បទវិភាគ
សង្គមជាតិ
ជួញ​ជិត ប្រសើរ​ជាង​ជួញ​ឆ្ងាយ ឬ​ជួញ​ឆ្ងាយ​ប្រសើរ​ជាង​ជួញ​ជិត​?
18, Jun 2016 , 9:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចលនា​ចំណាកស្រុក គឺជា​ចលនា​មួយ​កំពុង​ផុសផុល​គួរឱ្យកត់សម្គាល់​។ ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជាពិសេស គឺ​ការធ្វើ​ចំណាកស្រុក​ពី​ខេត្ត​នានា​មក​រាជធានី​ភ្នំពេញ និង ពី​ខេត្ត​នានា​ដែល​មិនសូវមាន​សេដ្ឋកិច្ច​រីកចម្រើន មិនសូវមាន​ការងារ​ធ្វើ ទៅ​ខេត្ត​នានា​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​និង​សម្បូរ​ការងារ​ធ្វើ​ជាង​។ លើសពីនេះ​ទៀត ពលករ​ខ្មែរ​មួយចំនួន​ក៏បាន​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​បរទេស​ដែរ ជាពិសេស នៅ​ប្រទេស​ថៃ កូរ៉េ ម៉ាឡេស៊ី ជាដើម​។ អ្នកធ្វើ​ចំណាកស្រុក​មួយចំនួន​ទទួលបាន​សំណាងល្អ ឯ​អ្នក​មួយចំនួនទៀត​ទទួលបាន​សំណាងអាក្រក់ តើ​មាន​កត្តា​រួមផ្សំ​អ្វីខ្លះ​ចំពោះ​បញ្ហា​នេះ​?

 
​ការធ្វើ​ចំណាកស្រុក គឺជា​ចលនា​មួយ​ដែល​កើតមាន​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក មិនមែន​មានតែ​នៅ​កម្ពុជា​ទេ​។ ប៉ុន្តែ អ្វីដែល​យើង​គួរ​យកចិត្តទុកដាក់​នោះ ថា​តើ ការធ្វើ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ខ្មែរ ទាំង​ផ្ទៃ​ក្នុងប្រទេស​និង​ក្រៅប្រទេស ធ្វើឡើង​ក្រោយពី​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​និង​គ្រប់គ្រាន់ ដោយ​សុវត្ថិភាព ស្របច្បាប់ និង ទទួលបាន​ស្ថានភាព​ប្រសើរ​ជាង​កន្លែង​ដែល​ពួកគេ​កំពុង​រស់នៅ​ដែរឬទេ​?​។ 
 
​ដើម្បី​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ប្រកបដោយ​សុវត្ថិភាព ពលករ​ចំណាកស្រុក​គួរ​ទទួលបាន​ការអប់រំ កា​ណែនាំ ការផ្ដល់​ព័ត៌មាន និង ការការពារ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង មន្ត្រី​ស្ថានទូត​ឬ​ស្ថាន​កុង​ស៊ូ​ល​របស់​កម្ពុជា​ដែលមាន​តាំងនៅ​ក្នុងប្រទេស​ដែល​ពួកគេ​ទៅរក​ការងារ​ធ្វើ​នោះ​។ 
 
​យោងតាម​ការសិក្សា​និង​ការពិនិត្យសង្កេត មូល​ហេតុដែល​នាំឱ្យមាន​ចំណាកស្រុក អាចមាន ដូចជា ភាពក្រីក្រ​និង​ការខ្វះ​ដី​សម្រាប់ធ្វើ​ស្រែចំការ​, កង្វះ​ការងារ​ធ្វើ​និង​ការងារ​មិនមាន​ស្ថិរភាព​, លក្ខខណ្ឌ​ការងារ​មិនល្អ​ប្រសើរ​(​ប្រាក់ខែ​តិច មានការ​រំលោភ​ពី​និយោជក បរិស្ថាន​ការងារ​មិនល្អ​ប្រសើរ​...), កង្វះ​ប្រព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ឆាប់រហ័ស​សម្រាប់​ផ្ដល់ព័ត៌មាន​អំពី​តម្រូវការ​កម្លាំង​ពលកម្ម និង តម្រូវការ​ការងារ​ធ្វើ​, ទំនាក់ទំនង​រវាង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង ប្រជាពលរដ្ឋ មិនទាន់មាន​ភាពស្និទ្ធស្នាល មិនទាន់មាន​និរន្តរភាព ភាពស្មោះត្រង់ និង មិនទាន់មាន​ការយល់​ច្បាស់​ពី​តម្រូវការ​របស់​គ្នា​ទៅវិញទៅមក​។​ល​។​
 
