ឲ្យ​ធ្វើ «១០»​។​

​រឿង​សម្តេច​«​តេ​»​មកនេះ វា​នៅតែ​ជា​អាថ៌កំបាំង​។ អ្នកអនុវត្ត​ខាងក្រោម​ឯណា ហ៊ាន «​តេ​» ទៅ​សម្តេច​វិញ ដើម្បី​បញ្ជាក់ថា សម្តេច បញ្ជា​មក​អ៊ីចឹង​មែន​? ត្រង់​មិន​ហ៊ាន​នឹង​ហើយ បានជា​ក្រុម​ឆ្លៀតឱកាស ចេះតែ​ប្រថុយ​ដើម្បី​ប្រយោជន៍​សួនតួ​នោះ​។​

​ប៉ុន្តែ​ប្រយ័ត្ន​ណា ពេលខ្លះ​ក៏​សម្តេច «​តេ​»​មក​មែនដែរ​!


Tag:
 ប្រាប់​ត្រង់
© រក្សាសិទ្ធិដោយ thmeythmey.com