កីឡាជាតិ
ជាតិ
«ឆាយនីស-តៃប៉ិ» ជាឈ្មោះផ្លូវការរបស់ក្រុមកីឡាបាល់ទាត់នៅកោះតៃវ៉ាន់
× លោក គល់ សុផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេចក្តីជូនដំណឹងមួយដើម្បីណែនាំដល់សារព័ត៌មានទាំងអស់ឲ្យប្រើប្រាស់ឈ្មោះផ្លូវការរបស់ក្រុមពីកោះតៃវ៉ាន់ថា «ឆាយនីស-តៃប៉ិ»។ ក្រុមមួយនេះ ត្រូវប៉ះជាមួយជម្រើសជាតិកម្ពុជានៅក្នុងប្រកួត Playoff វគ្គជម្រុះជុំទីបីនៃព្រឹត្តិការណ៍ AFC Asian Cup។
សេចក្តីជូនដំណឹងរបស់លោក គល់ សុផាន់ណា អគ្គលេខាធិការ FFC នាថ្ងៃទី២៤ ខែឧសភា ផ្សព្វផ្សា យឡើងរយៈពេល៤ថ្ងៃបន្ទាប់ពីលោកទទួលបានលិខិតពីលោក Chen Wei-Jen អគ្គលេខាធិការសមា គម កីឡាបាល់ទាត់ឆាយនីស-តៃប៉ិ។ ក្នុងលិខិត លោក Chen បានប្រាប់សមភាគីរបស់ខ្លួនថា ក្រុមរបស់លោកបានចុះបញ្ជីផ្លូវការក្រោមឈ្មោះថា «Chinese Taipei» ហើយក្រោយមានការប្រឹក្សាយោបល់ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទើបមានការសម្រេចប្រែជាភាសាខ្មែរថា «ឆាយនីស តៃប៉ិ»។
លោក Chen Wei-Jen បានស្នើដល់លោក គល់ សុផាន់ណា ឲ្យណែនាំដល់សារព័ត៌មាន អ្នកបម្រើការផ្នែកទីផ្សារ និងបោះពុម្ពផ្សាយផ្សេងៗ ប្រើប្រាស់ឈ្មោះ «ឆាយនីស តៃប៉ិ» ជាផ្លូវការ។ «ឆាយនីស តៃប៉ិ» ឬ «ចិន-តៃប៉ិ» ត្រូវធ្វើជាម្ចាស់ផ្ទះទទួលកម្ពុជានៅថ្ងៃទី២ ខែមិថុនា ហើយមកលេងនៅទឹកដីកម្ពុជាវិញនាថ្ងៃទី៧ ខែមិថុនា ខាងមុខ។
កាលពីអំឡុងឆ្នាំ១៩៨០ លោក តេង ស៊ាវពីង បុរសរដ្ឋកំណែទម្រង់ចិន បានបង្កើតប្រព័ន្ធ «One country, two systems» (ប្រទេសមួយ ប្រព័ន្ធពីរ) ក្នុងគោលបំណងបង្រួបបង្រួមប្រទេសចិន។ ទោះបីមានជាមួយគោលនយោបាយចិនតែមួយក៏ដោយ (One China Policy) តែលោក តេង ស៊ាវពីង បានសម្រេចឲ្យតំបន់ស្វយ័ត ដូចជា តៃវ៉ាន់ ហុងកុង និងម៉ាកាវ អាចបង្កើតប្រព័ន្ធសេដ្ឋកិច្ច នយោបាយ វប្បធម៌ អប់រំ សេវាសង្គម និងកីឡា ដោយខ្លួនឯង។
សមាគមកីឡាបាល់ទាត់ឆាយនីស តៃប៉ិ (CTFA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៤ ដែលជាផ្នែកមួយនៃសហព័ន្ធកីឡាបាល់ទាត់ចិន។ នៅឆ្នាំ១៩៤៩ CTFA ស្ថិតក្រោមការគ្រប់គ្រងផ្តាច់មុខរបស់តៃវ៉ាន់ ប៉ុន្តែរហូតដល់ឆ្នាំ១៩៥៤ ទើបសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ទទួលស្គាល់ជាផ្លូវការក្រោមឈ្មោះថា «តៃវ៉ាន់» បន្ទាប់មក «សារធារណរដ្ឋចិន» ហើយចុងក្រោយ «ឆាយនីស តៃប៉ិ» [ប៉ុន្តែសារព័ត៌មានខ្មែរនិយមសរសេរថា «ចិន-តៃប៉ិ»៕
Tag:
បាល់ទាត់
Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com