ជាតិ
​សាលារៀន អន្តរទ្វីប អាមេរិកាំង ដឹកនាំ​ថ្នាក់​កុមារ​អបអរសាទរ​ទិវា​កុមារ​អន្ដរជាតិ និង​ទិវា​កុមារ​កម្ពុជា​
31, May 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ទិវា​កុមារ​អន្តរជាតិ ជា​ទិវា​ដ៏​វិសេស​មួយ​ដែល​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​០១ ខែមិថុនា ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​ដល់​សិទ្ធិ​កុមារ សំដៅ​ក្រើនរំឭក និង​បង្កើន​ការយកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ប្អូនៗ​កុមា​រលើ​ពិភពលោក​។ នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ​ដឹកនាំ​ប្អូនៗ​កុមារ​ជាច្រើន​រយ​នាក់ រួមទាំង​បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​យ៉ាងច្រើន​កុះករ​ចូលរួម​ប្រារព្ធ​នូវ​ពិធី​អបអរសាទរ​ទិវា​កុមារ​អន្ដរជាតិ និង​ទិវា​កុមារ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ​។​

 
​លោកស្រី ចាប ស្រី​ឃួន ចាងហ្វាង​ក្រោម​ម​ត្តេ​យ្យ ម​ត្តេ​យ្យ និង​បឋមសិក្សា បានលើកឡើង​ក្នុង​ពិធី​អបអរសាទរ​នាឱកាស​នោះ​ទាំង​ទឹកមុខ​ញញឹម​ថា ទិវា​កុមារ​អន្ដរជាតិ និង​ទិវា​កុមារ​កម្ពុជា ០១​មិថុនា មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ និង​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គមជាតិ​ក្នុងការ​យកចិត្តទុកដាក់​លើ​កុមារ ជាពិសេស​គឺ​ការប្រឆាំង​ទៅនឹង​ពលកម្ម​កុមារ ការជួញដូរ​កុមារ និង​ជួយ​ជំរុញ​ការអភិវឌ្ឍ​កុមារ ដែលជា​គ្រឹះ​ដ៏​ចម្បង​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​នាពេល​អនាគត​។ 
 
​លោកស្រី​បាន​បន្តថា កុមារ​ឆាប់​ទទួលរង​នូវ​សម្ពាធ និង​ឥទ្ធិពល​អូសទាញ​ពី​មជ្ឈដ្ឋាន​សង្គម​ជុំវិញ ចំពោះ​ការតម្រង់ទិស​និង​អប់រំ​កុមារ​ឱ្យបាន​ល្អ​គឺជា​ភារកិច្ច​របស់​យើង​គ្រប់រូប ហើយ​សាលារៀន​ចាំបាច់​ត្រូវ​ប្រារព្ធ​ទិវា​នេះ​ឡើង​ដើម្បី​ពង្រឹង​ដល់​សិទ្ធិ​កុមារ និង​ដើម្បី​អប់រំ​ឱ្យ​កុមារ​ស្គា​ល់ពី​តួនាទី​និង​សិទ្ធិ​ធំៗ​របស់ខ្លួន​ដែល​រួមមាន​ដូចជា សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួល​ការការពារ សិទ្ធិ​ក្នុងការ​ចូលរួម សិទ្ធិ​ក្នុងការ​អភិវឌ្ឍ និង​ចង់ឱ្យ​ពួកគេ​ចេះ​ប្រើប្រាស់​សិទ្ធិ​បាន​ត្រឹមត្រូវ​។​
 
​លោកស្រី​បានលើកឡើង​ទៀតថា កុមារ​គឺជា​មនុស្ស​ជាទី​ស្រឡាញ់​បំផុត និង​ជា​ចំណែក​មួយ​ដ៏​ធំធេង​របស់​ប្រជាជន​ទូទៅ កុមា​រទាំង​ពីរភេទ​ប្រៀបបាន​ទៅនឹង​ទំពាំង​ដែល​ត្រូវ​ស្នង​ឫស្សី និង​ជា​ក្ដីសង្ឃឹម​នៃ​យើង​រាល់គ្នា និង​ពិភពលោក​នាពេល​អនាគត​។ ការមិន​យក​ចិ​ត្ដ​ទុកដាក់​គិតគូរ​ចំពោះ​កុមារ គឺជា​ការលះបង់​នូវ​កាតព្វកិច្ច​របស់ខ្លួន​ជា​ពលរដ្ឋ​។ យើងទាំងអស់គ្នា​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​កុមារ​មាន​សុខ​ភាពល្អ ការអប់រំ​ល្អ និង​ចិញ្ចឹម​បីបាច់​ថែរក្សា​ឱ្យ​បានល្អ​ដើម្បីឱ្យ​ឫស្សី​មាន​ភាពរឹងមាំ ជា​បញ្ញវន្ត​ប្រកបដោយ​ចំណេះ ជំនាញ និង​សីលធម៌​ល្អ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​៕
 

(​អត្ថបទ​សាលា​)

Tag:
 aii
© រក្សាសិទ្ធិដោយ thmeythmey.com