ជាតិ
នយោបាយជាតិ
រាជអាជ្ញារាយការណ៍ប្រាប់ប្រធានសភាទាក់ទងនឹងបទល្មើសជាក់ស្តែងរបស់ឯកឧត្តម កឹម សុខា
× ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានផ្ញើរបាយការណ៍បីទំព័រជូនដល់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទាក់ទងនឹងការចោទប្រកាន់លើឯកឧត្តម កឹម សុខា តំណាងរាស្ត្រមណ្ឌលកំពង់ចាម។ ព្រះរាជអាជ្ញាបានអះអាងថា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តបទល្មើសជាក់ស្តែងពីបទ «បដិសេធក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី។
របាយការណ៍ដែលរៀបចំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង និងពិនិត្យដោយលោកព្រះរាជអាជ្ញា យ៉េត ចរិយា កាលពីថ្ងៃទី២៦ ខែឧសភា បានរៀបរាប់ថា ឯកឧត្តម កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដោយបានបដិសេធការកោះហៅចូលបំភ្លឺក្នុងនាមជាសាក្សីរហូតដល់ទៅ២លើក។
ជាមួយគ្នានេះ ព្រះរាជអាជ្ញា បានលើកឡើងពីមាត្រាមួយចំនួនប្រាប់សម្តេចប្រធានរដ្ឋសភា ទាក់ទងនឹងចំណាត់ការតាមចាប់ខ្លួន ឯកឧត្តម កឹម សុខា ដែលមិនបានចូលខ្លួនក្នុងនាមជាសាក្សីលើសំណុំរឿងសញ្ចារកម្ម តាមរយៈការបញ្ជាក់មូលហេតុមិនសមស្រប។
ជាមួយនឹងការសម្រេចចោទប្រកាន់ឯកឧត្តម កឹម សុខា ពីបទ «បដិសេធក្នុងការចូលខ្លួន» និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបអង្កេត លោក យ៉េត ចរិយា បានស្នើដល់សម្តេច ហេង សំរិន ចាត់នីតិវិធីបន្តតាមការចាំបាច់៕
Tag:
ឯកឧត្តម កឹម សុខា
សម្តេច ហេង សំរិន
បទល្មើសជាក់ស្តែង
© រក្សាសិទ្ធិដោយ thmeythmey.com