ពីនេះ ពីនោះ
មិន​ចង់​ឲ្យ​ចំណាយ​ពេល​​ឥត​ប្រយោជន៍ ម្ចាស់ផ្ទះ​​ផ្ញើ​សារ​​ជូន​​ចោរ​​ថា ​ផ្ទះ​ខ្លួន​​គ្មាន​អ្វី​​ឡើយ !
24, May 2016 , 11:48 am        
រូបភាព
​ម្ចាស់​ផ្ទះជួល​ម្នាក់​ដែល​រស់នៅ​ម្តុំ​ផ្សារ​៧​មករា សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មិន​ចង់​ឲ្យ​ចោរ​ចំណាយពេល​ឥតប្រយោជន៍​នោះឡើយ​។ បន្ទាប់​មានការ​កាច់​សោ និង​គាស់​ផ្ទះ​រហូតដល់​ទៅ​២​ដង​នៅ​ខែឧសភា​នេះ ម្ចាស់ផ្ទះ​បានសម្រេច​បិទ​សេចក្តីជូនដំណឹង​នៅមុខ​ផ្ទះជួល​របស់ខ្លួន ដើម្បី​ប្រាប់​ទៅ​ក្រុមចោរ​ឲ្យ​បញ្ឈប់​ការ​គាស់ និង​កាច់​សោ​ផ្ទះ​របស់ខ្លួន​។​

 
​បើទោះបី​ជាមាន​កំហុស​អក្ខរាវិរុទ្ធ​មួយចំនួន​ក្តី ប៉ុន្តែ​នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៣ ខែឧសភា ជាមួយនឹង​ស្នាម​មេដៃ គេ​អាច​យល់បាន​ថា ម្ចាស់ផ្ទះហាក់ដូចជា​ដឹង​ពី​អារម្មណ៍​របស់​ចោរ ​នៅពេល​ពួកគេ​បរាជ័យ ​ក្នុង​ប្រតិបត្តិការ​លួច​គាស់ និង​កាច់​សោ​ផ្ទះ​។​
 
​ម្ចាស់ផ្ទះ​បានសរសេរថា​៖ «​ខ្ញុំបាទ​សូម​ជម្រាប​ដល់​លោក លោកស្រី ដែលមាន​មុខរបរ​ជា​ចោរ​ ដើរ​គាស់​ផ្ទះ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា នៅក្នុង​ផ្ទះ​នេះ អត់​មាន​មនុស្ស​នៅទេ ហើយ​អត់​មានអី​វ៉ាន់ ឬ​សម្ភារ​អ្វី ដែល​មានតម្លៃ​ក្រៅពី​សោ​ផ្ទះ​ខាងមុខនេះ ដែលមាន​តម្លៃ​ប្រហែល​តែ​៥​ដុល្លារ និង​សំរាម​ដែល​មិនទាន់​យកទៅ​បោះចោល​ប៉ុណ្ណោះ​»​។​
 
​សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​តាម​លេខ​ទូរ​សព្ទ​ ដែល​បិទ​លើ​មុខទ្វា​ផ្ទះជួល ហើយ​ម្ចាស់ផ្ទះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាងថា ខ្លួន​ពិតជា​មានការ​ធុញទ្រាន់​ នឹង​ការទិញ​សោ​ខ្លាំងណាស់​។ លោក​បាន​សរសេរ​ប្រាប់​ចោរ​ថា​៖ «​សូម​លោក លោកស្រី មេត្តា​យោគយល់ ព្រោះ​ខ្ញុំបាទ​អត់​មាន​ពេល​ទៅដួរ​សោ​ទេ​»​។​
 
​ជាមួយគ្នានេះដែរ ម្ចាស់ផ្ទះ​បើក​ភ្លើងខៀវ​ដល់​ចោរ​ដើម្បី​ចរចា ដោយបាន​សរសេរ​បញ្ជា​ក់ថា បើសិនជា​ចោរ​ត្រូវការ​ថវិកា​សម្រាប់​ហូបបាយ អាចទាក់ទង​ទៅកាន់​គាត់​ផ្ទាល់​៕​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com