​តាមពិត​នៅមាន​មូលហេតុ​ជាច្រើន​ទៀត​ដែល​យើង​មិនបាន​លើកមកបង្ហាញ​នៅទីនេះ​។ ការធ្វើ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ខ្មែរ​ទៅ​ក្រៅប្រទេស​កន្លងមក មាន​ពីរ​ប្រភេទ គឺ​ចំណាកស្រុក​ស្របច្បាប់ និង​ចំណាកស្រុក​មិន​ស្របច្បាប់​។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ការធ្វើ​ចំណាកស្រុក​ទាំងពីរ​ប្រភេទ​សុទ្ធតែ​បាន​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដូចគ្នា​។ ចំពោះ​ចំណាកស្រុក​ស្របច្បាប់ ជាទូទៅ​មាន​បែបបទ​ស្មុគស្មាញ ចំណាយ​ច្រើន​(​ទាំង​ផ្លូវការ​និង​មិន​ផ្លូវការ​) ត្រូវ​រង់ចាំ​រយៈពេល​យូរ ប៉ុន្តែ ទទួលបាន​ព័ត៌មាន​ច្រើន​និង​ច្បាស់លាស់​ជាង ឯ​ភាគរយ​នៃ​ភាពប្រាកដប្រជា​ចំពោះ​ការទទួលបាន​ការងារ​ធ្វើ និង ភាពជោគជ័យ​ហាក់ដូច​ជាមាន​កម្រិត​ខ្ពស់ជាង ឯ​ហានិភ័យ​មាន​កម្រិត​ទាប​ជាង​ដែរ​។​
 
​ចំពោះ​ចំណាកស្រុក​មិន​ស្របច្បាប់​វិញ ជាទូទៅ មាន​បែបបទ​មិនសូវ​ស្មុគស្មាញ​ទេ ឯ​ការចំណាយ​សោហ៊ុយ​វិញ​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា​ឬ​ទាប​ជាង​ចំណាកស្រុក​ស្របច្បាប់ និង រយៈពេល​រង់ចាំ​ក៏​ខ្លី​ជាង​ចំណាកស្រុក​ស្របច្បាប់​ដែរ ប៉ុន្តែ ព័ត៌មាន​ដែល​ទទួលបាន​តិចតួច​និង​មិន​ច្បាស់លាស់​។ វា​ជា​ប្រភេទ​ចំណាកស្រុក ដែល​ធ្វើឡើង​ដោយ​ដោយ​ប្រថុយប្រថាន ឯ​ភាគរយ​នៃ​ភាពប្រាកដប្រជា​នៃ​ការទទួលបាន​ការងារ​និង​ភាពជោគជ័យ មាន​កម្រិត​ទាប​ជាង ឯ​ហានិភ័យ មាន​កម្រិត​ខ្ពស់ជាង​ដែរ ដូចជា អាច​ត្រូវគេ​បាញ់សម្លាប់ ចាប់​ដាក់គុក បញ្ជូន​ឱ្យធ្វើ​ការងារ​ធ្ងន់ ការងារ​នេសាទ​នៅតាម​សមុទ្រ ឬ ត្រូវគេ​បោកប្រាស់ ជាដើម​។​
 
