ជាតិ
​​​ន​យោ​បាយ​ជាតិ​
​មន្ត្រីជាន់ខ្ពស់​CNRP បដិសេធ​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​
27, May 2016 , 12:19 pm        
រូបភាព
​ភ្លាមៗ​ក្រោយពី​មាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បង្ហោះ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែលមាន​ទម្រង់​ដូច​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ខ្លឹមសារ​ចាត់ទុក​ករណី​ឯកឧត្តម កឹម សុខា ថា​ជា​រឿង​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញមុខ​បដិសេធ​នឹង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​។​



​លោក ហូ វ៉ាន់  មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មិនដឹងថា សេចក្តីប្រកាស​ព័ត៌មាន ដែល​គេ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ អ្នក​ណាមួយ ឬ​ក្រុម​ណាមួយ​ជា​អ្នកសរសេរ​នោះទេ​។

​សូមបញ្ជាក់ថា សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ២៦ ខែឧសភា ដែលមាន​ស្លាក​សញ្ញា និង​ត្រា​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទម្រង់​ដូចជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​នេះ ដែល​ត្រូវគេ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងនោះ​ក៏មាន​គណនី​របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បង្ហោះ​ផងដែរ​នោះ មាន​ខ្លឹមសារ​បែបនេះ​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ សូម​ជម្រាប់​ដល់​អ្នកគាំទ្រ​ទាំងអស់​ថា ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី ២៦ ខែឧសភា គឺជា​សកម្មភាព​អនុវត្ត​ច្បាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​លើ​ករណី​ផ្ទាល់ខ្លួន ឯកឧត្តម កឹម សុខា ដែល​មិនបាន​ចូល​តាម​ដីកា​កោះហៅ​របស់​ស្ថាប័ន​តុលាការ​ប៉ុណ្ណោះ​»​។

​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​ដែល​គេ​បង្ហោះ​ដដែល​នោះ ក៏​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ករណីនេះ ជា​ករណី​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម កឹម សុខា មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ហើយ​គណបក្ស​បដិសេធ​មិន​ទទួលស្គាល់​រាល់​ការអំពាវនាវ​ញុះញង់​របស់​ជន​ឆ្លៀតឱកាស ដែល​ចង់​ឲ្យ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឡើងមក​គាំទ្រ​ករណី​ផ្ទាល់ខ្លួន​នេះ​។ ជាង​នេះ​សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​រក្សា​ភាពស្ងប់ស្ងាត់ កុំ​ធ្វើដំណើរ​មក​ភ្នំពេញ ដើម្បី​គាំទ្រ​រឿង​បុគ្គល​ឡើយ​។

​លោក ហូ វ៉ាន់ ឆ្លើយតប​ថា ជា​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ មិនអាច​សរសេរ​សេច​ក្តី​ប្រកាស​ព័ត៌មាន​ដែលមាន​ខ្លឹមសារ​ដូច​សេចក្តី​ប្រកាស​ព័ត៌មាន ​ដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បង្ហោះ​នោះទេ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖« គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ជំហរ​ក្នុងការ​សរសេរ​លិខិត​បែបនេះ​ទេ​។ ហើយ​ខ្ញុំ​យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រហែលជា​អាច​នឹង​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​នោះ​»៕


Tag:
 CNRP
  កឹម សុខា​
  ហូ វ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com