ជាតិ
រថភ្លើង​ដឹក​អ្នកដំណើរ​ថ្មី ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ នឹកឃើញ​ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ក្នុងសម័យ​ខ្មែរក្រហម​
01, Jun 2016 , 8:19 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ អស់​ពេល​ជាង​៣​ទសវត្សរ៍​មកហើយ ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ​។ ក៏ប៉ុន្តែ​ការ​ធ្វើទុក្ខបុកម្នេញ​នៅក្នុង​របប​នេះ ការបាត់បង់ និង​ការចងចាំ​ដ៏​សោកសង្រេង​នានា នៅតែ​បន្ត​ដក់​ជាប់​ក្នុងការ​ចងចាំ​របស់​អ្នក​រស់រានមានជីវិត មិន​ថា​នៅ​កន្លែង​ណា ឬក៏​ពាក់ព័ន្ធ​នឹង​វិស័យ​អ្វី​នោះទេ​។

 
​ផ្លូវដែក​ខ្មែរ មាន​ពីរ​ខ្សែ គឺ​មួយ​ខ្សែ​រត់​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​មួយ​ខ្សែ​ទៀត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ​នៅ​ភាគ​និរតី​។ ខ្សែ​រថភ្លើង​ទាំងពីរ​ខ្សែ​នេះ ក៏​នៅ​ដិតដាម​អនុស្សាវរីយ៍​ដ៏​ជូរចត់​សម្រាប់​ប្រជាជន​ខ្មែរ​មួយចំនួន​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​អ្នកស្រាវជ្រាវ​។​

​ឯកសារ​ដែល​បាន​បន្សល់ទុក​មក​បាន​ឱ្យដឹងថា រថភ្លើង​នៅតែ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ នៅក្នុង​រូបថត​ឯកសារ​មួយ​សន្លឹក គេ​អាច​ឃើញ​មេដឹកនាំ​បក្សកុម្មុយនិស្ត​កម្ពុជា រួមមាន​ប៉ុល ពត​, នួន ជា​, វ៉ន វ៉េ​ត និង តា​ម៉ុក ជាដើម ជិះ​រថភ្លើង​រួមគ្នា​ក្នុង​ទូរថភ្លើង​តែមួយ​។​

​នៅ​ចំពេល​ដែលមាន​ការដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ក្រុងព្រះសីហនុ កាលពី​ចុងខែ​មុន អ្នកស្រាវជ្រាវ និង​អ្នក​រស់រានមានជីវិត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​រំឭក​ឡើងវិញ​ពី​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​ដែក ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ដោយ​បង្ខំ កាលពី​ប្រមាណ​៤០​ឆ្នាំមុន​។​

​បើ​យោងតាម​ការប៉ាន់ប្រមាណ​របស់​អ្នកស្រាវជ្រាវ មាន​មនុស្ស​ជាង​កន្លះ​លាន​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ភូមិភាគ​ពាយព្យ​នៃ​ប្រទេស​ដើម្បី​ទៅធ្វើ​ការ​ដោយ​បង្ខំ ហើយ​រថភ្លើង​ត្រូវបាន​គេ​ដឹងថា​ជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​សំខាន់​គាំទ្រ​ដល់​កិច្ចការ​ជម្លៀស​បម្លាស់​ទី​ដោយ​បង្ខំ​នេះ​។​



​លោកស្រី លី ឆវី វ័យ​៦០​ឆ្នាំ នៅតែ​ចងចាំ​ច្បាស់​អំពី​ហេតុការណ៍​កាលពី​៤០​ឆ្នាំមុន ដែល​ខ្លួន​លោកស្រី ព្រមទាំង​ក្រុមគ្រួសារ ត្រូវបាន​ក្រុមខ្មែរក្រហម​ជម្លៀស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្រោយ​រដ្ឋធានី​ភ្នំពេញ​ត្រូវបាន​កងកម្លាំង​កុ​ម្មុយ​និ​ស្ត​វាយ​បែក នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។​

​លោកស្រី លី ឆវី និង​ក្រុមគ្រួសារ បាន​ស្នាក់នៅ​មួយរយៈ​ក្នុង​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​លំនៅឋាន​ក្នុង​ទីក្រុង​ភ្នំពេញ​។ ក៏ប៉ុន្តែ​មាន​បទបញ្ជា​មួយ ឱ្យ​ដឹកជញ្ជូន​លោកស្រី ក្រុមគ្រួសារ និង​អ្នកភូមិ​ដទៃទៀត​ជាបន្ទាន់​ទៅកាន់​ស្ថានីយ​រថភ្លើង​ភ្នំពេញ​។​

«​គេ​អត់​ប្រាប់​[​ថា​ទៅណា​]​ទេ គ្រាន់តែ​ហៅ​ឡើង​ឡាន​មក គ្រាន់តែ​ហៅ​ឡើង​ឡានៗ ឱ្យ​លឿនៗ អ្នកណា​យក​អ្វី​បាន បាន​ទៅ អ្នកណា​យក​មិនបាន អត់​ទៅ​»​។​