​ជារួម ទាំង​ចំណាកស្រុក​ស្របច្បាប់ និង ចំណាកស្រុក​មិន​ស្របច្បាប់ សុទ្ធតែ​ធ្វើឡើង​តាមរយៈ​បុគ្គល​ឬ​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ ជារឿយៗ ក្រុមហ៊ុន​ទាំងនេះ តែងតែបាន​ទារលុយ​យ៉ាងច្រើន​ពី​ពលករ ដើម្បី​រត់ការ​ក្នុងការ​បំពេញបែបបទ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស និង បាន​ភូតកុហក​និង​លាក់លៀម​ព័ត៌មាន​ពិត​អំពី​កន្លែងធ្វើការ​ក្រៅប្រទេស​។ ទីបំផុត ពេល​ពលករ​ទៅដល់​ក្រៅប្រទេស ជាពិសេស ប្រទេស​ថៃ តំណាង​ក្រុមហ៊ុន បាន​បញ្ជូន​ពលករ​ឱ្យទៅ​ធ្វើ​ការងារ​ផ្សេង​ខុសពី​កិច្ចសន្យា ឯ​ទិដ្ឋាការ​ដែល​ក្រុមហ៊ុន​រត់ការ​ឱ្យ​នោះ មិនមែនជា​ទិដ្ឋាការ​ការងារ​ទេ គឺជា​ទិដ្ឋាការ​ទេសចរណ៍ លើសពីនេះ តំណាង​ក្រុមហ៊ុន​បាន​ដក​លិខិតឆ្លងដែន​ទុក​ដើម្បី​កុំឱ្យ​ពលករ​រត់​មក​ស្រុក​វិញ និង ថែមទាំង​បាន​បញ្ជូន​ពលករ​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​ទំនើងចិត្ត ជា​របៀប​លក់ដូរ​មនុ​ស្ស​។​
 
​ក្នុងករណី​ជាច្រើន ពលករ​ខ្មែរ​មួយចំនួន​ត្រូវ​ជាប់គុក​នៅ​ប្រទេស​ថៃ និង ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​គេ​បញ្ជូនមក​ព្រំដែន​វិញ​ក្នុងនាម​ជា​អន្តោប្រវេសន៍​ខុសច្បាប់ ដោយសារតែ​ទិដ្ឋាការ​ទេសចរណ៍​នោះ​ផុតកំណត់​។ ពេល​គេ​បញ្ជូន​ស្រុក​ខ្មែរ​វិញ ពលករ​ខ្មែរ​ទាំងនោះ​ស្ទើរតែ​គ្មាន​លុយ​ជាប់​នឹង​ខ្លួន គ្មាន​លិខិតឆ្លងដែន ឯ​លុយ​ដែល​បង់​ឱ្យ​ក្រុមហ៊ុន​ទាំង​ប៉ុន្មាន ក៏​គ្មាន​អ្នកទទួលខុសត្រូវ​ដែរ​។ ប្រសិនបើ​ពួកគេ​ចង់​ប្ដឹងប្ដល់​អំពី​រឿងនេះ ក៏​ពិបាក​ដែរ ដោយសារតែ​ប្រធាន​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ចេញ​ភាគច្រើន ជា​សាច់ញាតិ​របស់​អ្នកធំ​ឬ​មាន​ខ្នងបង្អែក​ជា​អ្នកធំ​។​
 
​អ្វីដែល​បាន​លើកមកបង្ហាញ​នេះ សារព័ត៌មាន​ដទៃទៀត​ក៏​ធ្លាប់​បានលើកឡើង​ដែរ ប៉ុន្តែ ចំណាត់ការ​របស់​ក្រសួង​មាន​សមត្ថកិច្ច​ចំពោះ​រឿងនេះ ហាក់ដូចជា​មិនទាន់បាន​បង្ហាញឱ្យឃើញ​អ្វី​ជា​ដុំកំភួន​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​ពលករ​ខ្មែរ​ជា​ច្រើ​នាក់​នៅតែ​បន្ត​រងគ្រោះ​រហូតមកដល់​សព្វថ្ងៃនេះ គេ​មិនដឹង​ច្បាស់​ថា​តើ ការណ៍​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​ចាត់វិធានការ​ក្ដៅ​ចំពោះ​ជនល្មើស​ក្នុងករណីនេះ បណ្ដាលមកពី​គ្មាន​ភស្តុ​ង​តាង​គ្រប់គ្រាន់ គ្មាន​ច្បាប់​គ្រប់គ្រាន់ គ្មាន​ឆន្ទៈ ឬ ខ្លាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​ឬ​យ៉ាងណា​នោះទេ​៕  

Tag:
 ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com