អន្តរជាតិ
ជប៉ុន​៖ Hacker 100​នាក់​លួច​លុយ​១៣​លាន​ដុល្លារ​ពី​ទូរ ATM
28, May 2016 , 8:39 pm        
រូបភាព
​ក្រុម​Hacker ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ជប៉ុន បាន​លួច​លុយ​ដល់​ទៅ​១.​ពាន់​លាន​យ៉េន ដែល​ស្មើនឹង​១២.៧​លាន​ដុល្លារ​ពី​ទូរ​ATM ច្រើនជាង​មួយរយ ក្នុង​រយៈពេល​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ កាលពីដើម​ខែឧសភា​។ នេះ​បើ​យោងតាម​របាយការណ៍​ក្នុងស្រុក ដែល​ស្រង់​ប្រភព​ដោយសារ​ព័ត៌មាន Asian Correspondence​។  



​ដោយ​ស្រង់​ប្រភពព័ត៌មាន​ក្នុងស្រុក សារព័ត៌មាន The Mainichi ផ្សាយ​ថា លុយ​ចំនួន​១២.៧​លាន​ដុល្លារ ត្រូវបាន​លួច​ពី​ទូរ​ATM ច្រើនជាង​មួយ​ពាន់​នៅតាម​ហាង​នានា ក្នុងប្រទេស​ជប៉ុន​។ អាជ្ញាធរ​ជឿថា លុយ​ដ៏​សន្ធឹក​ស​ន្ទា​ប់​ទាំងនោះ ត្រូវបាន​ដក​ដោយ​ប្រើ​កាត​ក្រេ​ឌី​ត​ក្លែងក្លាយ ដែលមាន​ផ្ទុក​ព័ត៌មាន​ស្ទួន​គ្នា និង​លេច​ចេញពី​ធនាគារ​មួយ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។

​ជាមួយគ្នានេះដែរ ប៉ូលិស​បាន​ប៉ាន់​ស្មានថា មនុស្ស​យ៉ាងតិច​មួយរយ​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​តាម​ប្រព័ន្ធ​ទំនើប​បែបនេះ​។ ហើយ​បើ​យោងតាម​របាយការណ៍ ការ​លួច​លុយ​តាម​ទូរ​ATM នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែឧសភា នៅឯ​ហាង​នានា​ក្នុង​ខេត្ត​ចំនួន​១៦​។

​នៅ​ខណៈ​នេះ ប៉ូលិស​កំពុងតែ​តាមដាន​អត្តសញ្ញាណ​ជនសង្ស័យ ដោយមាន​ជំនួយ​ពី​ភាគី​ប៉ូលិស​អាហ្វ្រិក​ខាងត្បូង តាមរយៈ​ប៉ូលិស​អន្តរជាតិ Interpol​។ លើសពីនេះ ប៉ូលិស​ក៏​កំពុងតែ​ស៊ើបអង្កេត​ពី​របៀប​ដែល​ពី័​ត៌មាន​កាត​ក្រេ​ឌី​ត​ត្រូវបាន​លួច​យក​។​

​ទន្ទឹមនឹងនេះ បើតាម​Computerworld អ្នក​លួច​ទាំងនោះ​អាច​ដក​ប្រាក់​បាន​មួយ​សែន​យ៉េន ឬ​៩១៣​ដុល្លារ ពី​ប្រតិបត្តិការ​១៤០០០​ដង ដោយ​ប្រើ​កាត​ក្រេ​ឌី​ត​ចំនួន​១៦០០​។ ហើយ​ក្រុម​នេះ​បានដាក់​គោលដៅ​លួច​លើ​ទូរ​ATM នៅតាម​ហាង 7/11 ព្រោះ​ហាង​ទាំងនេះ​ទទួល​កាត​ក្រេ​ឌី​ត​ប្រាក់​បរទេស​។    

​នៅឯ​អាហ្វ្រិក​ខាងត្បូង​ឯណោះ​វិញ ធនាគារ South Africa Standard Bank អះអាងថា ខ្លួន​ជា​អ្នករងគ្រោះ​នៃ​ករណីនេះ​។ ធនាគារ​នេះ​បន្តថា ករណីនេះ​មាន​ជាប់ទាក់ទង​នឹង​ការដក​ប្រាក់ ដែល​ប្រើ​កាត​ក្លែងក្លាយ នៅតាម​ទូរ​ATM ជាច្រើន​ក្នុងប្រទេស​ជប៉ុន​។ យ៉ាងណាក្ដី ធនាគារ​នេះ ក៏​ធានា​អតិថិជន​របស់ខ្លួន​ថា ពួកគេ​នឹងមិន​បាត់បង់​ហិរញ្ញវត្ថុ​ពួកគេ​ទេ​៕


Tag:
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com