ជាតិ
សេវាកម្ម​ផ្លូវអាកាស កម្ពុជា​-​ជប៉ុន នឹង​ចាប់ដំណើរការ​នៅ​ខែកញ្ញា​ខាងមុខ​
26, May 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ជួប​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក យូ​ជី គូ​ម៉ា​ម៉ា​រូ នៅ​ព្រឹក​នេះ ដើម្បី​ផ្លាស់ប្តូរ​កំណត់​ទូត​ស្តីពី​កិច្ចព្រមព្រៀង​កម្ពុជា​-​ជប៉ុន សម្រាប់​សេវាកម្ម​ផ្លូវអាកាស​។​



​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ ស​ន្ទ​រី ដែល​បាន​ស្រង់​សម្ដី​ផ្លូវការ​ក្នុងជំនួប​នោះ បាន​ឲ្យ​ដឹងថា សេវាកម្ម​ផ្លូវអាកាស​រវាង​កម្ពុជា​-​ជប៉ុន បានដាក់​បញ្ចូល​ជា​ធរមាន​ហើយ ដោយ​ភាគី​ទាំងពីរ សម្រេច​ដាក់​ដំណើរការ​ជើងហោះហើរ​ត្រង់ ចាប់ពី​ថ្ងៃទី​០១ កញ្ញា​ខាងមុខនេះ​។​

​ជាមួយគ្នានេះ ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចព្រមព្រៀង សេវាកម្ម​ផ្លូវអាកាស ដែល​បាន​ចូល​ជា​ធរមាន​នេះ ជាការ​ពង្រឹង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ដែល​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។ នេះ​បើតាម​លោក ជុំ ស​ន្ទ​រី​។​

​គួរ​បញ្ជាក់ថា ការផ្លាស់ប្តូរ​កំណត់​ទូត​នេះ គឺ​បញ្ជាក់​ពី​ការចូល​ជា​ធរមាន​កិច្ចព្រមព្រៀង​ស្តីពី​សេវាកម្ម​ផ្លូវអាកាស ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៥ កន្លងទៅ​៕


Tag:
 ផ្លូវអាកាស​
 ​ កម្ពុជា​-​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com