ជាតិ
សូមជួយ​ជីវិត​កុមារ​របស់​យើង​ជាមួយ​មួកសុវត្ថិភាព
30, May 2016 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ
 ដោយ ឆាយ សុផល​
​ស្ថិតក្នុង​វ័យ​៤​ឆ្នាំ កុមារី  នី បាន​ស្លាប់​ជាមួយ​ម្តាយ​អា​យុវ​២៦​ឆ្នាំ​នៅនឹងកន្លែង ខណៈដែល​ឪពុក​របស់​នាង​បាន​រស់រានមានជីវិត​។   អ្នក​ទាំងបី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤​កាលពី​ថ្ងៃទី​៤ ឧសភា នៅ​ភូមិ​ស្រះ​សង្គម ឃុំ​ព្រែក ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​ម៉ូតូ​របស់គេ​ត្រូវបាន​រថយន្ត​ដឹកទំនិញ​បុក ហើយ​ក្បាល​ពួកគេ​បាន​បោក​នឹង​រថយន្ត និង​ដួល​ទៅលើ​ផ្ទៃ​ថ្នល់​។ ទាំង​កុមារី នី និង​ម្តាយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ទេ លើកលែងតែ​ឪពុក​។​



​តើ​មាន​កុមារ​តូចៗ​របស់​យើង​ប៉ុន្មាន​នាក់ ដែល​បាន​ស្លាប់​ដោយ​របៀបនេះ​? តើ​នៅមាន​រយៈពេល​ប៉ុន្មាន​ទៀត ដែល​ឪពុកម្តាយ​ទទួលរង​ការឈឺចាប់​នៃ​ការបាត់បង់​បុត្រ​ធីតា​របស់ខ្លួន​? តើ​ហេតុអ្វី​បានជា​សង្គម​ត្រូវ​ប្រឈម​នឹង​ភាព​សោកសៅ ដោយសារតែ​ការធ្វេសប្រហែស​បែបនេះ​?

​ជា​រៀងរាល់ថ្ងៃ កុមារ​រាប់ម៉ឺន​នាក់ ដោយ​រួមទាំង​ក្មេង​ជំទង់​ផង បាន​ចាក​ចេញពីផ្ទះ​ទៅ​សាលារៀន ទៅ​ផ្សារ ក្បែរៗ​ផ្ទះ និង​កន្លែង​ផ្សេងៗ​ទៀត​ដោយ​ជិះ​ទូ​ចក្រយាន​យាន្ត [​ម៉ូតូ​] នៅតាម​ផ្លូវ​ដែល​ពោរពេញ​ដោយ​ចរាចរណ៍​មមាញឹក និង​ប្រកបដោយ​គ្រោះថ្នាក់​។ យើង​បានដឹងហើយថា ពួកគេ​ភាគច្រើន​គឺជា​អ្នកដំណើរ​តាម​ម៉ូតូ ប៉ុន្តែ​សួរថា តើ​យើង​មាន​ដឹង​ទេ​ថា ពួកគេ​ស្ថិត​នឹង​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​បែ​ប​ណា នៅពេល​កំពុង​ជិះ​ម៉ូតូ​នោះ​?

​អ្នកប្រើប្រាស់​ដងផ្លូវ ដែលជា​អ្នកជិះ​ម៉ូតូ​មិនគួរណា​ត្រូវស្លាប់​នៅលើ​ដងផ្លូវ​ឡើយ ហើយ​ការស្លាប់​នេះ​ក៏​មិនមែនជា​រឿង​ចៃដន្យ ហើយក៏​មិនមែន​ដោយសារតែ​សំណាងអាក្រក់​នោះដែរ ពោល គឺ​ពួកគេ​ពិតជា​អាច​ត្រូវការពារ​បាន​។ នេះ​គឺជា​ជម្រើស​របស់​យើង​ដែល​ត្រូវ​ជួយ​ពួកគេ​។ តើ​ជម្រើស​នោះ​ដោយ​របៀប​ណា​ទៅ​? នោះ​គឺជា​ការធានា​ឲ្យ​មានការ​ពាក់មួក​សុវត្ថិភាព ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ ក្នុងនោះ​ក៏មាន​កុមា​រដែរ​។

