អន្តរជាតិ
ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ប្តេជ្ញា​ដណ្តើម Crimea និង​ទឹកដី​ភាគ​ខាងកើត​មកកាន់​កាប់​វិញ​
26, May 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
 សំណុំរឿង Crimea  និង​ទឹកដី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ក្លាយជា​ប្រធានបទ​ក្តៅ​ជាថ្មីទៀត  ដោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko ប្រកាសថា​នឹង​ដណ្តើម​ទឹកដី​ទាំងនោះ​ត្រលប់​មកវិញ​។ ការប្រកាស​នេះ​ធ្វើឡើង ក្រោយពេល​លោកខាងលិច​សរសើរ​រុស្ស៊ី​ដែល​ដោះលែង​អ្នកបើក​យន្តហោះ​អ៊ុយ​ក្រែ​ន​ម្នាក់​ដែល​ជាប់ចោទ​ក្នុងករណី​ឃាតកម្ម​អ្នកកាសែត​រុស្ស៊ី​នៅ​ព្រំដែន​កាលពី​ឆ្នាំ​២០១៤ ។



សូមស្ដាប់ព័ត៌មានលម្អិត៖



​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Poroshenko បាន​ប្តេជ្ញា​ថា​នឹង​ដណ្តើមយក​ទឹកដី Crimea ពី​រុស្ស៊ី និង​ទឹកដី​ភាគ​ខាង​កើតមាន Donetsk និង​Lugansk ពី​ក្រុម​ឧទ្ទាម​វិញ​កាលពី​ថ្ងៃ ២៥ ខែឧសភា​ម្សិលមិញ​ក្នុងជំនួប​ជាមួយ​អ្នកបើក​យន្តហោះ​អ៊ុយ​ក្រែ​ន Nadiya Savchenko ដែល​ទើប​រុស្ស៊ី​ដោះលែង​ឲ្យ​មាន​សេរីភាព​។​

​អ្នកបើក​យន្តហោះ​ភេទ​ស្រី Nadiya Savchenko នេះ​ត្រូវបាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ផ្តល់​មេដាយ​កិត្តិយស​កម្រិត​ខ្ពស់បំផុត​មួយ​បន្ទាប់ពី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផ្តល់​ការលើកលែងទោស​កាលពី​ថ្មីៗ​នេះ​។ នាង​ត្រូវបាន​តុលាការ​រុស្ស៊ី​កាត់ទោស​ដោយសារ​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​រុស្ស៊ី​ពីរ​នាក់​និង​លួច​ឆ្លងដែន​ខុសច្បាប់​ក្នុង​ខែមិថុនា​ឆ្នាំ ២០១៤ ។ ការដោះលែង​ជនជាតិ​អ៊ុយ​ក្រែ​ន​នេះ​ធ្វើ​ឡើងជា​ថ្នូរ​ការដោះលែង​អ្នកសារព័ត៌មាន​រុស្ស៊ី​ពីរ​នាក់​ដែល​អ៊ុយ​ក្រែ​ន​បាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា​មានបំណង​បង្កើត​ចលនា​ភេរវកម្ម​។​

 ក្នុងពេល​បំពាក់​មេដាយ​កិត្តិយស​ថ្នាក់​ខ្ពស់បំផុត​ឲ្យ​អ្នកបើក​យន្តហោះ​ជនជាតិ​អ៊ុយ​ក្រែ​ន​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ថ្លែងថា​៖« ដូចដែល​យើង​បាន​នាំ Nadiya​ត្រលប់​មកវិញ យើង​ក៏​នឹង​នាំ​ទឹកដី Donbass និង​ទឹកដី Crimea មក​ដាក់​ក្រោម​ការគ្រប់គ្រង​របស់​អ៊ុយ​ក្រែ​ន​វិញ​»​។​

