ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​ព្រឹទ្ធសភា​មួយរូប ស្នើ​សម្ដេច សាយ ឈុំ ចាត់វិធានការ​លើ​កម្លាំង​ប្រដាប់អាវុធ​ខេត្តបន្ទាយមានជ័យ​
19, May 2016 , 5:51 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី មួយរូប​គឺ​លោក សោ ចាន់​ដេ​ត បានដាក់​លិខិតស្នើ​ឲ្យ​ប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ ចាត់វិធានការ​លើ​កង​កម្លាំងប្រដាប់អាវុធ​ខេត្តបន្ទាយមានជ័យ​មួយក្រុម ដែល​បាន​ឃាត់​រថយន្ត​ខ្លួន ខណៈពេលដែល​កំពុងធ្វើដំណើ​រ​។



​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី​៤​រូបនេះ បាន​ប្រាប់​ប្រធានព្រឹទ្ធសភា ថា កាលពី​ថ្ងៃទី​១០ ឧសភា កន្លងមក នៅពេលដែល​លោក​បានធ្វើ​ដំណើរ​នៅ​ខេត្តបន្ទាយមានជ័យ​នោះ ស្រាប់តែ​កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​ជា​៣០​នាក់ ដឹកនាំ​ដោយ​ប្រធាន​ចរាចរណ៍​ខេត្ត បានមក​ឃាត់​រថយន្ត​លោក ក្រោមលេស​ថា រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ។ 
 
​លិខិត​ចុះ​ថ្ងៃទី​១៩ ឧសភា នេះ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ការឃាត់ខ្លួន​មាន​រយៈពេល​១​ម៉ោង ៣០​នាទី ទោះបីជា​ខ្ញុំ​បានបង្ហាញ​អភ័យឯកសិទ្ធិ​ព្រឹទ្ធសភា​ក៏ដោយ ក៏​ក្រុម​នេះ​មិន​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​បន្តដំណើរ​ទៅមុខ​ឡើយ​។ បន្ទាប់មក​ក្រុម​នេះ​បាន​ដកហូតយក​ប័ណ្ណ​អភ័យឯកសិទ្ធិ​ពី​ខ្ញុំ​ទៅ​ថតចម្លង ហើយ​បង្ខំ​ឲ្យ​ខ្ញុំ​ដក​ស្លាក​រថយន្ត​ព្រឹទ្ធសភា​ចេញ ទើប​អនុញ្ញាត​ត​ឲ្យ​ខ្ញុំ​បន្តដំណើរ​ទៅមុខទៀត​»​។​
 
​លោក សោ ចាន់​ដេ​ត ចាត់ទុក​ទង្វើរ​របស់​ប្រធានការិយាល័យ​ចរាចរណ៍​ខេត្ត បន្ទាយមានជ័យ​នេះ ជាការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​អភ័យឯកសិទ្ធិ​ព្រឹទ្ធសភា​យ៉ាងធ្ងន់ធ្ងរ ដោយ​លោក​ស្នើ​ឲ្យ​សម្ដេច សាយ ឈុំ ចាត់វិធានការ​លើ​កម្លាំង​ប្រដាប់អាវុធ​ទាំងនេះ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​រូបភាព​បែបនេះ​កើតឡើង ដែលជា​ការរំលោភ​រដ្ឋ​ធម្មនុញ្ញ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com