បទយកការណ៍ / បទសម្ភាសន៍
លុយ ការងារ ការសិក្សា ចរាចរណ៍ អាកាសធាតុ​...​ធ្វើ​ឲ្យ​យុវជន​ធុញថប់​
28, May 2016 , 4:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បញ្ហា​លុយកាក់ ការសិក្សា ការងារ ចរាចរណ៍ អាកាសធាតុ​ក្តៅ​ជាដើម គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​យុវជន​ខ្មែរ មាន​ជំងឺ​ថប់​អារម្មណ៍ ឬ​«​ស្ត្រេ​ស​»​។ ដ្បិតតែ​ជំងឺ​នេះ កំពុង​លាក់ខ្លួន​យ៉ាង​ស្ងៀមស្ងាត់ ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ​។ តើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​យុវជន​មាន​អារម្មណ៍​តប់ប្រមល់​? តើ​ពួកគេ​ធ្វើ​ដូចម្តេច ដើម្បី​បន្ថយ​ភាព​ធុញថប់​ទាំងនោះ​? 



ស្ទះចរាចរណ៍ ផ្សែង​ចេញពី​យានយន្ត និង​អាកាសធាតុ​ក្តៅ បានធ្វើ​ឲ្យ កញ្ញា ថុ​ន សម្ព​រ័ និស្សិត​ឆ្នាំ​ទី​១ នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ កើត​ជំងឺ​ធុញថប់​ជាប្រចាំ​។ ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​៥​នាក់ យុវតី​វ័យ​២០​ឆ្នាំ​រូបនេះ  បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ធុញថប់​ខ្លាំង គឺ​ពេលធ្វើ​ដំណើរ​ទៅ​រៀន ព្រោះ​ផ្លូវ​ស្ទះ​មាន​ផ្សែង​ពុល​ច្រើន និង​អាកាសធាតុ​ក្តៅ​»​។ បញ្ហា​សិក្សា និង​ត្រូវ​អ្នកផ្ទះ​ស្តីបន្ទោស​ម្តងម្កាល ក៏​ធ្វើ​និស្សិត​ថ្មីថ្មោង​មកពី​ខេត្តស្វាយរៀង​ម្នាក់នេះ មួម៉ៅ​ផងដែរ​។​

ចំណែក លោក ប៊ុន ប៉ាក គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ឯកជន​មួយ​នៅ​ភ្នំពេញ ក៏​ជួប​បញ្ហា​មិនសូវ​ខុសគ្នា​ពីស​ម្ព​រ័​ប៉ុន្មាន​ឡើយ​។ ក្រៅពី​បញ្ហា​ចរាចរណ៍​ដ៏​ស្មុគស្មាញ​នៅ​ទីក្រុង បញ្ហា​លុយកាក់ គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​យុវជន​រូបនេះ​ឈឺក្បាល​ជារឿយៗ​។ លោក​បាន​បរិយាយ​យ៉ាង​ដូច្នេះ​៖«​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធុញទ្រាន់ និង​ឆាប់​មួម៉ៅ គឺ​លុយកាក់ ព្រោះ​ការចាយ​លុយ​ខ្វះមុខខ្វះក្រោយ បានធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​ស្មុគស្មាញ​ណាស់​»​។ យុវជន​វ័យ​២០​ឆ្នាំ​រូបនេះ បន្ថែមថា​ការអាន​សៀវភៅ​ជា​ភាសា​អង់គ្លេស​ទៅមុខ​មិន​រួច ក៏​បណ្តាល​ឲ្យ​យុវជន​មាឌ​ល្អិត​រូបនេះ​មាន​អារម្មណ៍មិនល្អ​ដែរ​។ 

​សម្រាប់​លោក អៀង សុខ​អេង​វិញ ការងារ​នៅ​មួយកន្លែង​គឺជា​រឿង ដែល​ធ្វើជា​សន្តិសុខ នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​រូបនេះ ធុញទ្រាន់​។ ទើប​ចូលធ្វើការ​មិនទាន់បាន​មួយអាទិត្យ​ស្រួលបួល​ផង យុវជន​មកពី ខេត្តកំពង់ធំ​រូបនេះ បញ្ជាក់ថា​៖«​ការងារ​មួយថ្ងៃ​១២​ម៉ោង ពី​ម៉ោង​៦​ព្រឹក ដល់​៦​ល្ងាច​។ ពេលខ្លះ​អផ្សុក​ដែរ ព្រោះ​ខ្ញុំ​នៅតែ​មួយកន្លែង​។ អង្គុយ​មើល​ម៉ូតូ និង​តម្រៀប​ម៉ូតូ​ឲ្យ​គេ​!»​។​

​ជាមួយគ្នានេះ បញ្ហា​ស្ទះចរាចរណ៍​ក៏​ធ្វើ​ឲ្យ សុខ​អេង ធុញថប់​ដែរ​។ សន្តិសុខ​ម្នាក់នេះ ឆ្លៀត​ប្រៀបធៀប​ស្ថានភាព​ចរាចរណ៍​នៅ​ភ្នំពេញ និង​កំពង់ធំ​យ៉ាងនេះ​ថា​៖«​ខ្ញុំ​ធុញ​ដែរ ព្រោះ​ផ្លូវ​ស្ទះ​រហូត បើ​នៅ​ស្រុក​ខ្ញុំ​វិញ ស្រួល វា​ទូលាយ​ជាង​ភ្នំពេញ​»​។​

​យ៉ាង​ក៏ដោយ ពួកគេ​មិនបាន​បណ្តោយ​ឲ្យ​ភាព​ធុញថប់ និង​អារម្មណ៍​មួម៉ៅ​ទាំងនេះ មក​យាយី​ជីវិត​របស់​ពួកគេ​ឡើយ​។ ពួកគេ​មាន​វិធីសាស្ត្រ និង​ការកម្សាន្ត​រៀងៗ​ខ្លួន ដើម្បី​បន្ថយ​អារម្មណ៍​តានតឹង​។​

​ស្តាប់​ចម្រៀង មើល​កំប្លែង និង​ទៅលេង​បាល់បោះ ជាម​ធ្យោ​យ​បាយ​ដើម្បី​បំបាត់​ភាព​តានតឹង​របស់ កញ្ញា ថុ​ន សម្ព​រ័ ខណៈ​ការ​ចេញទៅ​ក្រៅ​លម្ហែ​អារម្មណ៍ ឬ​ទៅលេង​បាល់ទាត់​ជាមួយ​មិត្តភក្តិ ជា​វិធីសាស្ត្រ​របស់ លោក ប៊ុន ប៉ាក​។ ចំណែកឯ សន្តិសុខ អៀ សុខ​អេង វិញ ក្រៅពី​ស្តាប់​ចម្រៀង និង​មើល​រឿង​កំប្លែង​ក្នុង​ទូរ​សព្ទ​ដើម្បី​បន្ថយ​ភាព​តានតឹង រូបគាត់​ឆ្លៀត​តម្រៀប​ម៉ូតូ​របស់​ភ្ញៀវ​៕


Tag:
 ​យុវជន​
  ​ថប់​អារម្មណ៍
© រក្សាសិទ្ធិដោយ thmeythmey.com