ពីនេះ ពីនោះ
តើ​គ្រួសារ​ត្រូវ​ទទួលខុសត្រូវ​អ្វីខ្លះ​ចំពោះ​សង្គមជាតិ​?
26, May 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​បរិបទ​សាកលភាវូបនីយកម្ម ប្រកបដោយ​ភាពស្មុគស្មាញ សង្គម​ទាំងឡាយ​លើ​សាកលលោក បាននិងកំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ដូចជា​អំពើ​ពាលា​អាវ៉ាសែ អំពើ​អបាយមុខ បញ្ហា​គ្រឿងញៀន បញ្ហា​ក្មេង​ទំនើង បញ្ហា​សិក្សាអប់រំ បញ្ហា​សុខភាព​។​ល​។ បញ្ហា​ទាំងនេះ​ជា​បន្ទុក​ដ៏​ធ្ងន់​របស់​សមាជិក​សង្គម  ក៏​ដូច​ក្រុមគ្រួសារ ទាំងអស់​ដែល​តម្រូវឱ្យមាន​កិច្ចសហប្រតិបត្តិការ រួបរួមសាមគ្គី​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ដោះស្រាយ​។​



​គ្រួសារ​ជា​អ្នក​ជ្រើសរើស​បង្កើត​សមាជិក​សង្គម ហើយ​ទទួល​រ៉ាប់រង​ការពារ និង អប់រំ​សមាជិក​ថ្មី​នេះ​រហូតដល់​អាយុ​មនុស្សពេញវ័យ ។ ការ​មានកូន គឺជា​សមិទ្ធផល​សំខាន់​មិនអាច​កាត់ថ្លៃ​បាន និង​ការទទួលខុសត្រូវ របស់​ឪពុកម្តាយ​ទាំងឡាយ ។ ការយកចិត្តទុកដាក់​ឧបត្ថម្ភ​ផ្គត់ផ្គង់ ឱ្យបាន​គ្រប់គ្រាន់​ទាំង​សុខភាព សីលធម៌ និង​បំ​ណិ​ន​ជីវិត ទៅ​ឲ្យ​កូនៗ​នោះ​គឺជា​កាតព្វកិច្ច​របស់​ឪពុកម្ដាយ​ទាំងឡាយ ដើម្បី​កសាង​តម្លៃ​ជា​ធនធានមនុស្ស ជា​ពលរដ្ឋ​ល្អ ដែលជា​តម្រូវ​ការបស់​សង្គម​ទាំងមូល​។​

​គ្រួសារ​ជា​មជ្ឈមណ្ឌល​នៃ​សកម្មភាព​ខាង​ឧស្សាហកម្ម ខាង​ពាណិជ្ជកម្ម ខាង​សេរីភាព ទ្រទ្រង់​ជីវិតសម្ព័ន្ធ​ភាព​នៃ​សកម្មភាព​ទៀត ព្រោះ​គ្រួសារ​ជា​អ្នក​បន្ដ និង​បញ្ជូន​នូវ​ប្រពៃណី​ខាង​សាសនា នយោបាយ និង​ជា​អ្នកធានា​ភាពជឿជាក់​នៃ​ច្បាប់ទម្លាប់​ផ្សេងៗ និង​រួមចំណែក​បង្កើតបាន​ជាវ​ប្ប​ធម៌ អរិយធម៌​ជាតិ​ទាំងមូល​។ កម្រិត​នៃ​អរិយធម៌​របស់​ប្រជាជន​នីមួយៗ អាច​សម្គាល់​បាន​នៅត្រង់​ភាពរឹងមាំ នៃ​គំនិត​គ្រួសារ និង​ស្ថិតនៅលើ​ផ្នត់គំនិត​ប្រជាជន​នៃ​សង្គម​នោះ ចេះ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សុជីវធម៌ សីលធម៌ និង​គុណធម៌​របស់​គ្រួសារ ។​

​ចំពោះ​សីលធម៌​សង្គម មុខងារ​គ្រួសារ​ក៏​កាន់តែ​ជា​កត្ដា​សំខាន់​ថែមទៀត​។ ស​ញ្ចេ​ត​នា​គ្រួសារ ជម្រុញឱ្យមាន​សេចក្ដី​ក្លៀវក្លា​នូវ​កិច្ចការ​ទាំងឡាយ ពោលគឺ​ម្នាក់ៗ​ចាប់ផ្តើម​មាន​ទម្លាប់​ប្រតិ​ប​ត្ដិ​នូវ​គុណធម៌ ដំបូង​ដោយសារ​សេចក្ដីស្នេហា​ដ៏​ជ្រាលជ្រៅ​នេះឯង​។​

​គ្រួសារ​ជា​អ្នក​ផ្ដល់នូវ​ការអប់រំ​ដំបូង ដែល​គេ​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​មុនគេ​។ ព្រោះ​ការអប់រំ​ដំបូង​អាច​ផ្តល់​ទម្លាប់​ល្អ​ឬ​អាក្រក់​។ ប្រសិនបើ​ការអប់រំ​បានល្អ​ពីដំបូង នោះ​ការអប់រំ​បន្ដ​នឹង​ទៅជា​ការងាយស្រួល ប៉ុន្តែ​បើ​ការអប់រំ​ដំបូង​អាក្រក់​វិញ​ការអប់រំ​បន្ដ​មុខជា​ពិបាក​ខ្លាំងណាស់​។ ដូច្នេះ​គ្រួសារ​គឺជា​ទីកន្លែង​គំរូ​ល្អ​បំផុត សម្រាប់​អប់រំ​សីលធម៌ ចំណេះដឹង​និង​ជំនាញ​។ ហេតុនេះ ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​បំផុត ចំពោះ​សុខុមាលភាព​ក្រុមគ្រួសារ ដោយ​ជួយ​សម្រួល​ជីវភាព​រស់នៅ និង​សន្ដិសុខ​ឱ្យបាន​ល្អ ។​

​គ្រួសារ ជា​មូលដ្ឋាន​នៃ​សង្គម និង​មនុស្សជាតិ​ទាំងមូល​។ គ្រួសារ​ល្អ​នាំឱ្យ​សង្គម​ល្អ គ្រួសារ​អាក្រក់​នាំឱ្យ​សង្គម​អាក្រក់​។

​ដូច្នេះ ការ​សម្អាង​តែ​ទៅលើ​តួនាទី​អប់រំ​របស់​សាលា​និង​សង្គម ដោយ​ភ្លេច​គិតពី​តួនាទី​អប់រំ​របស់​គ្រួសារ គឺជា​កំហុស​មួយ​យ៉ាង​ធំធេង​ចំពោះ​ជោគវាសនា​អនាគត​មនុស្សជាតិ​។ ហេតុនេះ «​ទាំងអស់គ្នា​សម្រាប់​អប់រំ និង​អប់រំ​សម្រាប់​ទាំងអស់គ្នា​» គឺជា​ទស្សនៈ​ត្រឹមត្រូវ​បំផុត​។​


© រក្សាសិទ្ធិដោយ thmeythmey.com