English-Français
សង្គមជាតិ
អ្នកជំនាញ​ថែទាំ​សត្វ​នៅ​កម្ពុជា​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ពិសា​សាច់​ឆ្កែ​
21, May 2016 , 10:20 am        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ប្រទេស​មួយចំនួន គេ​មិន​ពិសា​សាច់​ឆ្កែ​ទេ​។ តែ​នៅក្នុង​ប្រទេស​មួយចំនួន ការ​ពិសា​សាច់​ឆ្កែ​ក៏​ពេញនិយម​ដែរ ដូចជា នៅក្នុង​ប្រទេស​វៀ​ណា​ម ឬ​ប្រទេស​កម្ពុជា​ជាដើម​។ ពលរដ្ឋ​វៀតណាម ពិសា​សាច់​ឆ្កែ​ច្រើនជាង​ពលរដ្ឋ​ខ្មែរ​។ ប្រឈម​នឹង​បញ្ហា​នេះ អ្នកស្រី Donabelle Zuzart នាយក​គ្រប់គ្រង​សេវាកម្ម Pet Grooming Cambodia អំពាវនាវ​ដល់​ពលរ​ដ្ឋ​ខ្មែរ​កុំ​ឲ្យ​ពិសា​សាច់​ឆ្កែ​។


 
 សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី Donabelle Zuzart នាយក​គ្រប់គ្រង​សេវាកម្ម Pet Grooming Cambodia ដូចតទៅ​៖ 


 
«​ពិសា​សាច់​ឆ្កែ​មិនល្អ​សម្រាប់​សុខភាព​ទេ​។ សត្វ​ឆ្កែ ឬ​ឆ្មា គឺជា​មិត្តភក្តិ​ស្មោះត្រង់​របស់​មនុស្ស​»​។ នេះ គឺជា​ការអត្ថាធិប្បាយរ​បស់​អ្នកស្រី Donabelle Zuzart នាយក​គ្រប់គ្រង​សេវាកម្ម Pet Grooming Cambodia មុននឹង​អ្នកស្រី​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពិសា​សាច់​ឆ្កែ​។ 
 
​អ្នកស្រី Donabelle Zuzart បាន​ប្រាប់ថា អ្នកស្រី​មិនដែល​ឃើញ​គេ​សម្លាប់សត្វ​ឆ្កែ​ទេ ទាំង​នៅក្នុង​ប្រទេស​ឥណ្ឌា​របស់​អ្នកស្រី និង​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ​។ អ្នកស្រី​និយាយ​របៀប​លេងសើច​លាយឡំ​នឹង​ភាព​ហ្មត់ចត់​ថា ប្រសិនបើ​អ្នកស្រី​ឃើញ​គេ​សម្លាប់​ឆ្កែ​ផ្ទាល់​នឹង​ភ្នែក អ្នកស្រី​នឹង​វេច​សំពាយ​អ្នកស្រី​ត្រឡប់​ទៅ​ប្រទេស​ឥណ្ឌា​វិញ​ហើយ​។ «​ខ្ញុំ​មិនដែល​ឃើញ​ទេ ហើយ​ខ្ញុំ​បួងសួង​ហើយ បួងសួង​ទៀត សូមកុំ​ឲ្យ​ឃើញ​ការ​សម្លាប់សត្វ​ឆ្កែ​។ បើ​ឃើញ ខ្ញុំ​មិនអាច​ទប់​អារម្មណ៍​ខ្ញុំ​បានទេ​»​។ នេះ គឺជា​បញ្ជាក់​របស់​អ្នកស្រី Donabelle Zuzart​។ 
 
​អ្នកស្រី​បាន​បន្តទៀតថា សត្វ​ឆ្កែ គឺជា​មិត្តភក្តិ​ដ៏​ស្មោះត្រង់ វា​មិនចេះ​ខឹង​នឹង​ម្ចាស់​វា​ទេ​។ ម្ចាស់​វា​ស្រែក​ដាក់​យ៉ាងដូចម្តេច ក៏​វា​មិន​ខឹង​ដែរ​។  អ្នកស្រី Donabelle Zuzart បាន​បន្តទៀតថា អ្នក​ពិសា​ទាំងឡាយ​គួរ​ពិសា​សាច់មាន់ ទា សាច់ជ្រូក សាច់គោ សាច់​ចៀម ជំនួស​សាច់​ឆ្កែ​ទៅ​ប្រសើរ​ជាង​។ 
 
​អ្នក​ពិសា​សាច់​ឆ្កែ​នៅក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សាច់​ឆ្កែ​ឡើងថ្លៃ​ច្រើនណាស់​នាពេល​បច្ចុប្បន្ននេះ​។ ឆ្កែ​មួយ​ក្បាល​ទិញ​ចូល​អាចមាន​តម្លៃ​រហូត​ដល់​ទៅ​៥០​ដុល្លារ​អាមេរិក​រួចទៅហើយ​៕ 

Tag:
 ឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com