ជាតិ
លោក គួច ម៉េង​លី ប្រាប់​ពី “​គន្លឹះ​ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​” ដល់​សហគ្រិន​វ័យក្មេង​
26, May 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​សប្តាហ៍​កន្លងទៅ​នេះ ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន បាន​បើក​សិក្ខាសាលា​ស្តី អំពី “​គន្លឹះ​ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​” ជូន​ដល់​សហគ្រិន​វ័យក្មេង ដែល​មកពី​បណ្តា ក្រុមហ៊ុន និង​អាជីវកម្ម​ផ្សេងៗ សរុប​ជាង​២០០​នាក់ នៅ​សាលប្រជុំ សូវ ហុង​គុយ អគារ​សាលារៀន អន្តរទ្វីប អាមេរិកាំង​។ សិក្ខាសាលា​នេះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ដោយ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន​។ 

 


​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានឱ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា គោលបំណង​ដែល រៀបចំ​ឱ្យមាន​សិក្ខាសាលា​នេះ​ឡើង​គឺ ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដែល លោក​ឧកញ៉ា បាន​ឆ្លងកាត់​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន ដែលមាន​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ប្រកបដោយ​ភាពជោគជ័យ ទៅកាន់​សហគ្រិន​វ័យក្មេង​ដែល​កំពុង ប្រឡូក​ក្នុង​អាជីវកម្ម និង​ត្រូវការ​ជា​ចាំបាច់​នូវ​ព័ត៌មាន​អាជីវកម្ម​ដើម្បី​ដឹកនាំ​អាជីវកម្ម​របស់​ពួកគេ​ឱ្យទទួល បាន​នូវ​ភាពជោគជ័យ​។​

​លោក​ឧកញ៉ា​បាន​មានប្រសាសន៍ថា អ្នកណា​អ្នកណា​ក៏មាន​ឱកាស​ធ្វើជា​សហគ្រិន​បានដែរ ឱ្យតែ​ពួកគេ​មាន​ឆន្ទៈ​ក្នុងការ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​។ ការបង្កើត​អាជីវកម្ម ជាដំបូង​ត្រូវ​គិត​ទៅលើ កត្តា​ចម្បងៗ​មួយចំនួន​ដូចជា ទីតាំង ដើមទុន ឱកាស ជំនាញ ធនធានមនុស្ស ព័ត៌មាន​ជុំវិញ​អាជីវកម្ម ដែល​អ្នកនឹង​បង្កើត ផែនការអាជីវកម្ម ផែនការ​ទីផ្សារ និង​ភាព​ប៉ិនប្រសប់​នៃ​ការដឹកនាំ​។

​ការបង្កើត អាជីវកម្ម​មួយ​ទៅបាន គឺ​មិនមែន​ទាល់តែ​អ្នកមាន​ប្រាក់​ច្រើន ហើយក៏​មិនត្រូវ​ចាំ​រហូតដល់​អ្នក​សន្សំ​ប្រាក់ គ្រប់គ្រាន់​នោះដែរ លោកអ្នក​អាច​ចាប់ផ្តើម​អាជីវកម្ម​ពី​ខ្នាតតូចៗ ហើយ​ពង្រីក​ឱ្យ​ធំ​តាម​លទ្ធភាព​ដែល អាចធ្វើ​បាន​។ សហគ្រិន​ត្រូវតែ​ដឹង​អំពី​គន្លឹះ​ដែលនាំឱ្យ​ក្រុមហ៊ុន​ជោគជ័យ និង​បញ្ហា​ដែល​អាច​នឹង ធ្វើឱ្យ​ក្រុមហ៊ុន​បរាជ័យ​ផងដែរ​។ ដើម្បីឱ្យ​ក្រុមហ៊ុន​ជោគជ័យ និង​មាន​និរន្តរភាព សហគ្រិន​ត្រូវ​គិត​ទៅ លើក​ត្តា​៥​សំខាន់​គឺ ពេលវេលា ក្រុមការងារ គំនិត​យោបល់ គំរូ​អាជីវកម្ម និង​ប្រភព​នៃ​ដើមទុន​។



