ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង៖ បើចាប់ខ្លួន​ឯកឧត្តម កឹម​ សុខា អាចមានអ្នកគាំទ្រ​មកពីតាមខេត្ត
26, May 2016 , 4:51 pm        
រូបភាព
ដោយ:
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានព្រលយសម្តីថា ប្រសិនបើ​មានការចាប់ខ្លួមឯកឧត្តម កឹម សុខា ពិតមែននោះ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្តអាច​នឹង​ឡើង​មកភ្នំពេញ។



លោក អេង ឆៃអ៊ាង ដែលកំពុងឃ្លាំមើលស្ថានការណ៍នៅស្នាក់​ការគណបក្ស​សង្គ្រោះជាតិ បានប្រាប់​សារព័ត៌មាន​ថ្មីៗថា ពេលនេះប្រធានស្តី​ទីគណបក្សសង្គ្រោះជាតិ​ឯកឧត្តម កឹម សុខា កំពុងតែស្ថិតនៅក្នុងទី​សុវត្ថិភាព​មួយកន្លែងក្នុង​ប្រទេស​កម្ពុជា​​ ដោយ​លោក​បដិសេធ​មិនប្រាប់ទីកន្លែងណាមួយ​ឲ្យ​ពិត​ប្រាកដទេ។ មន្រ្តីរូបនេះ បង្ហើប​ថា ប្រសិន​បើសមត្ថកិច្ចចាប់ខ្លួន​ឯកឧត្តម កឹម សុខា អ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិនៅតាមខេត្តអាចនឹងនាំគ្នាមកភ្នំពេញ។« គណបក្ស​សង្គ្រោះជាតិ មាន​អ្នកគាំទ្រកន្លះប្រទេស​ដែរតើ។ បើមានការចាប់ខ្លួនឯកឧត្តម  កឹម សុខា ច្បាស់ជាអាចមាន​អ្នកគាំទ្រនៅតាមខេត្ត ឡើង​មកភ្នំពេញ ដើម្បីសម្តែង​ការ​មិន​ពេញ​ចិត្ត និងផ្តល់​កម្លាំងចិត្ត​ដល់​ឯកឧត្តម កឹម សុខា»។ នេះជាការបញ្ជាក់របស់លោក អេង ឆៃអ៊ាង។

តែយ៉ាងណាក្តី មន្រ្តីជាន់ខ្ពស់ខាងលើ អះអាងថា គណបក្សសង្គ្រោះជាតិមិនមានគោលការណ៍ណាមួយអំពាវនាវឲ្យ​អ្នកគាំទ្រឡើង​មក​ភ្នំពេញនោះ​ទេ តែវាជាសិទ្ធិរបស់អ្នកគាំទ្រ។ ហើយលោក ឆៃអ៊ាង ក៏មិន​អត្ថាធិប្បាយថា អាច​នឹង​មានបាតុកម្មកើតឡើងដែរ បើអ្នកគាំទ្រតាមខេត្តឡើងមកភ្នំពេញនោះ ដោយលោក​គ្រាន់តែបញ្ជាក់បែបនេះថា៖ « យើងប្រកាន់​ជំហរអហិង្សា និងដោះស្រាយបញ្ហាដោយសន្តិវិធី​»។

កាលពីវេលាថ្ងៃជិតត្រង់ នៅថ្ងៃទី ២៦ ខែឧសភានេះ សមត្ថកិច្ចប្រដាប់ដោយអាវុធ បានឃាត់រថយន្ត ឯកឧត្តម​ កឹម សុខា តែនៅក្នុងរថយន្តនោះ មិនមានប្រធាន​ស្តីទីគណបក្សសង្គ្រោះជាតិនោះទេ ពោលគឺមានតែភរិយាឯកឧត្តម កឹម សុខា ប៉ុណ្ណោះ។ លោក អេង ឆៃអ៊ាង បានចាត់ទុក​ទង្វើ​របស់អាជ្ញាធរថា មានបំណងចាប់ឯកឧត្តម កឹម សុខា ដែលរំលោភនឹងច្បាប់រដ្ឋធម្មនុញ្ញ៕


Tag:
 កឹម សុខា
  អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com