ជាតិ
លោក គង់ សភា ថា សាលក្រម​តុលាការ​មាន​ភាពអយុត្តិធម៌​ខ្លាំងណាស់​សម្រាប់​ពួកលោក​
27, May 2016 , 11:19 am        
រូបភាព
​ភ្នំពេញ​៖ តំណាងរាស្ត្រ​បក្សប្រឆាំង ដែល​រង​នូវ​ការវាយដំ មិន​សុខ​ចិត្តនឹង​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ​ឡើយ​។ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​សម្រេច​ឲ្យ​ជនដៃដល់​ទាំង​៣​រូប ដែល​ប្រើ​អំពើហិង្សា​តំណាងរាស្ត្រ នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា​ការ ឆ្នាំ​២០១៥ ឲ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ  ដោយ​ក្នុងនោះ ពួកគេ​អនុវត្ត​ទោស​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ព្យួរទោស​៣​ឆ្នាំ​។


 
​លោក គង់ សភា តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ចាត់ទុក សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ ដែល​សម្រេច​ឲ្យ​ពិរុទ្ធជន​ទាំង​៣​នាក់ ដែល​ប្រើ​អំពើហិង្សា លើ​រូបលោក និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​ក្នុង​បក្ស​ជាមួយគ្នា ថា​ជា​សេចក្តីសម្រេច ដែល​លុបលាង​ទោសកំហុស​របស់​បុគ្គល​ដែល​នៅ​ពីក្រោយ​ខ្នង នៃ​ការបង្ក​ឧប្បត្តិ​ហេតុនេះ​។ លោក​បន្ត សាលក្រម​នេះ មាន​ភាពអយុត្តិធម៌​ខ្លាំងណាស់ ដែល​ពួកលោក​ទាំង​២​មិនអាច​ទទួលយកបាន​នោះទេ​។ 
 
​ថ្លែងប្រាប់​សារ​ព៌​ត៌មាន​ថ្មីៗ ជនរងគ្រោះ​ជា​តំណាងរាស្ត្រ​រូបនេះ បាន​លើកឡើងថា ពួកលោក​នឹង​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​របស់ខ្លួន ដើម្បី​បន្ត​ដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ប្រឆាំង​សាលក្រម​របស់​តុលាការ​ជាន់​ទាប មុននឹង​ចូល​ជា​ស្ថាពរ​។ យ៉ាងណាក៏ដោយ លោក គង់ សភា គ្មាន​ក្តីសង្ឃឹម​សោះឡើយ ថា​តុលាការ​ជាន់ខ្ពស់ អាច​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួកលោក​ទាំងពីរ​។ លោក​បញ្ជាក់​បែបនេះ​ថា​៖ «​ដរាបណា​គ្មាន​ការផ្លាស់ប្តូរ ពួក​ខ្ញុំ​​នៅតែ​មិនអាច​ទទួលបាន​យុត្តិធម៌​»​។ 
 
​នៅ​ព្រឹក​ថ្ងៃទី ២៧ ឧសភា​នេះ តុលាការក្រុង​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​ចោទ​ពិរុទ្ធជន​ទាំង​៣​នាក់ គឺ​លោក ចាយ សារិទ្ធ លោក​ម៉ៅ ហឿន និង​លោក​សុ​ត វណ្ណ​នី ពីបទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»៕

Tag:
 តុលាការ​
  គង់ សភា​
  ញ៉យ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com