ជាតិ
សេដ្ឋកិច្ច
ប្រាក់ខែកើនឡើងជាង៣ដង តែស្ថានភាពកម្មករកាត់ដេរនៅមិនទាន់ប្រសើរ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោក អាត់ ធន់
× ភ្នំពេញ៖ បើទោះជាប្រាក់ខែគោលរបស់កម្មកររោងចក្រកាត់ដេរកើនឡើងជាងពេលមុនដល់ទៅជាង ៣ដង ពោលគឺពីប្រាក់ខែចំនួន ៤៥ ដុល្លារកាលពីជាង១០ឆ្នាំមុន ឡើងដល់ ១៤០ ដុល្លារនាពេលបច្ចុប្បន្ន តែស្ថានភាពកម្មករនៅតែរស់ក្នុងជីវភាពមិនទាន់ប្រសើរដដែល។ មេសហជីពលោក អាត់ ធន់ អះអាងថា ប្រាក់ខែកម្មករកើនឡើងក៏ពិតមែន តែថ្លៃទំនិញក៏ឡើងយ៉ាងឆាប់រហ័ស បន្ថែមពីលើលក្ខខណ្ឌការងារមួយចំនួនដែលនៅតែមិនទាន់វិវត្តន៍បានល្អ នាំឲ្យស្ថានភាពកម្មករនៅតែលំបាក។
ស្ថានភាពកម្មកររោងចក្រកាត់ដេរ នៅតែជួបបញ្ហាលំបាកដូចពីមុន បើទោះបីជាប្រាក់ខែរបស់ពួកគាត់កើនឡើងដល់ ១៤០ ដុល្លារហើយក្តី។ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោក អាត់ ធន់ បានមើលឃើញជីវភាពកម្មករកាត់ដេរ នាពេលបច្ចុប្បន្ន ថា នៅតែមានស្ថានភាពលំបាកដូចពីកាលជាង១០ឆ្នាំមុនដដែល។ លោក ពន្យល់យ៉ាងដូច្នេះថា៖«ពីមុនប្រាក់ខែកម្មករមានចំនួនតែ ៤៥ដុល្លារ បើធ្វើការថែមម៉ោងអាចបានពី ៥០ទៅ៦០ដុល្លារ។ ទោះប្រាក់ខែប៉ុននេះ មើលទៅតិច តែទំនិញលើទីផ្សារ ក៏នៅមានតម្លៃថោកដែរ។ ត្រី សាច់ ១គីឡូក្រាមថ្លៃតែ ៧ ពាន់រៀល ឬយ៉ាងច្រើនថ្លៃ១ម៉ឺនរៀលប៉ុណ្ណឹង។ បន្ទប់ជួលតម្លៃតែ ១០ ដុល្លារប៉ុណ្ណោះ។ កម្មករម្នាក់ៗអាចផ្ញើប្រាក់ទៅផ្ទះ ៥ទៅ១០ដុល្លារក្នុង១ខែៗ»។
លោក អាត់ ធន់ អះអាងទៀតថា តម្លៃទំនិញលើទីផ្សារនាពេលសព្វថ្ងៃនេះ ឡើងថ្លៃពី២ទៅ៣ដង ដែលមិនអាចឲ្យកម្មករមានជីវភាពសមរម្យនោះទេ។ លោកបញ្ជាក់ថា ប្រាក់ខែកម្មករកាត់ដេរនាពេលបច្ចុប្បន្ន បើធ្វើការថែមម៉ោង អាចទទួលបានពី ១៨០ទៅ២០០ដុល្លារ ហើយកម្មករអាចនៅសល់ប្រាក់ខែប្រមាណ២០ទៅ៣០ដុល្លារ ដើម្បីផ្ញើទៅគ្រួសារ បើពួកគេចាយវាយដោយរឹតត្បិតនោះ។ លោកបន្ថែមថា ថវិកា២០ទៅ៣០ដុល្លារនេះ មិនច្រើនជាង៥ទៅ១០ដុល្លារនៅពេលមុនឡើយ។
បើទោះបីប្រាក់ខែកើនឡើង តែមេសហជីពរូបនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ ថា ការផ្តល់ប្រាក់ខែ ១៤០ ដុល្លារនេះនៅតែតិច ដែលបង្ខំចិត្តកម្មករត្រូវបរិភោគអាហារថោកៗ ខ្វះជីវជាតិ និងគ្មានអនាម័យ ព្រមទាំងត្រូវទ្រាំរស់នៅក្នុងបន្ទប់ជួលតូចចង្អៀតទៀតផង។
ក្រៅពីបញ្ហាជីវភាព លោក អាត់ ធន់ សង្កត់ធ្ងន់លើលក្ខខណ្ឌការងារមួយចំនួនផ្សេងទៀត ដែលនៅតែបន្តបង្កក្តីលំបាក់ដល់កម្មករកាត់ដេរ។ លោកលើកឡើងពី ការបង្ខំឲ្យធ្វើការថែមម៉ោងតាមរូបភាពផ្សេងៗ, ទីកន្លែងធ្វើការដែលផ្ទុកដោយសាធាតុគីមីជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកម្មករ។
បើទោះជាស្ថានភាពមួយចំនួនធំរបស់កម្មករបន្តជួបផលលំបាក តែលោក អាត់ ធន់ បានមើលឃើញពីភាពប្រសើរឡើងខ្លះ ដែលភាគីនិយោជកកំពុងតែអនុវត្ត ដូចជា ការអនុញ្ញាតឲ្យឈប់សម្រាក និងការបើកប្រាក់ខែបានទៀងទាត់។
គួរបញ្ជាក់ថា វិស័យវាយនភ័ណ្ណ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ដែលផ្តល់ការងារជាង៧០ម៉ឺននាក់។ ហើយវិស័យនេះ អាចរកចំណូលពីការនាំចេញក្នុងទឹកប្រាក់ប្រមាណជាង ៦ ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ កន្លងទៅនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com