ជាតិ
សម្តេច ហ៊ុន សែន ចេញ​ចំណាត់ការ​លើ​លោក ឡោក ហ៊ួ​រ ជុំវិញ​ទំនាស់​ដីធ្លី
30, May 2016 , 8:59 pm        
រូបភាព
​សម្តេច ហ៊ុន សែន ចេញ​ចំណាត់ការ​ភ្លាម​លើ លោក ឧកញ៉ា ឡោក ហ៊ួ​រ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ ។ លោក ឡោក ហ៊ួ​រ ត្រូវ​លោក ជា សុផារ៉ា​បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​បុគ្គល​ដែល​រំលោភ​ដីធ្លី កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅ​។

 
​ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈ​ចំណារ​របស់​សម្តេច ហ៊ុន សែន បានចេញ​ចំណាត់ការ​មួយចំនួន​លើក​លោក ឧកញ៉ា ឡោក ហ៊ួ​រ ជុំវិញ​ទំនាស់​ដីធ្លី​។ ចំណាត់ការ​នេះ កើតឡើង​មិន​ដល់​មួយខែ​ផង បន្ទាប់ពី​លោក ឡោក ហ៊ួ​រ ត្រូវបាន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​បុគ្គល​ដែល​រំលោភ​ដីធ្លី កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅ​។​

​ផ្អែក​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​២៧ ខែឧសភា ចំណាត់ការ​ទាំងនោះ​រួមមាន​៖​ទី​១ លោក ឡោក ហ៊ួ​រ ចូលរួម​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការរំលោភបំពាន និង​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយ​សុ​ឆន្ទៈ​បញ្ចប់ទំនាស់ និង​ស្មារតី​ទទួលខុសត្រូវ​។ ទី​២ រដ្ឋបាល​សុរិយោដី​ផ្អាក​ចុះបញ្ជី ឬ​ផ្ទេរ​ផ្លូវដី​ដែល​មិនទាន់​ដោះស្រាយ​រួច ចៀសវាង​ធ្វើ​ឲ្យ​ភាគី​រងគ្រោះ​កាន់តែ​រីក​រាលដាល និង​ជាការ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មោះ​ដដែល​(​ឡោក ហ៊ួ​រ​) បង្កទំនាស់ និង​មានលទ្ធភាព​ធ្វើ​សកម្មភាព​អសកម្ម​តទៅទៀត​។ និង​ទី​៣ ប្រធាន​ស្ថាប័ន​របស់លោក ឡោក ហ៊ួ​រ ត្រូវមាន​វិធានការ​សមស្រប ដោយ​លោក ឡោក ហ៊ួ​រ ជា​ឧ​ត្ត​ម​សេនីយ៍​នគរបាលជាតិ ក្រសួងមហាផ្ទៃ តែ​ព្យួរការងារ​ដើម្បី​អនុវត្តន៍​មុខងារ​បច្ចុប្បន្ន​ដែលជា​តំណាងរាស្ត្រ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៦ ខែឧសភា កន្លងមក លោក ជា សុផារ៉ា បាន​ព្រមាន​រៀបចំ​ឈ្មោះ​បុគ្គល​រំលោភ​ដីធ្លី​ពលរដ្ឋ ក្នុង​បញ្ជីខ្មៅ ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។  រហូតមកទល់​ពេលនេះ មានតែ​ឯកឧត្តម ឡោក ហ៊ួ​រ ម្នាក់​ទេ ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ ហើយ​ត្រូវបាន​ចាត់វិធានការ​នៅពេលនេះ​៕

Tag:
 ជា សុផារ៉ា​
  ​ឡោក ហ៊ួ​រ​
  ​ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com