ជាតិ
សេដ្ឋកិច្ច
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន
× កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៥កំពុងដំណើរការក្នុងរាជធានីភ្នំពេញពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ឧសភានេះ។ កិច្ចប្រជុំដែលត្រូវបានចំនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra បានចាប់ផ្តើមជាមួយនឹងវត្តមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា អូន ព័ន្ធមុនីរ័ត្ន។
តំណាងស្ថាប័នគយនៃប្រទេសអាស៊ានបានមកជួបជុំគ្នារយៈពេល៣ថ្ងៃនៅក្នុងរាជធានីភ្នំពេញដើម្បីចូលរួមក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៥ ដែលដឹកនាំដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្រៅពីតំណាងស្ថាប័នគយនៃប្រទេសសមាជិកអាស៊ាន ក៏មានវត្តមាននៃក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អាមេរិក, ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប, បញ្ញើររហ័សអាស៊ី-ប៉ាស៊ីហ្វិក និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
គោលបំណងចំបង នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍគយនិងការងារសមាហរណកម្មគយអាស៊ានរបស់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មនិងនីតិវិធីគយ, ក្រុមការងារអនុវត្តច្បាប់គយនិងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំអន្តរជាតិនេះ រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ចកម្ពុជាលោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីជោគជ័យរបស់ប្រទេសអាស៊ាន ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្មនិងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។ លោករដ្ឋមន្ត្រីដដែលក៏បានគូសបញ្ជាក់ថា ចាប់ពីការបង្កើតសមាគមអាស៊ាននៅឆ្នាំ ១៩៦៧ រហូតដល់ការបង្កើតជា សហគមសេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ ប្រទេសអាស៊ានបានប្រែក្លាយខ្លួនជាតំបន់សេដ្ឋកិច្ច ដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ជាមួយនឹងកំណើនផលិតផលក្នុងស្រុក (GDP) ពី ១៣០០ ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ ២០០៧ ទៅដល់ ២៦០០ ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ ២០១៤ ដែលក្លាយជាតំបន់សេដ្ឋកិច្ចធំបំផុតទី៧ ក្នុងសកលលោក។
«កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងភាពជោគជ័យរបស់អាស៊ាននេះ ។ ជាក់ស្តែងបើយោងតាមការព្យាករណ៍នាពេលថ្មីនេះរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំឆ្នាំ ២០១៦ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់រយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់ ប្រទេសកម្ពុជានឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីរបស់អាស៊ី»។ នេះជាការគូសបញ្ជាក់របស់លោកអូន ព័ន្ធមុនីរ័ត្ន។
សូមបញ្ជាក់ថាកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនិងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី១៥ នៅក្រុងសៀមរាប ឆ្នាំ២០០៦៕
Tag:
គយអាស៊ាន
គយកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com