ជាតិ
លោក ខៀវ មុត ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ជំនួស​សម្តេច នរោត្តម បុ​ប្ឆា​ទេវី​
30, May 2016 , 10:39 pm        
រូបភាព
 ​ភ្នំពេញ​៖ លោក ខៀវ មុត អតីត​រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៣ ។ ការជ្រើសតាំង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ ។​



​បេក្ខជន​ដែល​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា មាន​ចំនួន​៦​រូប​។ ប៉ុន្តែ​តំណាងរាស្ត្រ​ទាំង​៦៨​នាក់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​លោក ខៀវ មុត តែ​ម្នាក់​ប៉ុណ្ណោះ​។ តំណាងរាស្ត្រ​៥៥​នាក់​ទៀត​ពី​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិការ មិន​ចូលប្រជុំ​ឡើយ​។​

​រដ្ឋសភា ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ថ្មី គឺ​ដើម្បី​ជំនួស​សម្តេច​បុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែល​បាន​សុំលាលែង​ពី​តំណែង នាពេល​ថ្មីៗ​នេះ​។

​មាត្រា​១០០ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​៖«​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ​។ សមាជិក​ព្រឹទ្ធសភា​ចំនួន ២​រូប ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង​តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប​។ រីឯ​សមាជិក​ព្រឹទ្ធសភា​ឯទៀត ត្រូវបាន​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​អសកល​»​។​

Tag:
 ​រដ្ឋសភា​
  ខៀវ មុត​
© រក្សាសិទ្ធិដោយ thmeythmey.com