​លោកស្រី ឆវី ដែល​បាន​រៀបរាប់​សាច់រឿង​នេះ​ប្រាប់ VOA តាមរយៈ​ទូរស័ព្ទ​ពី​គេហដ្ឋាន​របស់លោក​ស្រី​នៅ​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បើទោះជា​មកដល់​ស្ថានីយ​រថភ្លើង​ធំ​នៅ​ភ្នំពេញ​ពេលយប់​ទៅហើយ​ក្ដី ក៏​លោកស្រី​អាច​នឹង​មើលឃើញ​ទិដ្ឋភាព​នា​គ្រានោះ និង​រៀបរាប់​ឡើងវិញ​បាន​យ៉ាង​ក្បោះក្បាយ​។​

«​ច្រើន​! ច្រើនណាស់ ទៅដល់​គេ​ហៅ​ចុះ​ព្រឹបៗ ឡាន​គេ​ចេះតែ​បញ្ជូនមក​បន្ត​អ៊ីចឹងទៅ អាណា​ឡើង​បា​រ៉ុង​(​ទូ​)​ណា​ឡើងទៅ អាណា​ឡើង​ជិះ​ណា​ឡើងទៅ ហៅ​ឡើងៗ​អីចឹង​ទៅ​។ មកដល់​រ៉ា​រទេះភ្លើង​អ៊ីចឹងទៅ គេ​ហៅ​ឡើង​អ៊ីចឹងទៅ គេ​ចែក​នំប៉័ង​ឱ្យ​ម្នា​ក់មួយ ឱ្យ​ស្ករ​នោះ​ម្នា​ក់មួយ​ផែន រួច​ទៅ​អត់​មានទឹក​ញ៉ាំ​ទេ​»​។​

​មិនមាន​នរណាម្នាក់​នៅ​រថភ្លើង​នោះ​ដឹង​ឡើយ​ថា ក្រុមខ្មែរក្រហម​កំពុង​ដឹកជញ្ជូន​ពួកគេ​ទៅកាន់​ទីណា​នោះ​។ អ្នកជំនាញ​បាន​ហៅ​ការជម្លៀស​មនុស្ស​នេះ​ថា ជាការ​ជម្លៀស​ដោយ​បង្ខំ​លើក​ទី​ពីរ​ជា​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​ព្រឹត្តិការណ៍​ជម្លៀស​ថ្ងៃ​១៧​មេសា​។​

​អ្នកនាង ស៊ិ​រិ សា​វី​ណា នាយក​សារមន្ទីរ​នៃ​ការចងចាំ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ដែលជា​មជ្ឈមណ្ឌល​សិក្សា​អំពី​ករណី​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​និយាយថា​មនុស្ស​ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ភូមិឋាន​ថ្មី ទី​ដែល​ពួកគេ​ប្រឈមមុខ​នឹង​ការធ្វើការ​ហួសកម្លាំង ការហូបចុក​មិន​គ្រប់គ្រាន់ បាន​ពើបប្រទះ​នឹង​ជំងឺ​ដ​ង្កា​ត់​ជាច្រើន​មុខ​។​

«​ដោយសារ​គាត់​ត្រូវ​ទៅធ្វើ​ការ​ធ្ងន់ ហើយ​ជាទូទៅ​នៅ​តំបន់​ភូមិភាគ​ពាយ័ព្យ​ហ្នឹង កម្រិត​អាហារ​ក៏​តិចតួច ការងារ​ក៏​ធ្ងន់ធ្ងរ​ជាង​នៅ​តំបន់​ផ្សេង ហើយ​ភាគច្រើន​ក៏​ស្លាប់​ដោយសារ​ជំងឺ​ដែរ​។ ជាទូទៅ អ្នក​ដែល​ទៅ​ហ្នឹង បើសិនជា​រួច​រស់​ជីវិត​មកវិញ ភាគច្រើន​បានមក​វិញ​តែម្នាក់ឯង​។ អ៊ីចឹង​អ្នក​ទៅ​ហ្នឹង​ភាគច្រើន​ស្លាប់​ទាំងអស់​»​។​

​អ្នកនាង សា​វី​ណា បាន​បញ្ជាក់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែលជា​ស្លាប​ដឹកនាំ​កាច់ចង្កូត​របស់​បក្សកុម្មុយនិស្ត​កម្ពុជា ជា​អ្នកចេញ​បញ្ជា​ឱ្យមាន​ការជម្លៀស​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​ពីរ​នេះ ដែលមាន​រយៈពេល​ចន្លោះ​ពី​អំឡុង​ចុងឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៧​។​