​ជំហាន​ដំបូង គឺ​អ្នករួមដំណើរ​តាម​ម៉ូតូ ដោយ​រួមទាំង​អ្នកបើកបរ ត្រូវតែ​តម្រូវ​ឲ្យ​ពាក់មួក​សុវត្ថិភាព បើ​មិន​ដូច្នោះ​ទេ​ត្រូវ​ទទួល​ការពិន័យ​ពី​នគរ​បាន​ចរាចរណ៍​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាន់យក​នូវ​ជំហាន​ដ៏​មាន​សារសំខាន់​ចំពោះមុខ នៅពេល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែមករា​ឆ្នាំ​២០១៥​កន្លងមក​។ មានប្រសាសន៍​នាពេល​ថ្មីៗ​នេះ​ទៅកាន់​នគរបាល​និង​មន្ត្រីរាជការ​ជាង​១០០​នាក់ នៅឯ​ពិធី​ប្រកាស​បង្កើត​គណៈកម្មាធិកា​រ​ចរាចរណ៍​ថ្នាក់ជាតិ​នៅឯ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​សន្យាថា នឹងដាក់​ពិន័យ​ដល់​អ្នក​រំលោភបំពាន​ចរាចរណ៍ ទោះបី​ពួក​កេ​ជា​មន្ត្រី​រដ្ឋាភិបាល និង​កម្លាំងប្រដាប់អាវុធ​ក៏ដោយ​។ សម្តេច​បាន​បញ្ជាក់ថា បេ​ល​វេលា​នៃ​ការស្វែងរក​អន្តរាគមន៍​ពី​មន្ត្រីជាន់ខ្ពស់​ចំពោះ​ការរំលោភបំពាន​ចរាចរណ៍​ត្រូវតែ​បញ្ចប់​។

​ទោះបីជា​យ៉ាងនេះ​ក្តី នៅពេលដែល​បញ្ហា​បានកើត​ឡើង​ចំពោះ​កុមារ​របស់​យើង បែរជា​វិធានការ​សុវត្ថិ​ភាពមិន​ត្រូវបាន​យកមកអនុវត្ត​ទៅវិញ​។ បើទោះជា​មាត្រា​៨​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចែងថា កុមារ​ដែលមាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើងទៅ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ នៅពេល​ធ្វើដំណើរ​តាម​ម៉ូតូ​ក៏ដោយ ក៏​ប្រយោគ​នេះ​មិនត្រូវ​បាន​នគរ​បាលច​រាច​រណ៍​យកទៅអនុវត្ត​ឡើយ​។ នេះ​ក៏​ដោយសារតែ​ការពិន័យ​លើ​ការមិន​ពាក់មួក​សុវត្ថិភាព​ដែល​ចែង​នៅក្នុង  “​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​” មិនបាន​រាប់​ប​ញ្ជូ​ល​កុមារ ថា​ជា​អ្នក​បំពាន​។​

​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP Foundation) ប្រចាំ​កម្ពុជា ដែលជា​អង្គការ​អន្តរជាតិ​ផ្តោតលើ​ការបញ្ចប់​វិបត្តិ​នៅលើ​ផ្លូវ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ បាន​សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់​នេះ ពិសេស​ការមិន​គិតពី​កុមារ​ជា​អ្នករួមដំណើរ​។ ដោយបាន​មើលឃើញ​បទពិសោធន៍​នៅ​បណ្តា​ប្រទេសជិតខាង នោះ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ត្រូវតែ​អនុវត្ត​ឲ្យ​មានការ​ពាក់មួក​សុវត្ថិភាព​ជាស​កល​។ ការដែល​មិនបាន​បង្ខំ​ឲ្យ​មានការ​ពាក់មួក​សុវត្ថិភាព​សម្រាប់​កុមារ​នេះហើយ ទើប​អាចធ្វើ​ឲ្យ​កុមារ​ជាច្រើនរ​កាន់តែ​រងគ្រោះ​។

