អន្តរជាតិ
UN ព្រួយបារម្ភ​ចំពោះ​ភាព​តានតឹង​នយោបាយ​មុន​ការបោះឆ្នោត​នៅ​កុង​ហ្គោ​
26, May 2016 , 9:59 pm        
រូបភាព
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គី​មូ​ន បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​របាយការណ៍​នៃ​ការកើនឡើង​កម្ដៅ​នយោបាយ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ ភាព​តានតឹង​នេះ នឹងធ្វើ​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដែល​គ្រោង​ធ្វើ​ចុងឆ្នាំ​នេះ កាន់តែ​ស្រពិចស្រពិល​។​



​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​២៥ ខែឧសភា លោក បាន គី​មូ​ន បានបញ្ជាក់​ពី​ការ​ខ្វល់ខ្វាយ​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែលមាន​សភាព​តានតឹង​ខ្លាំង ក្រោយ​សកម្មជន​កុង​ហ្គោ​បីនាក់ ដែល​ចូលរួម​ក្នុង​ការតវ៉ា​ទាមទារ​ឲ្យ​ប្រធានាធិបតី Joseph Kabila ចាក​ចេញពី​តំណែង ត្រូវបាន​កាត់ទោស​ជាប់គុក​មួយឆ្នាំ​។ ស្ថានភាព​បែបនេះ នឹង​ប៉ះពាល់​ដល់​ការបោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ចុង​ឆ្នាំនេះ​។ 

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Farhan Haq និយាយ​ក្នុង​សេចក្ដី​ប្រកាសថា លោក​អគ្គលេខាធិការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​ភាព​តានតឹង​នយោបាយ​នៅ​កុង​ហ្គោ ដែល​ពាក់ព័ន្ធ​នឹង​ភាពមិនច្បាស់លាស់​នៃ​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​។ លោក Haq បន្តថា លោក បាន គី​មូ​ន បានស្នើ​ឲ្យ​មានការ​គោរព​គោលការណ៍​សិទ្ធិ​និង​សេរីភាព ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កុង​ហ្គោ​។ លោក​ក៏​ស្នើ​ឲ្យ​ភាគី​ទាំងអស់​បញ្ចេញមតិ​ដោយ​អហិង្សា ជាពិសេស​បាតុកម្ម​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៦ ខែឧសភា​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី​ចប់​អាណត្តិ Joseph Kabila បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នក​រិះគន់​រូបលោក​ជាច្រើន​នាក់​តាំងពី​ឆ្នាំមុន​មក​។ អង្គការសហប្រជាជាតិ​និង​អង្គការសិទ្ធិមនុស្ស ហៅ​ការចាប់ខ្លួន​នេះ​ថា ជាការ​បង្ក្រាប​លើ​អ្នកនយោបាយ​ប្រឆាំង នៅមុន​ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា ឆ្នាំនេះ​។​

​លោក Joseph Kabila កាន់តំណែង​ប្រធានាធិបតី​ពីរ​អាណត្តិ​មកហើយ ដូចនេះ​លោក​មិនអាច​ឈរឈ្មោះ​បន្ត​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​បានទេ​។ ប៉ុន្តែ​ក្រុម​អ្នកប្រឆាំង​បាន​ចោទ​លោក​ថា ព្យាយាម​រារាំង​ដំណើរការ​បោះឆ្នោត​ដើម្បី​រក្សា​អំណាច​។ នេះ​ក៏​ដោយសារតែ កាលពី​សប្ដាហ៍​មុន តុលាការ​កំពូល​កុង​ហ្គោ​សម្រេច​ថា លោក Joseph Kabila អាច​បន្ត​កាន់តំណែង ប្រសិនបើ​មិនមាន​ការបោះឆ្នោត​ណាមួយ​នៅ​ចុង​អាណត្តិ​របស់លោក​។​

​ជាមួយគ្នានេះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​ក្រុង​គីន​សា​សា​ក៏​និយាយ​ដែរ​ថា ខ្លួន​ទំនងជា​មិនអាច​រៀបចំ​ការបោះឆ្នោត​តាម​ការកំណត់​បានទេ ព្រោះ​មាន​បញ្ហា​ដឹកជញ្ជូន និង​កង្វះ​ថវិកា​រៀបចំ​។ លើសពីនេះ រដ្ឋាភិបាល​កុង​ហ្គោ​ក៏​បដិសេធថា រាល់​ការចាប់ខ្លួន​ទាំងអស់​មិនមែន​ដោយសារ​នយោបាយ​ទេ​។  

​សូម​រម្លឹក​ដែរ​ថា តាំងពី​បាន​ឯករាជ្យ​ពី​បែលហ្ស៊ិក​មក សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មិនមាន​ការផ្ទេរអំណាច​ដោយ​សន្តិវិធី​ទេ​។ ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ​ធ្លាប់​ស្ថិត​ការគ្រប់គ្រង​របស់លោក Mobutu Sese Seko អស់​ពេល​ជាច្រើន​ទសវត្សរ៍ ហើយ​ចាប់ពីពេលនោះ​មក តំបន់​កុង​ហ្គោ​ភាគ​ខាងកើត ជួបប្រទះ​ភ្លើងសង្គ្រាម​និង​អស្ថិរភាព​៕   


Tag:
 UN
 ​ កុង​ហ្គោ​
 ​ អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com