ជាតិ
​ព្រឹត្តិការណ៍​វប្បធម៌ និង​អប់រំ​ដែល​រៀបចំ​រួមគ្នា​ដោយ​ស្ថានទូត​បារាំង​និង​អាល្លឺម៉ង់​
27, May 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ លោក ហ្ស​ង់​-​ក្លូដ ពាំ​បឹ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោកស្រី ដា​នី​ញែ​ឡា ឌឹ​ម ភារធារី​ស្ថានទូត​អាល្លឺម៉ង់ បាន​ចូលរួម​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ នូវ​ការរៀបចំ​កម្រង​ព្រឹត្តិការណ៍​វប្បធម៌​និង​អប់រំ ដើម្បី​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​វប្បធម៌ និង​ការអប់រំ​នៅក្នុង​ការផ្សះផ្សារ និង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រជាជន​បារាំង​-​អាល្លឺម៉ង់​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង និង​ភ្ញៀវកិត្តិយស​ផ្សេងទៀត​យ៉ាងច្រើន​កុះករ​។ នៅក្នុង​ឱកាស​នោះ មានការ​សម្ពោធ​ពិព័រណ៍​បែប​ល្ខោន​និង​បែប​ថតរូប « Museum (Theater) » ដែលជា​កិច្ច​ចាប់ផ្តើម​បើក​ព្រឹត្តិការណ៍​ទាំងនេះ​ផងដែរ​។

 
​កាល​ពីមួយ​សតវត្ស​មុន ប្រទេស​បារាំង​និង​អាល្លឺម៉ង់​គឺជា​គូសត្រូវ​ស្លាប់រ​ស់នឹង​គ្នា ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បានក្លាយ​ទៅជា​ដៃគូ​សហការគ្នា​ដ៏​សំខាន់​នៅក្នុង​សហភាព​អឺរ៉ុប​។ គ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ​បា​រាំង​-​អាល្លឺម៉ង់​ស្តែងឡើង​តាមរយ​:​ការចុះ​សន្ធិសញ្ញា អេ​លី​ហ្សេ ឆ្នាំ​១៩៦៣ ដែល​ផ្តោតជាសំខាន់​ទៅលើ​ការផ្លាស់ប្តូរ​យុវជន ដើម្បី​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​មួយ​ប្រកបដោយ​ទំនុកចិត្ត​យូរអង្វែង​។ យោងតាម​លោក​ឯកអគ្គរដ្ឋទូត​បា​រាំង ថ្វីបើ​ដំណើរការ​ផ្សះផ្សារ​នេះ​កើតចេញពី​ឆន្ទៈ​នយោបាយ​បន្ទាប់ពី​ចប់​សង្គ្រាម​មែន ប៉ុន្តែ​គឺ​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំងពីរ​ទៅវិញ​ទេ ដែលជា​មូលដ្ឋាន​នៃ​ការស្រុះស្រួល​គ្នា​ដ៏​រឹងមាំ​ស្ថិតស្ថេរ​។ ដូច្នេះ លោក​យល់ថា គេ​គួរ​សិក្សា​ស្វែងយល់​ពី​គន្លឹះ​ជោគជ័យ​នៃ​ការផ្សះផ្សារ​នេះ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​មិន​ដល់​កន្លះ​សតវត្ស​ផង ដោយ​ប្រទេស​ទាំង​២​អាច​លុបបំបាត់បាន​នូវ​ការគុំកួន​ផ្នែក​នយោបាយ និង​ការ​ពុំ​ទុកចិត្ត​គ្នា​ក្នុងចំណោម​ប្រជាជន​។​
 
​ឧទាហរណ៍​នៃ​ការផ្សះផ្សារ​និង​រួបរួមគ្នា​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ អាច​ធ្វើជា​បទពិសោធន៍​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក៏ដូចជា​សមាហរណកម្ម​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ទាំងមូល​ផងដែរ​។ ក្នុងន័យនេះ ស្ថានទូត​បារាំង​និង​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា រួមសហការ​ជាមួយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា និង​មជ្ឈមណ្ឌល​វប្បធម៌ Meta House រួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៨ ខែឧសភា ដើម្បី​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​វប្បធម៌ និង​ការអប់រំ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រជាជន​ទាំងពីរ​។ ព្រឹត្តិការណ៍​ទាំងនោះ​មានដូចជា​ការតាំង​ពិ​ព៍រណ៍ ការសម្តែង​សិល្ប​: សន្និសីទ និង​ការ​ពិ​ក្សា​តុមូល​ជាដើម ដោយមាន​បទ​អន្តរាគមន៍​ពី​អ្នកឯកទេស​បារាំង អាល្លឺម៉ង់ កម្ពុជា និង​វៀតណាម ។​
 
​លោក​ឯកអគ្គរដ្ឋទូត​បារាំង​រំពឹងថា យុទ្ធនាការ​នេះ​នឹង​ជួយ​ជំរុញអោយមាន​កិច្ចពិភាក្សា​ទូលំទូលាយ និង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​កម្ពុជា​។ «​ដូច​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​១៩៤៥​ដែរ នៅទីនេះ យុវជន​ជំនាន់​ក្រោយ​គឺជា​អ្នក​កសាង​បរិស្ថាន​តំបន់​មួយ​ប្រកបដោយ​ការរួបរួម​និង​សន្តិភាព​» នេះ​គឺជា​ប្រសាសន៍​របស់លោក ហ្ស​ង់​-​ក្លូដ ពាំ​បឹ​ហ្វ​។ លោក​ទូត​យល់ថា អាស៊ាន​នឹង​អាច​ក្លាយជា​កម្លាំងចលករ​ដ៏​ខ្លាំង​មួយ​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ក្នុងចំណោម​ប្រជាជន ព្រមទាំង​ជួយ​បង្កើត «​យុវជន​អាស៊ាន​» មួយ  ដែល​ទៅ​អនាគត​នឹង​រស់នៅ​ក្នុងតម្លៃ​និង​ជោគវាសនា​រួមគ្នា​។ ចំណែក​លោកស្រី​ភារធារី​ស្ថានទូត​អាល្លឺម៉ង់​វិញ​ក៏បាន​លើកឡើង​ផងដែរ​អំពី​ប្រវត្តិ​រួបរួម​រវាង​អាល្លឺម៉ង់​និង​បារាំង ជាពិសេស​អំពី​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​ក្នុងចំណោម​សិស្សសាលា​។​
 
​ព្រឹត្តិការណ៍​ក្នុង​សប្តាហ៍​នេះ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​វប្បធម៌​រវាង​ប្រទេស​បារាំង​និង​អាល្លឺម៉ង់ ក្រោម​ការគាំទ្រ​ពី​មូលនិធិ​វប្បធម៌​បារាំង​-​អាល្លឺម៉ង់ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២២ មករា ឆ្នាំ​២០០៣ ក្នុងឱកាស​នៃ​ខួប​លើក​ទី​៤០​នៃ​សន្ធិសញ្ញា​អេ​លី​ហ្សេ​។ មូលនិធិ​នេះ​ជួយ​អោយ​ប្រទេស​ទាំងពីរ​ជំរុញ​និង​គាំទ្រ​ការផ្តួចផ្តើម​គំនិត​រៀប​ចំ​ព្រឹត្តិការណ៍​រួម​នៅក្នុង​ប្រទេស​ទី​៣៕
 

© រក្សាសិទ្ធិដោយ thmeythmey.com