អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ដូ​ណា​ល់ ត្រាំ ប្រកាសថាលោកក្លាយជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ជា​ផ្លូវការ​
27, May 2016 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ប្រកាសថា​លោកបាន​ក្លាយជា​បេក្ខជន​តំណាង​បក្ស​សាធារណរដ្ឋ​ដែល​នឹងត្រូវ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​នា​ខែវិច្ឆិកា​ខាងមុខ​។ ការប្រកាស​ជ័យជម្នះ​នេះ​កើតឡើង​ក្រោយ​ពេលដែល​ក្រុម​អ្នកតំណាង​ឯករាជ្យ (Unbound Delegates) ១៥​នាក់ ប្តេជ្ញា​ថា​នឹង​បោះឆ្នោត​គាំទ្រ​សេដ្ឋី​អចលនទ្រព្យ​ក្នុង​សមាជ​បក្ស​ខែកក្កដា​នៅ Ohio​។​ 


 
​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ឧសភា ម្សិលមិញ​នេះ ប្រព័ន្ធ​ផ្សព្វ​ផ្សា​អាមេរិក​ជាច្រើន​បាន​វាយតម្លៃ​ជាមុន​ថា លោក ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ​ជា​ផ្លូវការ ដោយ​លោក​អា​ចរក​ចំនួន​អ្នកតំណាង​បាន​គ្រប់​ឬ​អាច​លើស ១២៣៧​នាក់ ថ្វីបើ​ការបោះឆ្នោត​សាកល្បង​មិនទាន់​បញ្ចប់​ក្តី​។ យោងតាមសារព័ត៌មាន Politico ​ក្រុម​អ្នកតំណាង​ដែលមាន​សិទ្ធិ​បោះឆ្នោត​ឯករាជ្យ​របស់​បក្ស​ចំនួន​១៥​នាក់​មកពី​រដ្ឋ North Dakota ប្រកាសថា​ពួកគេ​នឹង​បោះឆ្នោត​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​សមាជ​បក្ស​ក្នុង​ខែកក្កដា នៅ​ទីក្រុង Cleveland​។ 
 
​ភា្ល​មៗ​នោះ សេដ្ឋី​អ​ចលន​ទ្រព្យ​រូបនេះ​ក៏បាន​ប្រកាស​ជ័យជម្នះ​របស់ខ្លួន​ខណៈ​ដែល​លោក​កំពុង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ថិតនៅ​BISMARCK ហើយ​អ្នកតំណាង​ឯករាជ្យ​របស់​បក្ស​សា​ធាណ​រដ្ឋ​ក៏​ស្ថិតនៅ​ជាមួយ​លោក​ដែរ​។​
 
​ដោយ​តាំងខ្លួន​ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ជា​ផ្លូវការ លោក ដូ​ណា​ល់ ត្រាំ បន្ត​វាយប្រហារ​គូប្រជែង​ក្រៅ​បក្ស​ជាពិសេស​ប្រឹង​ទិតៀន រឿងអាស្រូវ និង​ចាប់​ចំណុចខ្សោយ​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ រឿងអាស្រូវ​រំលោភ​បទបញ្ញត្តិ​នៃ​ការប្រើប្រាស់​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​លោកស្រី​នៅ​ជា​រដ្ឋមន្ត្រីការបរទេស​នោះ​កំពុង​ក្លាយជា​ចំណុចរសើប​ដែល​លោក ដូ​ណា​ល់ ត្រាំ លើក​ឡើងជា​ញឹកញាប់​ដើម្បី​ទម្លាក់​ប្រជាប្រិយភាព​លោកស្រី​។​
 
​ត្រលប់​មកវិញ វា​គ្មានអ្វី​ចម្លែក​ឬ​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ទេ ដែល​សេដ្ឋី​អចលនទ្រព្យ​រូបនេះ​ស្រាប់តែ​ប្រកាសថា​ខ្លួន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ជា​ផ្លូវការ ព្រោះ​បច្ចុប្បន្ននេះ​មានតែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្ថិតក្នុង​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​សាកល្បង​។ បេក្ខជន​សំខាន់​មាន សមាជិក​ព្រឹទ្ធសភា ថេត គ្រុស (Ted Cruz) និង អភិបាលរដ្ឋ Ohio លោក ច​ន ខា​សិ​ក (John Kasich)  នោះ​សុទ្ធតែ​នាំគ្នា​ដកខ្លួន​ចេញពី​ប្រកួតប្រជែង​អស់​ទៅហើយ​កាលពី​ខែ​មុន​នោះ​។ 
 
​ប៉ុន្តែ​យ៉ាងណាមិញ គណបក្ស​សាធារណរដ្ឋ​មិនទាន់​ចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​ពី​លទ្ធផល​ផ្លូវការ​នៅពេល​នោះឡើយ​។  គណបក្ស​នេះ​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃ​បោះឆ្នោត​ក្នុង​បក្ស​ចុងក្រោយ​នៅ​សមាជ​បក្ស​ថ្នាក់ជាតិ​នា​ខែកក្កដា​។ 
 
​មិនដឹងថា អ្នក​សាធារណរដ្ឋ​រួបរួមគ្នា​ឬ​អត់​ដើម្បី​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ក្នុង​យុទ្ធនា​ការដណ្តើម​កៅអី​ប្រធានាធិបតី​ដោយ​ផ្តួល​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​។ កន្លងមក​មាន​អ្នក​សាធារណរដ្ឋ​ខ្លះ​ប្រកាស​ចូល​និវត្ត​និង​មិន​ប្រកាស​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ឡើយ ហើយ​ខ្លះ​ទៀតថា​គេ​នឹង​បោះឆ្នោត​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​វិញ​។ ដូច្នេះ​អ្វីដែល​លោក ដូ​ណា​ល់ ត្រាំ ចាំបាច់​ត្រូវធ្វើ​នោះ​គឺ​កែប្រែ​ឥរិយាបថ កែប្រែ​គោលនយោបាយ​ដែល​ជ្រុលនិយម និង​តាំងខ្លួន​ជា​អ្នក​បង្រួបបង្រួម​ការឯកភាព​ក្នុង​បក្ស​ថែមទៀត​៕
 
 

Tag:
 ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com