ភ្នំពេញ៖ វណ្ណៈសង្គមនៅក្នុងសង្គមខ្មែរត្រូវបានគេឃើញយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍៦០ ។ តែវណ្ណៈសង្គមត្រូវបានលុបបំផុតស្ទើរតែទាំងស្រុងដោយរបបប៉ុលពតពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៦នេះ វណ្ណៈសង្គមត្រូវបានបង្ហាញឡើងវិញ។
ពាក្យថា«វណ្ណៈសង្គម»ត្រូវតែកើតឡើងជៀសមិនផុតនៅក្នុងប្រទេសណា ឬសង្គមណាក៏ដោយ។ នៅក្នុងគ្រប់ប្រទេស វណ្ណៈ៣ប្រភេទត្រូវតែកើតមានឡើង បើទោះបីជាប្រទេសនីមួយៗព្យាយាមកាត់បន្ថយវណ្ណៈថ្នាក់ក្រោមយ៉ាងណាក៏ដោយ។
វណ្ណៈមានបីប្រភេទ ក្នុងនោះមាន៖ វណ្ណៈថ្នាក់ក្រោម(អ្នកក្រ) វណ្ណៈកណ្តាល(អ្នកមធ្យម) និងវណ្ណៈថ្នាក់លើ(អ្នកមាន)។ ងាកមកមើលតថៈភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជាវិញ កាលពីទសវត្សរ៍៦០ វណ្ណៈថ្នាក់លើមួយក្តាប់តូច និងវណ្ណៈថ្នាក់ក្រោមចំនួនច្រើនលើសលប់នោះ ត្រូវបានគេមើលឃើញជាក់នឹងភ្នែក។ គ្រប់វណ្ណៈទាំងអស់ត្រូវបានក្រុមប៉ុលពតធ្វើឲ្យស្មើភាពគ្នា។
ក្រោយឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរដែលរួចផុតពីការកាប់សម្លាប់នៅសល់តែបាតដៃទទេ។ ពួកគេទាំងអស់គ្នាចាប់ផ្តើមជីវិតថ្មីដោយគ្មានអ្វីនៅនឹងដៃឡើយ។ ក្នុងសម័យកាលនោះ គ្រួសារនីមួយៗរកប្រាក់ចំណូលដើម្បីតែរស់មួយថ្ងៃដើម្បីមួយថ្ងៃប៉ុណ្ណោះ។ ក្រៅពីកម្មាភិបាលប៉ុន្មាននាក់ចេញ ពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ មានយានជំនិះតែកង់ប៉ុណ្ណោះ មិនសូវមានឡើយអ្នកមានកង់ជិះ។
បើទោះបីជាសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្រោមទណ្ឌកម្មរបស់បស្ចឹមប្រទេសក៏ដោយ ក៏នៅក្នុងអំឡុងឆ្នាំ១៩៨៥ ជីវភាពរបស់ពលរដ្ឋខ្មែរម្នាក់ៗចាប់ផ្តើមប្រសើរជាងមុន។ សេដ្ឋកិច្ចកាលនោះ ស្ថិតនៅជាជាសេដ្ឋកិច្ចផែនការមែន។ តែពលរដ្ឋខ្មែរចាប់ផ្តើមចេះធ្វើជំនួញគ្រាន់បើហើយនៅតាមទីផ្សារនានានៃទីក្រុងភ្នំពេញ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជីវភាពប្រជាជនខ្មែរទាំងអស់ ទាំងនៅក្នុងក្រុង ខេត្ត និងជនបទ ហាក់បីដូចជាមានសភាពស្មើគ្នា មិនសូវខុសគ្នាប៉ុន្មានឡើយ។
ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សេដ្ឋកិច្ចកម្ពុជាបានបើកចំហរដោយប្រកាន់សេដ្ឋកិច្ចទីផ្សារសេរី ហើយរាល់ទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានលើកចេញ។ ការវិនិយោគបរទេសបានហូរចូលមកកម្ពុជា។ អ្នកជំនួញក្នុងស្រុកចាប់ផ្តើមកក្រើកឡើង។ ពួគេរៀនធ្វើជំនួញបន្តិចម្តងៗ។ ក្នុងខណៈពេលដែលសេដ្ឋកិច្ចខ្មែរចាប់ផ្តើមចំហរ សកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមរស់រវើក គម្លាតវណ្ណៈក៏ចាប់ផ្តើមកើនឡើងដែរ ពីព្រោះថា ក្នុងកាលៈទេសៈប្រកួតប្រជែង មានអ្នកខ្លះទទួលបានចំណូលច្រើន រីឯអ្នកខ្លះទៀត ទទួលបានចំណូលតិច អាស្រ័យទៅលើចំណេះដឹង ភាពវ័យឆ្លាត ធនធាន ព្រេងសំណាង។ល។
ក្នុងអំឡុងឆ្នាំ២០០០ សេដ្ឋកិច្ចកាន់តែរីកចម្រើនដោយសារការវិនិយោគពីក្នុង និងក្រៅប្រទេស។ ពេលនោះ វណ្ណៈកាន់តែត្រូវបានបង្ហាញ មានន័យថា ក្រោយឆ្នាំ១៩៧៩ វណ្ណៈដែលគេមើលឃើញទាំងអស់គ្នា គឺវណ្ណៈថ្នាក់ក្រោម ព្រោះ គ្រប់គ្នាក្រោយរបបប៉ុលពតសុទ្ធតែក្រីក្រ។ តែនៅដើមឆ្នាំ២០០០ នៅពេលវណ្ណៈថ្នាក់ខ្ពស់លេចចេញនោះ វណ្ណៈកណ្តាល និងវណ្ណៈថ្នាក់ក្រោមកាន់តែត្រូវបានគេមើលឃើញយ៉ាងច្បាស់។
ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៦នេះ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រមាណជា៧%ក្នុងមួយឆ្នាំៗ។ កំណើននេះ គឺជាការល្អប្រពៃសម្រាប់ប្រទេសជាតិ។ ប៉ុន្តែកំណើននេះ ធ្វើឲ្យគេមើលឃើញគម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែធំឡើងៗ ពីព្រោះការបែងចែកកំណើនមិនមានសមភាព មានន័យថា អ្នកមានទទួលបានផលច្រើនពីកំណើន រីឯ អ្នកក្រីក្រទទួលបានផលតិចតួច។ នេះ មិនមែនជាកង្វល់របស់កម្ពុជាម្នាក់ឯងទេ តែជាកង្វល់របស់ពភពលោក។ កំណើនសេដ្ឋកិច្ចកាន់តែច្រើន គម្លាតអ្នកមាន និងអ្នកក្រកាន់តែរីកធំឡើងៗ។ អ្វីដែលអ្នកសេដ្ឋកិច្ច និងអ្នកកំណត់គោលនយោបាយចង់បាន គឺធ្វើយ៉ាងណាកាត់បន្ថយវណ្ណៈថ្នាក់ក្រោម ពង្រីកវណ្ណៈកណ្តាលឲ្យធំ និងបង្កើនវណ្ណៈថ្នាក់លើបន្ថែមទៀត។
វណ្ណៈនៅកម្ពុជាត្រូវបានគេមើលឃើញកាន់តែច្បាស់ទៅទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការងារជាអ្នកបម្រើតាមផ្ទះ, ជាកម្មករយាមផ្ទះ, ជាតៃកុងបើកឡាន, ជាអង្គរក្ស, ជាអ្នកបោសជូតតាមក្រុមហ៊ុន, ជាអ្នកយាមរថយន្តម៉ូតូតាមហាងនានា, ជាអ្នកបម្រើតាមហាង…
តើគេគួរស្តីបន្ទោសរដ្ឋាភិបាលដែរឬទេ?
អ្នកខ្លះ រិះគន់រដ្ឋាភិបាលថា ខ្វះសមត្ថភាពកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ។ តែអ្នកខ្លះទៀត បានផ្តល់ហេតុផលថា វណ្ណៈត្រូវតែមាន ពីព្រោះ នៅក្នុងសង្គមនីមួយៗ បុគ្គលម្នាក់ៗប្រឹងប្រែងខុសគ្នា មានឆន្ទៈខុសៗគ្នា មានគោលដៅជីវិតខុសគ្នា ដូច្នេះ វាជៀសពុំរួចឡើយជីវភាពខុសគ្នានោះ៕