​ចំណែក​ភាគី​រុស្ស៊ី​វិញ បាន​ចាត់ទុកថា ការផ្លាស់ប្តូរ​ការដោះលែង​ប្រជាជន​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ស្ថិតនៅក្រោម​គោលការណ៍​មនុស្សធម៌ ។ ក្រោយ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចេញ​ក្រឹត្យ​ដោះលែង​ប្រជាជន​អ៊ុយ​ក្រែ​ន​នេះ លោក​ក៏បាន​ពន្យល់​ផងដែរ​ថា លោក​រំពឹងថា ការសម្រេចចិត្ត​នេះ​នឹង​បន្ថយ​ការប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​នៅ​តំបន់​ជម្លោះ​ភាគ​ខាងកើត​។​

​ទោះបីជា អ៊ុយ​ក្រែ​ន​មិនបាន​សរសើរ និង​បង្ហាញ​ឥរិយាបទ​វិជ្ជមាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​រុស្ស៊ី​ក្តី បណ្តា​ប្រទេស​លោកខាងលិច​ជាពិសេស​ភាគី​ដែល​រៀបចំ​កិច្ចព្រមព្រៀង​សន្តិភាព Minsk បាន​សាទរ រុស្ស៊ី​។ ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​,  រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Frank-Walter Steinmeier , រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini និង​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Thorbjorn Jagland បាន​លើកឡើងថា សកម្មភាព​រុស្ស៊ី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ថ្មី​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​កំពុង​ស្ថិតនៅ​ជា​ធរមាន ហើយ​វា​នឹង​នាំមក​នូវ​ការកសាង​ទំនុកចិត្ត​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ផង​។ រីឯ​ភាគី​ផ្សេងទៀត​មាន​អាមេរិក​និង​អ៊ីតាលី​ក៏បាន​ស្វាគមន៍​ការដោះលែង​អ្នកទោស​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​នេះ ហើយក៏​រំពឹងថា​វា​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការបញ្ចប់​ការប្រយុទ្ធ​ពេញលេញ​មួយ​។

​សូមបញ្ជាក់ថា​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតមានឡើង​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៤ ក្រោយ​ពេលដែល​ក្រុមគាំទ្រ​សហភាព​អឺរ៉ុប​នាំគ្នា​បាតុកម្ម​បង្ខំ​ឲ្យ​ប្រធានាធិបតី​ដែលមាន​និន្នាការ​ទៅរក​រដ្ឋាភិបាល​ក្រេ​ម​ឡាំង Victor Yanukovych​ឲ្យ​ចុះ​ចេញពី​តំណែង​។ ហើយ​ក្រោយមក​មានការ​រៀបចំ​ប្រជាមតិ​ប្រកាស​ផ្តាច់​ខ្លូន​នៅ Crimea ខែមីនា និង​មាន​ការបើក​យុទ្ធនាការ​យោធា​កម្ចាត់​ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ខែមេសា​ជា​បន្តបន្ទាប់​។  ប៉ុន្តែ​ក្រោយមក​ដោយមាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​ប្រទេស​ពាក់ព័ន្ធ​មាន អាល្លឺម៉ង់ បារាំង រុស្ស៊ី​ជាដើម​នោះ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk  ទី​២ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ ២០១៥ ។ កិច្ចព្រមព្រៀង​នេះ​មានតម្លៃ​ខ្លាំង ប៉ុន្តែ​បញ្ហា​នៅត្រង់​ការអនុវត្ត​។ វា​មាន​គោលដៅ​សំខាន់​ជំរុញ​ការបញ្ចប់​ការប្រយុទ្ធ​គ្នា​ពេញលេញ​ដោយ​ដក​អាវុធ​ចេញពី​តំបន់​ជម្លោះ បង្កើត​តំបន់​គ្មាន​យោធា មានការ​ដោះលែង​អ្នកទោស និង​បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​នៅក្នុង​តំបន់​ដែលមាន​ជម្លោះ និង​រៀបចំ​ការកែទម្រង់​រដ្ឋ​ធម្ម​នុ​ញ្ញា កែប្រែ​ស្ថាប័ន​នយោបាយ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាដើម​។ ប៉ុន្តែ ការរៀបចំ​កំណែទម្រង់​ហាក់បីដូចជា​យឺតយ៉ាវ ដោយសារ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បារម្ភ​និង​មិនសូវមាន​ឆន្ទៈ​ចង់​អនុវត្ត​៕


© រក្សាសិទ្ធិដោយ thmeythmey.com