​ជាមួយគ្នានេះ សហគ្រិន​ត្រូវមាន​ប្រព័ន្ធគ្រប់គ្រង​ច្បាស់លាស់ ផ្តោត​សំខាន់​លើ​គុណភាព​ការងារ បង្កើត​ដំណើរការ​អាជីវកម្ម​ឱ្យមាន​ប្រសិទ្ធភាព បណ្តុះបណ្តាល​បុគ្គលិក​ឱ្យ​យល់​ការងារ ជ្រើសរើស បុគ្គលិក​ត្រឹមត្រូវ​(​បុគ្គលិក​៥ ធ្វើការ​បាន​១០) ដាក់​បុគ្គលិក​ឱ្យ​ត្រូវ​ជំនាញ​ការងារ និង​ផ្តល់​សិទ្ធិអំណាច ដល់​បុគ្គលិក​របស់​អ្នក​ដើម្បី​ធ្វើឱ្យ​ការសម្រេចចិត្ត​លើ​ការងារ​ជាដើម​។ ជាមួយគ្នានេះ​ផងដែរ ដើម្បីឱ្យ អាជីវកម្ម​មាន​និរន្តរភាព សហគ្រិន​មិនត្រូវ​មើលរំលង​លើ​ការងារ​គ្រប់គ្រង​ហានិភ័យ និង​ការគ្រប់គ្រង ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ឱ្យមាន​ប្រសិទ្ធភាព​ឡើយ​។​

​លោក​ឧកញ៉ា បាន​បន្ថែមទៀតថា ចំណុច​សំខាន់​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ គឺ​ត្រូវ​ឆ្លងកាត់ ៥​ដំណាក់​កាលដែល​រួមមាន ការរៀបចំ​ផែនការ អនុវត្ត​ផែនការ តាមដាន​ការអនុវត្ត​ផែនការ កែតម្រូវ​ចំណុច​ខ្វះខាត និង​អនុវត្ត​ឡើងវិញ​។​

​លោក​ឧកញ៉ា ក៏បាន​ផ្តាំផ្ញើ​ដែរ​ថា ដើម្បីឱ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​បរិបទ​ប្រទេស កម្ពុជា​បច្ចុប្បន្ន យុវជន​ក៏ដូចជា​សហគ្រិន​វ័យក្មេង​ទាំងអស់​គប្បី​សង្វាត​សិក្សា​នូវ​៥​ភាសា​សំខាន់ៗ​ដូចជា ភាសា​កំណើត​(​ភាសា​ខ្មែរ​) ភាសា​សាកល​(​បច្ចុប្បន្ន​ភាសា​អង់គ្លេស​) ភាសា​បច្ចេកវិទ្យា​(​កុំព្យូទ័រ​...) ភាសា ឯកទេស​ផ្ទាល់ខ្លួន​(​មុខជំនាញ​សិក្សា​) ភាសា​ការទូត​/​ភាសា​ទំនាក់ទំនង​សាធារណៈ ភាសា​កាយវិការ និង​ភាសា​អាស៊ាន​(​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ របៀបរបប​រស់នៅ និង​សេដ្ឋកិច្ច របស់​មិត្ត សហគម​អាស៊ាន​យើង​) ដែល​ចំណេះដឹង​ទាំងនេះ​ជា​ស្ពាន​នាំ​លោកអ្នក​ឱ្យក្លាយ​ទៅជា​មនុស្ស លេចធ្លោ​នៅក្នុង​អាជីព និង​ជា​អ្នកដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។  

​ជា​ចុងក្រោយ​សិក្ខាសាលា ត្រូវបាន​បិទ​បញ្ចប់​ដោយ​ភាពជោគជ័យ និង​ប្រកបដោយ​ភាព​រីករាយ ដោយ​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ដែល ជា​ទុន​សម្រាប់​ពួកគេ​យកទៅអនុវត្ត​សម្រាប់​ការងារ​គ្រប់គ្រង​អាជីវកម្ម ឱ្យ​កាន់​តែមាន​ភាពប្រសើរ ឡើង​ថែមទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com