ពីនេះ ពីនោះ
យុវជន​ខ្មែរ​៖ មាន​ស្មារតី​ស្នេហា​ជាតិ តែ​ស្មារតី​ផ្សះផ្សា​ជាតិ​នៅ​មិនទាន់​រឹងមាំ​!
27, May 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ និន្នាការ​យុវជន ក្នុង​សកម្មភាព​គាំទ្រ​គោលនយោបាយ​របស់​បក្ស​នយោបាយ​ណាមួយ​គឺជា​ជំហរ​វិជ្ជមាន​មួយ​របស់​យុវជន​។ ប៉ុន្តែ យុវជន និង​កាន់តែ​បន្ត​ឲ្យ​ស្មារតី​ផ្សះផ្សា​ជាតិ​កាន់តែ​ឃ្លាត់​ឆ្ងាយ ប្រសិនបើ​យុវជន​នៅតែ​នាំគ្នា​ប្រកាន់​ជំហរ​បែប​ជ្រុលនិយម ហើយ​យល់ថា គ្មាន​ភាគី​នយោបាយ​ណា​ល្អ​ជាង​ក្រុម​ខ្លួន​។



​ជា​ទស្សនៈ​ដឹកនាំ​សង្គម​របស់​អ្នកប្រាជ្ញ​ខាង​ដឹកនាំ​រដ្ឋ គេ​បាន​លើកឡើងថា​៖ “​ការអះអាង​ទាមទារ យកគុណ​សម្បត្តិ​តែឯង ឬ​ក្រុម​របស់ខ្លួន​តែឯង គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការបែកបាក់​ជាតិ​»​។ ទង្វើ និង​ការគិត​បែបនេះហើយ ដែល​កន្លងទៅ មិន​ថា​សង្គមជាតិ​ណា​នោះទេ គឺ​តែងតែ បាត់បង់​ស្មារតី​បង្រួបបង្រួម​ជាតិ ស្មារតី​រស់នៅ​ក្នុងសង្គម​មួយ​ក្នុងនាម​ជា​បង​ជា​ប្អូន ជា​ពូជសាសន៍​តែមួយ បាត់បង់​ស្មារតី​ស្វែងរក​ហេតុ​និង​ផល បាត់បង់​គោលការណ៍​កណ្ដាល​និយម បាត់បង់​ការគោរព និង​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក រហូតដល់​ការបាត់បង់​ទំនុក​ទុកចិត្ត​ចំពោះ​គ្នា​និង​គ្នា​។

​យ៉ាងណាមិញ វា​ពិតជា​ពិបាក​ក្នុងការ​ផ្សះផ្សា​ជាតិ​ខ្លាំងណាស់ នៅពេលដែល​បុគ្គល​គ្រប់រូប បង្កើត​ការគិត​អវិជ្ជមាន បង្កើត​នូវ​ការសង្ស័យ ការ​ស្មាន និង​វាយតម្លៃ​គ្នា ដែល​គ្មានអ្វី​ជា​មូលដ្ឋាន​ច្បាស់លាស់​។ ប៉ុន្តែ​កិច្ច​ដ៏​ចាស់​ដដែល គឺ​ការជជែក​ទល់មុខ ដោយ​ភាពស្មោះត្រង់ ដោយ​ការផ្ដល់​តម្លៃ និង​គោរព​គ្នា​ទៅវិញទៅមក ទើប​ជា​មូលដ្ឋាន​នាំទៅដល់​ស្មារតី​ជ្រោង​ជាតិ​ឲ្យ​ខ្លាំងក្លា​បាន​នឹង​រឹងមាំ​។​

​មែនទែនទៅ វា​គឺជា​ការពិតហើយ ដែល​បក្ស​នីមួយៗ​តែងតែមាន​គោលនយោបាយ​ដើម្បី​កែប្រែ និង​ផ្លាស់ប្ដូរ​របៀប​រស់នៅរ​បស់​មនុស្សជាតិ និង​សម្រួល​ដល់​ការរស់នៅ​របស់​ភាវៈ​សង្គម​គ្រប់រូប​។ ក្នុងនោះ​បក្ស​កាន់អំណាច ដឹកនាំ​អនុវត្ត​គោលនយោបាយ ដែល​បាន​សន្យា​ចំពោះមុខ​រាស្ត្រ​មុន​បាន​សំឡេងគាំទ្រ​ឲ្យ​កាន់​ស្ថាន​ប័ន​ដឹកនាំ​រដ្ឋ​។ ចំណែក​បក្ស​មិន​កាន់អំណាច បន្ត​តាមដាន​មើល​ការអនុវត្តន៍ ការដឹកនាំ ផ្តល់យោបល់ រិះគន់​ស្ថាបនា បែប​វិជ្ជមាន​ដើម្បី​សង្គមជាតិ និង​ប្រជាពលរដ្ឋ ពីព្រោះ​បក្ស​កាន់អំណាច ឬ​បក្ស​មិន​កាន់អំណាច វា​ជា​ការវិល​ទៅ​វិល​មក តាម​ការសម្រេចចិត្តរ​បស់​រាស្ត្រ ទាំងនេះ​គឺជា​គម្រូ​ល្អ​មួយ​ក្នុង​នយោបាយ​។​

​ហេតុនេះហើយ រហូតមកដល់​ពេលនេះ យុវជន ប្រសិនបើ​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​ក្នុងនាម​ជា​យុវជន​ស្អាតស្អំ យុវជន​មាន​មាគ៌ា​កណ្ដាល​និយម ប្រកាន់​ជំហរ​ហេតុ​និង​ផល ឃើញ​ខុស​ថា​ខុស ឃើញ​ត្រូវ គួរតែ​នាំគ្នា​ទប់ចិត្ត​ខ្លួនឯង​ឲ្យ​បាន​នូវ​ចេតនា​ជ្រុលនិយម​។ តែ​ត្រូវ​ចាប់ផ្ដើម​ឡើងវិញ​ក្នុង​បេសកកម្ម​បណ្ដុះ​ស្មារតី​ជាតិ ស្មារតី​សាសនា ស្មារតី​គ្រួសារ ដោយ​ការព្យាយាម​អំណត់​អត់ធ្មត់ ចូលរួមចំណែក​រៀបចំ​សង្គម ផ្សះផ្សា​ជាតិ ខ្មែរ​តែមួយ មិន​គុំកួន​សងសឹក ចាត់ទុក​មនុស្ស​ខ្មែរ​គឺជា​សាច់សាលោហិត​តែមួយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com