អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម្ដាយមីង​មេដឹកនាំ​កូរ៉េខាងជើង​បើកហាង​បោក​អ៊ុត​នៅ​អាមេរិក​
30, May 2016 , 9:59 pm        
រូបភាព
លោកស្រី Ko Young-hee បង្រៀន គឹម ជុងអ៊ុន កាលពីក្មេង។ រូបថត Atimes
លោកស្រី Ko Young-hee បង្រៀន គឹម ជុងអ៊ុន កាលពីក្មេង។ រូបថត Atimes
​លោកស្រី Ko Yong Suk ជា​ម្ដាយមីង​លោក គីម ជុង​អ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង កំពុងតែ​បើកហាង​បោក​អ៊ុត​នៅ​ក្រុង​ញូវយ៉ក បន្ទាប់ពី​លោកស្រី​រត់​ភៀសខ្លួន​មក​ទីនេះ តាំងពី​ឆ្នាំ​១៩៩៨​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោកស្រី ជា​អ្នក​មើលថែ​លោក គីម កាលពី​លោក​រស់នៅ និង​រៀនសូត្រ នៅ​ប្រទេស​ស្វ៊ី​ស​។

 
​ជា​រឿង​ដែល​គួរ​ភ្ញាក់ផ្អើល ដែល​មីង​របស់​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង កំពុងតែ​បើកហាង​បោក​អ៊ុត និង​រស់នៅ​យ៉ាង​លាក់កំបាំង​លើទឹក​ដី​អាមេរិក​ជាស​ត្រូវ​របស់​ក្មួយប្រុស​នោះ​។ លោកស្រី ជា​ប្អូនស្រី​របស់​ម្ដាយ​លោក គីម ជុង​អ៊ុន ហើយ​លោកស្រី​នេះហើយ ដែល​ទទួលខុសត្រូវ​លើ​ជីវិត​ប្រចាំថ្ងៃ​របស់លោក គីម នៅពេល​រស់នៅ​ប្រទេស​ស្វ៊ី​ស​ក្នុង​ឆ្នាំ​១៩៩២​។
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត The Washington Post លោកស្រី Ko Yong Suk បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយចំនួន ក៏ដូចជា​ឆ្នាំ​កំណើត​ពិតប្រាកដ​របស់ គីម ជុង​អ៊ុន ដែល​មិនមាន​នរណា​ដឹង​ច្បាស់លាស់​។ លោកស្រី Ko និយាយថា គីម ជុង​អ៊ុន កើត​ក្នុង​ឆ្នាំ​១៩៨៤ មិនមែន​ដូច​ការរាយការណ៍​ថា កើត​ក្នុង​ឆ្នាំ​១៩៨២ ឬ​ឆ្នាំ​១៩៨៣​ទេ ព្រោះ​លោក គីម កើត​ក្នុង​ឆ្នាំ​ដំណាលគ្នា នឹង​កូនប្រុស​លោកស្រី​។ លោកស្រី​បាន​ឲ្យ​ដឹងថា លោកស្រី ជា​អ្នក​ដូរ​ខោ​ទឹកនោម​ឲ្យ​លោក គីម ជុង​អ៊ុន ទៀតផង​។
 
​បើតាម​លោកស្រី Ko ក្មួយ​របស់​លោកស្រី គឺ គីម ជុង​អ៊ុន មិនមែនជា​ក្មេង​បង្កបញ្ហា​ទេ ប៉ុន្តែ​ជា​ក្មេង​ឆាប់​ខឹង និង​មិនសូវ​អំណត់​ទេ​។ លោកស្រី​បន្តថា នៅពេល​ម្ដាយ (​ម្ដាយ​លោក គីម ជុង​អ៊ុន​) បន្ទោស ដោយសារ​លេង​ច្រើន ឬ​រៀន​មិន​ពូកែ លោក គីម មិន​និយាយ​អ្វី​ត្រលប់​វិញ​ទេ តែ​លោក​នឹងធ្វើ​រឿង​អ្វី​ផ្សេង ដូចជា​មិន​ញាំ​បាយ​ជាដើម​។​
 
​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​លោកស្រី Ko បង្ហើប​ក្នុង​កិច្ច​សម្ភាស​នោះ គឺ​ការ​ស្នង​តំណែង​របស់លោក គីម ជុង​អ៊ុន​។ ស្ត្រី​រូបនេះ​បញ្ជាក់ថា លោក គីម ជុង​អ៊ុន ដឹងថា​លោក​នឹង​ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង តាំងពី​ឆ្នាំ​១៩៩២ មក​ម្លេះ​។ លោកស្រី​និយាយថា សញ្ញា​នៃ​រឿងនេះ​បាន​លេចចេញ គឺ​នៅពេល​ខួបកំណើត​អាយុ​៨​ឆ្នាំ​របស់លោក គីម ជុង​អ៊ុន ដែល​ពេលនោះ មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េខាងជើង​។​
 
​សូមបញ្ជាក់ថា លោកស្រី Ko និង​ប្ដី​លោកស្រី Ri Gang ព្រមទាំង​កូន​បីនាក់ បាន​ភៀស​ទៅ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៨ បន្ទាប់ពីរ​ត់ទៅ​ស្ថានទូត​អាមេរិក​ក្នុងប្រទេស​ស្វ៊ី​ស​។ ក្រុមគ្រួសារ​លោកស្រី ក៏ត្រូវ​ដឹក​ទៅកាន់​មូលដ្ឋាន​យោធា​អាម​រិ​ក នៅ​ទីក្រុង​Frankfurt ប្រទេស​អាល្លឺម៉ង់ មុននឹង​បញ្ជូន​ទៅកាន់​អាមេរិក ដែល​នៅ​ទីនោះ​ពួកគេ​ត្រូវបាន​សួរចម្លើយ​។ នៅ​ទឹកដី​អាមេរិក លោកស្រី ប្រហែលជា​ទទួលបាន​កា​រ​ឧបត្ថម្ភ​ពី​សំណាក់​ភ្នាក់ងារ​CIA មុននឹង​ចាកចេញ​ពី​ក្រុង​វ៉ាស៊ីនតោន និង​ធ្វើ​ជំនួញ​ខ្លួនឯង ព្រមទាំង​បន្ត​លាក់​អត្តសញ្ញាណ​ជា​សាច់ញាតិ​ជិតដិត​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​៕

Tag:
 គីម​ជុង​អ៊ុន​
  ​កូរ៉េខាងជើង​
  ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com