​របាយការណ៍​ឆ្នាំ​២០១៤​របស់​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ៧៣%​នៃ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​គឺជា​អ្នកជិះ​ម៉ូតូ ដែល​រួមមាន​អ្នកបើកបរ និង​អ្នករួមដំណើរ​ទាំង​ក្មេង​និង​មនុស្ស​ចាស់​។ របាយការណ៍​បង្ហាញថា ៦៩% នៃ​អ្នក​គ្រោះថ្នាក់​នោះ​គឺ​រង​ការប៉ះទង្គិច​ក្បាល ហើយ​ភាគច្រើន​លើសលុប​មិនបាន​ពាក់មួក​សុវត្ថិភាព​នៅពេល​គ្រោះថ្នាក់​កើតឡើង​។​

 នៅក្នុង​ការធ្វើអង្កេត​មួយ​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​កាលពី​ពេល​ថ្មីៗ​នេះដែរ ក្នុងចំណោម​មនុស្ស​៤០០​នាក់ គឺមាន​៦២%​បាន​ឆ្លើយថា ពួកគេ​បើកបរ​ម៉ូតូ​ដោយមាន​ក្មេង​បានរួម​ដំណើរ​ជាមួយ​។ នៅ​គ្រា​នោះដែរ ៧៤% បាន​គាំទ្រ​គំនិត​ឲ្យ​មានការ​អនុវត្ត​ច្បាប់​សម្រាប់​កុមារ ដែល​អ្នកបើកបរ​ត្រូវតែ​ទទួលពិន័យ ប្រសិនបើ​អ្នករួមដំណើរ​ជា​កុមារ​មិនបាន​ពាក់មួក​សុវត្ថិភាព​។​

 បើ​យោងតាម​ការអង្កេត​ខាងលើ អ្នកឆ្លើយ​ចំនួន​១០០% បាន​គាំទ្រ​គំនិត​ដែលថា សាលារៀន​ត្រូវតម្រូវ​ឲ្យ​ទាំង​សិស្សានុសិស្ស​និង​លោកគ្រុ​អ្នកគ្រូ​ពាក់មួក​សុវត្ថិភាព ដែលជា “​ផ្នែក​នៃ​ឯកសណ្ឋាន​”​។​

​យើង​គិត​ស្រមៃ​ទៅ​មើលថា តើ​យើង​ទទួលរង​ភាព​សោកសៅ​យ៉ាងណា នៅពេលដែល​បុត្រ​ធីតា​របស់​យើង​មិនបាន​ពាក់មួក​សុវត្ថិភាព ហើយ​ពួកគេ​បាន​ពើបប្រទះ​នឹង​ការបុក​ទង្គិច​ក្បាល​នៅលើ​ដងផ្លូវ​នោះ​?

​ជាការ​ពិត តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់ នោះ​យើង​នឹង​អាចមាន​ថ្ងៃ​ដែល​យើង​ឈប់​សួរ​ខ្លួនឯង​នូវ​សំណួរ​នេះ​។ ជាការ​ចូលរួមចំណែក អ្នកសារព័ត៌មាន​ត្រូវ​ប្រើ​តួនាទី​ដ៏​ចម្បង​របស់ខ្លួន ដើម្បី​បង្កើន​ការយល់ដឹង​ដល់​សាធារណជន​ស្តីពី​ការពាក់​មួកសុវត្ថិភាព​។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល​ត្រូវតែ​បង្ខំ​ឲ្យ​អនុវត្ត​មាត្រា​ច្បាប់​ស្តីពី​ការពាក់​មួកសុវត្ថិភាព​ឲ្យ​បាន​ទូលំទូលាយ​និង​ម៉ឺងម៉ាត់ ខណៈដែល​អង្គការ​សង្គម​ស៊ីវិល​ក៏ត្រូវ​បង្កើន​ការជួយ​ផ្សព្វផ្សាយ​បន្ថែម​នៅតាម​សហគមន៍​ពី​មាត្រា​ច្បាប់​ដែលមាន​ស្រាប់ ដើម្បី​ធានា​ឲ្យ​មានការ​ពាក់មួក​សុវត្ថិភាព​។​

