ជាតិ
សេដ្ឋកិច្ច
បើក​«​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​»​ដើម្បី​ពង្រឹង​ការប្រកួតប្រជែង​រវាង​ផលិតផល​ខ្មែរ និង​បរទេស​
23, May 2016 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម ប្រកាស​បើក​«​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​»​នៅ​ថ្ងៃទី​២៣​ខែឧសភា តទៅ ដែល​យុទ្ធនាការ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី និង​ខេត្ត​ចំនួន​បី​។ តាមរយៈ​យុទ្ធនាការ​នេះ ទាំង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន មាន​សុទិដ្ឋិនិយម​ដូចគ្នា​ថា ពលរដ្ឋ​នឹង​បង្កើន​ការគាំទ្រ​ផលិត​ខ្មែរ​បន្ថែមទៀត ដែលជា​កត្តា​ជំរុញ​ការប្រកួតប្រជែង​រវាង​ផលិតផល​ក្នុងស្រុក ជាមួយនឹង​ផលិតផល​នាំចូល​។



​តាមរយៈ​«​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​» រដ្ឋាភិបាល និង​វិស័យ​ឯកជន មាន​សុ​ទិ​ដិ្ឋ​និយម​ដូចគ្នា​ចំពោះ​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍ថា យុទ្ធនា​ការទិញ​ខ្មែរ​នេះ នឹង​ជួយ​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ឲ្យ​បាន​ច្រើន​ជា​អតិបរិមា​។ លោក​បន្ថែមទៀតថា តាមរយៈ​ការគាំទ្រ​ទាំងនេះ នឹង​ជួយ​ឲ្យ​ផលិតផល​ខ្មែរ​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ផលិតផល​បរទេស និង​បង្កើន​នូវ​ការនាំចេញ​ទៀតផង​។​

​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​នៅ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៣​ខែឧសភា លោក ប៉ាន សូរ​ស័ក្តិ ណែនាំ​ផងដែរ​ដល់​ម្ចាស់​ផលិតកម្ម​ក្នុងស្រុក ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គុណភាព​, ការ​វេច​ខ្ចប់​, សុវត្ថិភាព​ប្រើប្រាស់ និង​តម្លៃ​ផលិតផល​។​

​ជាមួយគ្នានេះដែរ សហគ្រាស​ធុន​តូច​និង​មធ្យម (SME) ដែល​កំពុង​ស្វែងរក​ឱកាស​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុងស្រុក ក៏​ដូច​ទីផ្សារ​បរទេស បានបង្ហាញ​សុទិដ្ឋិនិយម​ថា ផលិតផល​ក្នុងស្រុក​នឹង​ទទួល​ការគាំទ្រ​កាន់តែខ្លាំង​ឡើង បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ ជាពិសេស​តាមរយៈ​«​យុទ្ធនា​ការទិញ​ផលិត​ខ្មែរ​»​នេះ​។ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី លោកស្រី កែវ ម៉ុំ ប្រាប់​ឲ្យ​ដឹងថា  ការផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ ជំរុញ​ការគាំទ្រ​ផលិតផល​ខ្មែរ​កាន់តែខ្លាំង​ឡើង ហើយ​ការគាំទ្រ​ទាំងនេះ នឹង​ជំរុញ​ការផលិត​កាន់តែច្រើន ដែល​ជួយ​លើកកម្ពស់​ផលិត​ខ្មែរលើ​ទីផ្សារ​ក្នុងប្រទេស និង​ក្រៅប្រទេស​។ លោកស្រី​បញ្ជាក់ទៀតថា ផលិតផល​ខ្មែរ​មួយចំនួន មានគុណ​ភាពល្អ មិន​ចាញ់​ផលិតផល​បរទេស​ឡើយ​៕

​សូមបញ្ជាក់ថា «​យុទ្ធនា​ការទិញ​ផលិត​ខ្មែរ​»​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​រាជធានី និង​ខេត្ត​ចំនួន​បី គឺ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៩​ខែឧសភា ខណៈ​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៦​ខែមិថុនា​។ ចំណែក​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៧​ខែកក្កដា​។ ដោយឡែក​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៦​ខែវិច្ឆិកា ដែល​នៅ​រាជធានី​មានការ​ដង្ហែរ​ក្បួន​ផងដែរ​។ សកម្មភាព​សំខាន់ៗ​ក្នុង​យុទ្ធនាការ​នេះ រួមមាន ការដាក់​តាំង​បង្ហាញ​ផ​លិ​ផល​ខ្មែរ​ជាច្រើន​ប្រភេទ​, ការប្រគុំ​តន្ត្រី និង​សិក្ខាសាលា​៕


Tag:
 ផលិតផល​ខ្មែរ​
  ប៉ាន សូរ​ស័ក្តិ​
  កែវ ម៉ុំ​
© រក្សាសិទ្ធិដោយ thmeythmey.com