​ដូចដែល​បាន​រៀបរាប់​ខាងដើម ទិដ្ឋភាព​នៃ​ការជម្លៀស​មាន​លក្ខណៈ​ចាប់បង្ខំ និង​គ្មាន​ឡើយ​ពាក្យ​ថា ផាសុកភាព និង​មនុស្សធម៌​។ នេះ​បើតាម​ការ​ដំណាល​ឱ្យដឹង​ជា​បន្ត​របស់​លោកស្រី លី ឆវី ដែលជា​សាក្សី​។​

«​ដូច​ថា​ខ្ញុំ​នៅ​ទូ​ហ្នឹង​អ៊ីចឹង មាន​អ្នកយាម​គេ​ពីរ​នាក់ គេ​ដើរ​មើល ដើរទៅ​ដើរមក គេ​មាន​ពិល​កាន់​។ គេ​ដើរទៅ​ដើរមក​មើល​អ៊ីចឹង អាណា​យំ​ខ្លាំង​អី វា​ស្រែក​៖ មិនបាច់​យំ​មិនបាច់​អី​ទេ ជិត​ដល់​ហើយ ហ្អែ​ង​តែ​យំ អញចាប់​ហ្អែ​ង​បោះ​ទៅដល់​ដី​ឥឡូវ​។ អត់ឱ្យ​ហ្អែ​ង​ជិះរទេះ​ភ្លើង​ឥឡូវ​»​។​

​សាច់ញាតិ បងប្អូន ឪពុកម្ដាយ សមាជិកគ្រួសារ​ជាង​ពាក់កណ្ដាល របស់លោក​ស្រី លី ឆវី មិនមាន​ជីវិត​ត្រលប់​មកវិញ​ឡើយ​។​

​នៅ​ចំ​ពេលដែល រថភ្លើង​ខ្មែរ​មាន​ដង្ហើមរស់​ឡើងវិញ ជាមួយនឹង​ជំនួយ​ពី​បរទេស និង​ការវិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នោះ អ្នកនាង ស៊ិ​រិ សា​វី​ណា បាន​លើកឡើងថា អ្នកដំណើរ​តាម​រថភ្លើង​ជំនាន់​ថ្មី​នេះ គួរតែ​សិក្សា​ជា​មេរៀន​ផងដែរ​នូវ​ប្រវត្តិ​នៃ​ការជម្លៀស​ដែល​មិនសូវមាន​អ្នក​ដឹងឮ​មួយ​នេះ​។​

«​ក្មេងៗ ក៏​គួរតែ​ដឹង​អំពី​ប្រវត្តិសាស្ត្រ និង​បទពិសោធ​យ៉ាង​ម្ដេច​ខ្លះ ទាក់ទង​នឹង​សម័យកាល​ផ្សេងៗ ជាពិសេស​នៅ​សម័យ​ខ្មែរក្រហម​ហ្នឹង​។ យើង​កុំភ្លេចថា ហ្នឹង​ជាការ​បញ្ជូន​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ទៅ​តំបន់​ផ្សេងៗ​[​តាម​រថភ្លើង​]​ហ្នឹង​។ វា​ជាការ​ចាប់ផ្ដើម​នៃ​ការកាប់សម្លាប់ ការ​បង្អត់អាហារ និង​ការធ្វើការ​ធ្ងន់​អី​ជាដើម​»​។​

​លោក ច័ន្ទ សំឡេង ប្រធាន​នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា មិន​ត្រឹមតែ​ប្រជាជន​ទេ​ដែល​រង​ទុក្ខ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​តាម​រថភ្លើង សូម្បីតែ​កម្មករ​ផ្លូវដែក​មួយចំនួន ក៏​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ និង​ធ្វើបាប​ឱ្យ​ធ្វើការ​ហួសកម្លាំង​បង្ក​ជាការ​ឈឺចាប់ «​មិនអាច​បំភ្លេចបាន​មកទល់នឹង​សព្វថ្ងៃ​»​។​

​បើទោះជា​ខ្មែរក្រហម​បាន​ប្រើប្រាស់​រថភ្លើង​ដឹកជញ្ជូន​មនុស្ស​ដោយ​បង្ខំ​យ៉ាងណាក្ដី ក៏ប៉ុន្តែ​រថភ្លើង​នេះហើយ​ដែល ត្រូវបាន​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​សត្រូវ​បងប្អូន​ឯ​ង‍​» របស់​អ្នកកាសែត​ជនជាតិ​ឥណ្ឌា ណា​យ៉ាន់ ចាន់​ដា (Nayan Chanda) សរសេរថា បាន​ជួយ​ជម្លៀស​អតីតរដ្ឋមន្ត្រី​ការបរទេស​នៃ​របប​នោះ គឺ​លោក អៀង​សារី នៅ​ព្រឹក​ថ្ងៃទី​៧​មករា​ឆ្នាំ​១៩៧៩​គេច​ចេញពី​ការ​វាយ​ដណ្ដើម​ទីក្រុង​ភ្នំពេញ​របស់​កង​ទ័ព​វៀតណាម​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com