ជាតិ
ប​សស ពង្រីក​សេវា​ថែទាំ​សុខភាព ដល់​គ្រួសារ​កម្មករ នឹង​គ្រោង​រៀបចំ​សម្រាប់​មន្ត្រីរាជការ​…
30, May 2016 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​(​ប​សស​) នឹង​រៀបចំ​បន្ត​ពង្រីក​វិសាលភាព​សមាជិក លើ​ការ​អនុវត្ដ​សេវា​ថែទាំ​សុខភាព​ដល់​ក្រុមគ្រួសារ និង​សាច់ញាតិ​កម្មករ ហើយ​គ្រោង​រៀបចំ​សម្រាប់​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ទៀតផង​។ នេះ​បើតាម​AKP ដែល​បាន​ដកស្រង់​ប្រសាសន៍ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​សិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយ​គោលនយោបាយ នៃ​ការ​អនុវត្ដ​របប​សន្ដិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពី​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៦​។

 
  
 
​ការដាក់ឱ្យ​អនុវត្ដ​ន៍​របប​សន្ដិសុខ សង្គម ផ្នែក​ថែទាំ​សុខភាព​នេះ នឹង​ចាប់ផ្ដើម​មុនគេ សម្រាប់​កម្មករ នៅតាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ផ្នែក​វិស័យ​ឯកជន​។ នេះ​បើតាម​ប្រសាសន៍​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្តថា បន្ទាប់ពី​ការ​អនុវត្ដ​ន៍​ឱ្យបាន​ដល់​កម្មករ​ទូទាំង ប្រទេស​រួចមក ជា​ជំហាន​បន្ត ប​សស នឹង​រៀបចំ​ពង្រីក​វិសាលភាព​ទៅដល់​សមាជិកគ្រួសារ​ក​ម្មករ បន្ថែមទៀត ដើម្បី​ជួយ​ការពារ​សុខភាព និង​ការព្យាបាល​ដោយ​មិន​គិតលុយ ពេល​មាន​គ្រោះថ្នាក់ ឬ​មាន​ជំងឺ​ផ្សេងៗ​កើតឡើង​។

​បើតាម​AKP លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ការថែទាំ​សុខភាព​មិនមែន​សម្រាប់​តែ​លើ​បញ្ហា​គ្រោះថ្នាក់​ការងារ​តែមួយ​មុខ​នោះទេ ប៉ុន្ដែ​ក្រុមគ្រួសារ ប្រពន្ធ ឬ​ប្ដី និង​កូន​ក្នុងបន្ទុក ពេល​មាន​ជំងឺ​ឈឺ​ស្កាត់​នៅក្នុង​គ្រួសារ បេឡា​ជាតិ​របប សន្ដិសុខ​សង្គម អាចជួយ​ព្យាបាល​ជំងឺ ឬ​ការជួយ​ឧ​បត្ដ​ម្ភ​ថវិកា​បន្ថែមទៀត​»​។ 

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា ក្រៅពី​ការ​ការដាក់ ឱ្យ​អនុវត្ដ​ន៍​របប​សន្ដិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព សម្រាប់​កម្មករ និយោជិត សហគ្រាស គ្រឹះស្ថាន​វិស័យ​ឯកជន​នោះ ប​សស ក៏​កំពុង​រៀបចំ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​សិក្សា សម្រាប់​ផ្ដល់ជូន​សេវា​ថែទាំ​សុខភាព​នេះ ទៅដល់​មន្ដ្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​បន្ថែមទៀត​។

​ចំណែក លោក អ៊ុក សមវិទ្យា នាយក​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ បាន​បញ្ជាក់ថា ការដាក់ឱ្យ​ដំណើរការ​របប​សន្ដិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព នឹង​ចាប់ផ្ដើម អនុវត្ដ​ន៍ មុនគេ​នៅ​រាជធានី​ភ្នំពេញ ខេត្ដ​កណ្ដាល និង​ខេត្ដ​កំពង់ស្ពឺ និង​បន្ដ​ពង្រីក​វិសាលភាព​ឲ្យ​បាន​ទូទាំងប្រទេស​។

«​ការ​អនុវត្ដ​របប​ថែទាំ​សុខភាព​នេះ បាន​ជួយ​ធានា​ដល់​ការផ្ដល់សេវា​ព្យាបាល និង​ថែទាំ វេជ្ជសាស្ដ្រ ព្រមទាំង​ការផ្ដល់ប្រាក់​បំណាច់​ប្រចាំថ្ងៃ សម្រាប់​រយៈពេល​នៃ​ការផ្អាក​ការងារ ដោយ​ការព្យាបាល​ជំងឺ និង​គ្រោះថ្នាក់​ផ្សេងៗ​ក្រៅពី​ហានិភ័យ​ការងារ និង​ការ​សម្រាក​មាតុភាព​» នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុក សមវិទ្យា​។ លោក​បន្ថែមទៀតថា ការដាក់ឱ្យ​អនុវត្ដ​ន៍​របប​ថែទាំ​សុខភាព​ការងារ​នេះ បានផ្ដល់​ប្រយោជន៍​ទៅដល់​ប្រពន្ធ ឬ​ប្ដី និង​កូន នៅក្នុង​បន្ទុក​ផ្ទាល់​នៃ​សាមីជន​ដែលជា​សមាជិក​បេឡា​ជាតិ របប​សន្ដិសុខ​សង្គម ក្រោយពី​ទទួល មរណភាព​ដោយ​ហានិភ័យ​ការងារ​។

​សូមបញ្ជាក់ថា គិត​រហូតមក​ដល់ពេលនេះ មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​បានមក​ចុះ បញ្ជី​កា​ចូល​ជា​សមាជិក​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម ជាង​៨​ពាន់​សហគ្រាស និង​មាន​កម្មករ និយោជិត ជា​សមាជិក​ចំនួន​ជាង​១​លាន​២០​ម៉ឺន​នាក់ ហើយ​បេឡា​ជាតិ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មន្ទីរពេទ្យ និង​មូលដ្ឋាន​សុខាភិបាល​រដ្ឋ និង​ឯកជន​ប្រមាណ​៩៥​មូលដ្ឋាន​សុខាភិបាល​នៅ​ទូទាំងប្រទេស សម្រាប់​ព្យាបាល​ជូន ដល់​បង ប្អូន​កម្មករ និយោជិត​៕ 

Tag:
 ប​បស​
  អ៊ិត សំហេង​
© រក្សាសិទ្ធិដោយ thmeythmey.com