សង្គមអន្តរជាតិ​
អន្តរជាតិ
ពលរដ្ឋ​ចិន​ជាប់​ជាម​នុស្ស​ដែលមាន​ការស្វាគមន៍​ជនភៀសខ្លួន​ជាងគេ ខណៈ​រុស្ស៊ី​នៅ​បាត​តារាង​
21, May 2016 , 11:40 am        
រូបភាព
​ប្រជាជន​ចិន​ត្រូវបាន​ចាត់ទុកជា​អ្នក​ដែល​ស្វាគមន៍​ជនភៀសខ្លួន​ជាងគេ ក្នុងចំណោម​ប្រទេស​ចំនួន​២៧ ជុំវិញ​ពិភពលោក​។ ចំណាត់ថ្នាក់​បន្ទាប់ពី​ចិន មាន​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ខណៈដែល​រុស្សី​ជាប់​ចំណាត់​ចុងក្រោយ​គេ ជា​ប្រទេស​ដែល​មិន​ស្វាគមន៍​ជនភៀសខ្លួន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត Bangkok Post​។  

 
 
​អង្គការ​លើកលែងទោស​អន្តរជាតិ នៅ​ថ្ងៃទី​១៩ ខែឧសភា បានចេញ​ផ្សាយ​ការរកឃើញ​របស់ខ្លួន ដែល​បង្ហាញថា ប្រជាជន​ចិន អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ជាប់​ចំណាត់​ជា​អ្នក​ដែល​ស្វាគមន៍​ជនភៀសខ្លួន​ជាងគេ​។ ប្រទេស​ចំនួន​បី​ទៀត គឺ​រុស្សី ឥណ្ឌូណេស៊ី និង​ថៃ ស្ថិតក្នុង​លំដាប់​ចុងក្រោយ​នៃ​បញ្ជី ដែលមាន​២៧​ប្រទេស​។​
 
​នៅ​ប្រទេស​ចិន ដែល​ជាប់​ចំណាត់​ថ្នាក់លើ​គេ ប្រជាជន​៤៦​ភាគរយ​និយាយថា ពួកគេ​នឹង​ទទួល​ជនភៀសខ្លួន​មក​ស្នាក់​នៅផ្ទះ​ពួកគេ​។ ខណៈ​រុស្សី ឥណ្ឌូណេស៊ី និង​ថៃ ជា​ប្រទេស​មិនសូវ​ស្វាគមន៍​ជនភៀសខ្លួន ដែល​ត្រូវបាន​វាស់វែង​ដោ​យស​ន្ទ​ស្សន៍​ស្វាគមន៍​ជនភៀសខ្លួន និង​គិត​លើ​កម្រិត​នៃ​ការទទួល​ជនភៀសខ្លួន ជាមួយនឹង​ការ​ស្ទាបស្ទង់​លើ​មនុស្ស​ច្រើនជាង​២​ម៉ឺន​៧​ពាន់​នាក់​។​
 
​ចក្រភព​អង់គ្លេស ដែល​ជាប់​ចំណាត់​ទី​ពីរ មាន​ប្រជាជន​២៩​ភាគរយ​និយាយថា ពួកគេ​នឹង​ស្វាគមន៍​ជនភៀសខ្លួន ខណៈដែល​ប្រជាជន​រុស្សី​៦១​ភាគរយ​និយាយថា ពួកគេ​បដិសេធ​ទទួល​ជនភៀសខ្លួន​។ ជាមួយគ្នានេះ ប្រជាជន​អាល្លឺម៉់ង​ម្នាក់​ក្នុងចំណោម​ដប់​នាក់ បញ្ជាក់ថា ពួកគេ​ព្រម​ទទួល​ជនភៀសខ្លួន​។   
  
​ការចាត់​ចំណាត់ថ្នាក់​នេះ គឺ​អាស្រ័យ​លើ​កម្រិត​ដែល​ប្រជាជន​ប្រទេស​នីមួយៗ​និយាយថា ពួកគេ​នឹង​ស្វាគមន៍​ជន​ភៀស​មក​នៅផ្ទះ​ពួកគេ ធ្វើជា​អ្នកជិតខាង​នៅ​ទីក្រុង​ឬក៏​ប្រទេស​ជាដើម​។ មួយវិញទៀត នៅ​ជុំវិញ​ពិភពលោក គេ​រកឃើញថា មនុស្ស​ម្នាក់​ក្នុងចំណោម​ដប់​នាក់ នឹងត្រូវ​ទទួល​ជនភៀសខ្លួន​ម្នាក់​។ 
 
​អគ្គលេខាធិការ​អង្គការ​លើកលែងទោស​អន្តរជាតិ​លោក Shalil Shetty និយាយថា «​ចំនួន​នេះ​បាន​ប្រាប់​យើង​ច្បាស់​ណាស់​។ ប្រជាជន​ត្រៀមខ្លួន​ដើម្បី​ទទួល​ជនភៀសខ្លួន ប៉ុន្តែ​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​មិន​ស្រប​នឹង​គំនិត​ប្រជាជន​ទេ​»​។ 
 
​លោក Shetty ប្រាប់​ទីភ្នាក់ងារ​AFP ដែរ​ថា ប្រជាន​ជ​ចិន​បាន​បញ្ជូន​សារ​ច្បាស់ៗ ហើយ​ពួកគេ​នឹង​ស្វាគមន៍​ជនភៀសខ្លួន​។ ប៉ុន្តែ​លោក​បញ្ជាក់ដែរថា នេះ​មិនមែន​មា​ន័យ​ថា ប្រជាជន​ចិន​ព្រម​ទទួល​ជនភៀសខ្លួន​ច្រើន​នោះទេ តែ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ឯណោះ​៕

Tag:
 ចិន​
 ​ ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com