 បន្ថែម​ពីលើ​នេះ វិស័យ​ឯកជន​ក៏មាន​តួនាទី​ដ៏​សំខាន់​ដែរ​។ បណ្តា​ក្រុមហ៊ុន​ដែលមាន​ការទទួលខុសត្រូវ​នៅក្នុង​សង្គម​អាច​រួមគ្នា​បង្កើត​មូលនិធិ​មួកសុវត្ថិភាព​សម្រាប់​កុមារ​នៅក្នុង​គ្រួសារ​ដែលមាន​ជីវ​ភាពមិន​ធូរធារ​។ ឬក៏​អាច​និយាយថា រោងចក្រ​ផលិត និង​អ្នកធ្វើអាជីវកម្ម​ទោចក្រយានយន្ត​ត្រូវ​ផ្តល់​មួកសុវត្ថិភាព​ឲ្យ​កុមារ​ដោយ​មិន​គិតថ្លៃ​នៅ​គ្រប់​ហាង​លក់​ម៉ូតូ​ទាំងអស់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទី ឡុង អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នរគ​បាល​ជាតិ​បាន​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​សាលារៀន ដើម្បី​បង្កើន​ការយល់ដឹង​ពី​មួកសុវត្ថិភាព​ក្នុងចំណោម​កុមារ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទី ឡុង បាន​ពន្យល់ថា នៅ​ប្រទេសជិតខាង គ្រូបង្រៀន​នៅតាម​សាលារៀន​បាន​ដកព​ន្ទុ​ពី​សិស្ស​ណា​ដែល​មិន​ពាក់មួក​សុវត្ថិភាព ទោះជា​ជិះ​កង់​ឬក៏​ម៉ូតូ​ក៏ដោយ គឺ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​កុមារ​ឲ្យ​ពាក់មួក​សុវត្ថិភាព​បាន​គ្រប់ៗ​គ្នា​។

 លោក​ឧ​ត្ត​ម​បន្តថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប៉ះទង្គិច​ក្បាលមាន​ការកើនឡើង​នៅក្នុង​ចំណោម​កុមារ​អាយុ​ពី​៣​ទៅ​១៤​ឆ្នាំ ហេតុនេះ យើង​ទទូច​ឲ្យ​ឪពុក​ក​ម្តាយ និង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​កុមារ​ខ្លួនឯង​ផង​ត្រូវ​ប្រើ​មួកសុវត្ថិភាព​ជាប្រចាំ​នៅពេល​ធ្វើដំណើរ​។​

 ឯកឧត្តម រស់ សា​លីន ប្រធាន​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និយាយថា ក្រសួង​បានផ្តល់​ការគាំទ្រ​នូវ​គោលបំណង​ខាងលើ ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​។

​លោក​បាន​បញ្ជាក់ថា ”​ក្រសួង​បាន​បង្កើត​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍ ដោយមាន​យុទ្ធសាស្ត្រ​លើកទឹកចិត្ត​សិស្ស​នុ​សិស្ស​ទាំង​នៅ​វិទ្យាល័យ​និង​អនុវិទ្យាល័យ ដោយ​រួមទាំង​បឋមសិក្សា​ផង ឲ្យ​ប្រើប្រាស់​មួកសុវត្ថិភាព ខណៈដែល​ក្រសួង​អំពាវនាវ​សប្បុរសជន​ឲ្យ​ជួយឧបត្ថម្ភ​មួកសុវត្ថិភាព​ដល់​កុមា​រទាំង​អ្នកជិះ​កង់​និង​ជិះ​ម៉ូតូ​”​។

 ចំណែកឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទី ឡុង វិញ​ក៏បាន​បន្ទរ​ដែរ​ថា “​នៅពេល​កុមារ​កាន់តែច្រើន​ពាក់មួក​សុវត្ថិភាព​នៅពេល​ធ្វើដំណើរ នោះ​យើង​ពិតជា​អាច​សង្គ្រោះ​ពួកគេ​ពី​ការស្លាប់ ឬ​ការរង​របួស​ក្បាល​យូរអង្វែង​បាន​។ ហេតុនេះ យើង​ត្រូវតែ​រួមគ្នា​ការពារ​កុមារ​របស់​យើង​នៅលើ​ដងផ្លូវ​”​។

​ត្រូវ​រួមគ្នា​អនុវត្ត​ច្បាប់ ហើយ​យើង​ត្រូវ​ជួយសង្គ្រោះ​ជីវិត​កុមារ​របស់​យើង​នៅលើ​ដងផ្លូវ គឺ​សាមញ្ញ​បំផុត “​ឲ្យ​ពួកគេ​ពាក់មួក​សុវត្ថិភាព​”!


© រក្សាសិទ្ធិដោយ thmeythmey.com