អន្តរជាតិ
ដូ​ណា​ល់ ត្រាំ បន្ទោស អូ​បា​ម៉ា​ដែល​មិន​លើក​ពី​បញ្ហា​ជប៉ុន​វាយប្រហារ Pearl Harbor
30, May 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ខ្លាំងៗ​ពី​ការអញ្ជើញ​ទៅកាន់​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា របស់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ចុង​សប្តាហ៍​មុននេះ​។ លោក ដូ​ណា​ល់ ត្រាំ ថា លោក អូ​បា​ម៉ា គួរតែ​លើកយក​រឿងរ៉ាវ​ប្រវត្តិ​សាស្ត្រ​ដែល​ជប៉ុន​វាយប្រហារ​មូលដ្ឋាន​យោធា​អាមេរិក (Pearl Harbor ) នៅ​ហា​វ៉ៃ​សម័យ​សង្គ្រាមលោកលើកទី​២​។

  

​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​ទិតៀន​វត្តមាន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា កាលពី​ចុង​សប្តាហ៍​មុន ដោយ​លោក​ទាញយក​បញ្ហា​ប្រវត្តិសាស្ត្រ​ដែល​ជប៉ុន​វាយប្រហារ​មូលដ្ឋាន​យោធា​អាមេរិក Pearl Harbor ឆ្នាំ ១៩៤១ ។ លោក​ចង់​ពន្យល់ថា ប្រធានាធិបតី អាមេរិក​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​ជប៉ុន ខណៈដែល​ជប៉ុន​មិន​ដែរ​មាន​ចេតនា​គោរព​វិញ្ញាណក្ខន្ធ​អាមេរិក​ដែល​ស្លាប់​នៅ Pearl Harbor​សោះ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គ្រាម Twitter ថា​៖« តើ​លោក អូ​បា​ម៉ា ធ្លាប់​ជជែក​ពី​ការវាយប្រហារ​លើ​មូលដ្ឋានទ័ព​នៅ Pearl Harbor  ស្របពេល​ដែល​លោក​នៅ​ជប៉ុន​? ប្រជាជន​អាមេរិក​រាប់ពាន់នាក់​ស្លាប់បាត់​បង់ជីវិត​?»​។

​កាលពី​ថ្ងៃ​សុក្រ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក ដំបូង​បំផុត​ដែល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​ជប៉ុន​ដែល​ស្លាប់​ក្នុង​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ចាប់តាំងពី​អាមេរិក​ទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ជប៉ុន​នោះ​។ អាមេរិក​តែងតែ​អះអាងថា ការទម្លាក់​គ្រាប់បែក​នេះ​គឺ​ដើម្បី​ព​ន្លឿ​ន​ការបញ្ចប់​សង្គ្រាមលោកលើកទី ២ ប៉ុណ្ណោះ ហើយ​ប្រជាជន​និង​រដ្ឋាភិបាល​ជប៉ុន​តែងតែ​បង្ហាញ​ការសោកស្តាយ​ចំពោះ សកម្មភាព​របស់ខ្លួន​ក្នុងសម័យ​សង្គ្រាម​ផងដែរ​។ ប៉ុន្តែ​ជប៉ុន​គ្មាន​គម្រោង​សូម​អភ័យទោស​ឬ​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​អាមេរិក​ដែល​ស្លាប់​ដោយសារ​ការវាយប្រហារ​របស់ខ្លួន​ឡើយ​។​

​ពាក់ព័ន្ធ​រឿង​ជប៉ុន​វាយប្រហារ​កំពង់ផែ Pearl Harbor នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បាន​ថ្លែងថា លោក​គ្មាន​គម្រោង​ជាក់លាក់​ណាមួយ​ដើម្បី​ទៅ​ទស្សនកិច្ច​កំពង់ផែ Pearl Harbor នៅ​ហា​វ៉ៃ​ឡើយ​។​

 តាមពិតទៅ​ចេតនា​សំខាន់​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺ ចង់​មាន​មរតក​សំខាន់​មួយ​ដែល​ជំរុញ​ឲ្យ​មានការ​បំបាត់​ចោលការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រទូ​ទាំង​ពិភពលោក​មុន​លោក​ចាក​ចេញពី​តំណែង​នៅ​ដើមឆ្នាំ​ក្រោយ​។ 

​សូមបញ្ជាក់ថា ជប៉ុន​បាន​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅ Pearl Harbor ថ្ងៃ ៧ ខែធ្នូ​ឆ្នាំ ១៩៤១​ហើយ​ការវាយប្រហារ​ដោយ​គ្មាន​ប្រកាស​ដំណឹង​មុននេះ​បានសម្លាប់​ទាហាន​និង​ប្រជាជន​អាមេរិក​អស់​ប្រហែល ២៤០០​នាក់ ហើយ​ការវាយប្រហារ​នេះ​ក៏បាន​ដាស់​ឲ្យ​អាមេរិក​ហាក់​ប្រឡូក​ក្នុង​សង្គ្រាមលោកលើកទី​២​ផងដែរ​៕

Tag:
 Pearl Harbor
  ​បា​រ៉ា​ក់ អូ​បា​ម៉ា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com