កីឡាជាតិ
ជាតិ
ការប្រកួត​អបអរ​ទិវា​អត្តពលកម្ម​ពិភពលោក និង​ផ្លាស់ប្តូរ​បទពិសោធន៍​កីឡាករ​ថយចុះ ប៉ុន្តែ​បច្ចេកទេស​កើនឡើង​
24, May 2016 , 7:39 pm        
រូបភាព
ដោយ:
​ការប្រកួត​កីឡាអត្តពលកម្ម​ដើម្បី​អបអរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​លើក​ទី​២១ ដែល​រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ខណៈ​ឆ្នាំនេះ​ចំនួន​កីឡាករ​កីឡាការិនី​ចូលរួម​មានការ​ថយចុះ​ជាង​១០០​នាក់ ប៉ុន្តែ​កម្រិត​បច្ចេកទេស​មានកា​រ​កើនឡើង​។ នេះ​បើ​យោងតាម​លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​។



​លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​បញ្ជាក់ថា ចំនួន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​កីឡាអត្តពលកម្ម​ដើម្បី​អបអរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​ឆ្នាំនេះ​មានការ​ថយចុះ​ជាង​១០០​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ដោយ​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​ចំនួន​១៨៧​នាក់ ដែល​មកពី​បណ្តា​សាលា​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ និង​ក្លិប​-​សមាគម​ចំនួន​១២ ខណៈ​ឆ្នាំមុន​មាន​រហូតដល់​ជិត​៣០០​នាក់ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​កី្ត​កម្រិត​បច្ចេកទេស​មានកា​រ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​។​

​ពាក់ព័ន្ធ​ទៅនឹង​ការថយចុះ​នៃ​ចំនួន​កីឡាករ​កីឡាការិនី​នេះ​ត្រូវបាន លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​រូបនេះ​បាន​រៀបរាប់ថា ដោយសារ​ការប្រកួត​អបអរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​ឆ្នាំនេះ វា​កៀក​ទៅនឹង​ការប្រកួត​ជើងឯក​សិស្ស​ទូទាំងប្រទេស​ពេក ព្រោះ​ការប្រកួត​ជើងឯក​សិស្ស​ទូទាំងប្រទេស​ទើបតែ​បញ្ចប់​កាលពី​ម្សិលមិញ ដូច្នេះ​វា​ធ្វើ​ឲ្យ​សាលា ក៏​ក្លិប​-​សមាគមន រៀបចំ​ឯកសារ​ក្នុងការ​បញ្ជូន​កីឡាករ​ឲ្យ​ចូលរួម​មិនទាន់​។​


​លោក​បាន​បន្ថែមទៀតថា ការប្រកួត​នេះ​មិន​ត្រឹមតែ​ដើម្បី​អបអរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​ប៉ុណ្ណោះ​ទេ លើសពីនេះ​គឺ​ដើម្បី​ឲ្យ​ក្រុម​កីឡាករ​កីឡា​រិ​នី​អត្តពលកម្ម​តាម​សាលា សមាគម​-​ក្លិប ដែល​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ប្រកួត​ផ្តាស់​ប្តូរ​បច្ចេកទេស និង​បទពិសោធន៍​ទៅវិញទៅមក ជាពិសេស​ដើម្បី​ឲ្យ​កីឡាករ​កីឡា​រិ​នី​ទាំង​នោះបាន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​។

​ជាមួយគ្នានេះ លោក ប៊ុន សុខ ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​មានប្រសាសន៍ថា ការប្រកួត​ដើម្បី​អបអរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក​នេះ គឺ​ដើម្បី​ផ្តល់ឱកាស និង​លើកកម្ពស់​កីឡាករ​កីឡាការិនី​អត្តពលកម្ម​សំដៅ​ជំរុញ​ឲ្យ​សមាជិក​សហព័ន្ធ​កីឡា​អ​ត្ព​ពលកម្ម​ទាំងអស់​បាន​ចូលរួម​បំផុស ផ្សព្វផ្សាយ និង​លើកកម្ពស់​កម្រិត​បច្ចេក​ទេស​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ម្យ៉ាងទៀត​ដើម្បី​ជួយ​លើកទឹកចិត្ត​កីឡាករ​កីឡាការិនី​ថ្នាល និង​យុវជន​ឲ្យ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ប្រកួតប្រជែង ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​កាន់តែ​រីកចម្រើន​ថែមទៀត​។


​លោក​បាន​បន្ថែមថា សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បង្កើតឡើង​ដើម្បី​ចូលរួមចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​កីឡាអត្តពលកម្ម និង​ដើម្បី​លើកទឹកចិត្ត​ក្នុងការ​អនុវត្ត​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត​ពី​កម្រិត​មូលដ្ឋាន ដល់​កម្រិត​ខ្ពស់​ឲ្យ​ស្របតាម​គោលការណ៍​កីឡាអត្តពលកម្ម​អន្តរជាតិ ព្រមទាំង​ដើម្បី​បណ្តុះបណ្តាល​មន្ត្រីរដ្ឋបាល និង​បច្ចេកទេស​ពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់​អន្តរជាតិ​។ ការធ្វើ​បែបនេះ​ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​នៅ​នឹង​តម្រូវការ​របស់​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន​ក្រោម​ជាតិ ដែលមាន​សមាគម​កីឡាអត្តពលកម្ម​ថ្នាក់​ក្រសួង ស្ថាប័ន ថ្នាក់កណ្តាល និង​អាជ្ញាធរ​រាជធានី​-​ខេត្ត ជា​សមាជិក​។    


​គួរ​បញ្ជាក់ថា ការប្រកួត​កីឡាអត្តពលកម្ម​ដើម្បី​អបអរ​ទិវា​កីឡាអត្តពលកម្ម​ពិភពលោក និង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី​តាម​សាលា ក្លិប​-​សមាគម​នេះ មាន​សាលា សមាគម​-​ក្លិប​ចំនួន​១២​ចូលរួម ដោយមាន​កីឡាករ​កីឡាករ​ចំនួន​១៨៧​នាក់​(​ស្រី​៦៧​នាក់​)​។ កីឡាករ​ទាំងនេះ​ប្រកួត​លើ​វិញ្ញាសា រត់​ចម្ងាយ​៥០​ម៉ែត្រ​(​បុរស​-​នារី​), រត់​១០០​ម៉ែត្រ​(​បុរស​-​នារី​), វិញ្ញាសា​ចោលដុំដែក​(​បុរស​-​នារី​), រត់​ចម្ងាយ​៣​គីឡូម៉ែត្រ​(​បុរស​-​នារី​), រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​(​បុរស​-​នារី​),​រត់​បណ្តាក់​១០០​ម៉ែត X ៤ (​បុរស​-​នារី​) និង​លោត​ចម្ងាយ​(​បុរស​-​នារី​)៕


Tag:
 អត្តពលកម្ម​
 ​ ទិវា​កីឡាអត្តពលកម្ម​អន្តរជាតិ​
  ​ប៉ែន វុទ្ធី​
  ​ប៉ែន វុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com