អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីថ្មីហ្វីលីពីន ប្រកាសធ្វើការពីម៉ោង១រសៀល ដល់ម៉ោង១២ព្រឹក
×
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីនលោក Rodrigo Duterte បានប្រកាសថា លោកមានគម្រោងធ្វើការប្រចាំថ្ងៃរបស់លោក ចាប់ពីម៉ោង១រសៀល ដល់ម៉ោង១២ព្រឹក។ ជាមួយនឹងការប្រកាសនេះ លោកនិយាយថា លោកមិនខ្វល់នឹងម៉ោងធ្វើការរបស់អ្នកណាទេ ហើយលោកក៏នឹងជិះយន្តហោះរាល់ថ្ងៃពីទីក្រុងDavao ទៅរដ្ឋធានីម៉ានីល ដើម្បីធ្វើការផងដែរ។
លោក Rodrigo Duterte ដែលឈ្នះឆ្នោតប្រធានាធិបតីហ្វីលីពីន ប្រកាសថា ម៉ោងធ្វើការប្រចាំថ្ងៃរបស់លោក ដោយលោកនឹងមិនធ្វើការតាមម៉ោង៨ព្រឹក ដល់៥ល្ងាច នោះទេ។ ជំនួសមកវិញ លោកនឹងចាប់ផ្ដើមការងារជាប្រធានាធិបតីរបស់លោកនៅម៉ោង១រសៀល និងបញ្ចប់នៅម៉ោង១២ព្រឹក។
ក្នុងសន្និសីទកាសែត ដែលធ្វើឡើងកណ្ដាលយប់ក្នុងក្រុងDavao លោក Rodrigo Duterte បញ្ជាក់ថា លោកមិនខ្វល់នឹងម៉ោងការងារដែលចាប់ផ្ដើមពីម៉ោង៨ព្រឹក ដល់៥ល្ងាចទេ។ លោកបន្តថា៖ «អំឡុងពេលនោះ ខ្ញុំដេកទៅហើយ។ តើអ្នកបង្ខំឲ្យខ្ញុំធ្វើការដោយរបៀបណា»?
ជាមួយគ្នានេះ លោក Rodrigo Duterte ដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ក៏គ្មានគម្រោងរើផ្ទះរបស់លោក ក្នុងក្រុងDavao ទៅកាន់វិមានប្រធានាធិបតីនៅឯរដ្ឋធានីម៉ានីលដែរ។ លោក Durterte ដែលធ្វើជាអភិបាលក្រុងDavao អស់ពេល២០ឆ្នាំមកហើយនោះ ប្រកាសថា លោក នឹងជិះយន្តហោះទៅមកទីក្រុងម៉ានីល រៀងរាល់ថ្ងៃ រហូតដល់ពេលលោកអាចស៊ាំនឹងការរស់នៅក្នុងវិមានប្រធានាធិបតីបាន។ ហើយលោក នឹងធ្វើរបៀបនេះ យ៉ាងហោចណាស់ក៏រយៈពេលប៉ុន្មានថ្ងៃក្រោយការចូលកាន់តំណែងដែរ។
«គ្រែរបស់ខ្ញុំនៅទីនេះ។ បន្ទប់របស់ខ្ញុំនៅទីនេះ។ ផ្ទះរបស់ខ្ញុំ ជាទីមានផាសុខភាពរបស់ខ្ញុំ។ វាជារឿងសំខាន់ ដែលខ្ញុំត្រូវសម្រាក និងមុជទឹកឲ្យបានស្រួល»។ នេះជាការលើកឡើងរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ ពីទីក្រុងDavao ដែលផ្សាយតាមរយៈសារព័ត៌មាន The Strait Times។
សូមបញ្ជាក់ថា លោក Rodrigo Duterte ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៩ ខែឧសភា បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃយ៉ាងខ្លាំងលើរបៀបរបបការងាររបស់លោក។ ជាក់ស្ដែងនោះ លោក ជារឿយៗ តែងធ្វើសន្និសីទកាសែតនៅពេលពាក់កណ្ដាលអាធ្រាត្រ ឬពេលព្រឹកព្រលឹម។
ជាមួយគ្នានោះ បុរសរូបនេះក៏តែងប្រកាសពីគោលនយោបាយសំអាតអំពើពុករលួយ និង ឧក្រិដ្ឋកម្មក្នុងប្រទេសហ្វីលីពីន ដោយលោកថែមទាំងគំរាម ដាក់ទោសប្រហារជីវិតឧក្រិដ្ឋ ជនទៀតផង។ ចំពោះបញ្ហាសេដ្ឋកិច្ច លោកនឹងបន្តគោលនយោបាយរបស់ប្រធានាធិបតី ចប់អាណត្តិលោក Benigno Aquino ផងដែរ។
ឆ្លៀតពេលនោះ លោក Rodrigo Duterte ក៏សង្កត់ធ្ងន់ដែរថា ការងារសំខាន់របស់លោក គឺពិនិត្យឲ្យផ្ចិតផ្ចង់លើឯកសារទាំងអស់ មុនពេលលោកចុះហត្ថលេខា។ លោកបន្តថា លោកមិនចូលចិត្តចុះហត្ថលេខាលើឯកសារអ្វីទេ លុះត្រាតែលោកដឹងពីអ្វីដែលត្រូវចុះហត្ថលេខាជាមុនសិន៕
Tag:
ហ្វីលីពីន
Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com