ជាតិ
ថែល ថៃ ក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទីពីរ
× បេក្ខជន ថែល ថៃ (កូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា) បានក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទីពីររបស់ទូរទស្សន៍ហង្សមាស ដោយរូបគេទទួលបានសំឡេងគាំទ្រច្រើនជាង ឃី សុឃុន (កូនក្រុមលោក ឆន សុវណ្ណរាជ) សាន ស្រីឡៃ (កូនក្រុមរបស់អ្នកនាង ពេជ្រ សោភា) និង ឈីន រតនៈ (កូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ) នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា នេះ។ ពានរង្វាន់នេះ មានទឹកប្រាក់១០០លានរៀល។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទីពីរ មានការចូលរួមទស្សនាផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងភរិយា។ នាការប្រកួតប្រជែងចុងក្រោយនេះ កម្មវិធីតម្រូវឲ្យបេក្ខជនទាំងបួនរូបបកស្រាយបទចម្រៀងម្នាក់ៗចំនួន២បទ ។ បន្ថែមពីលើនេះ បេក្ខជនត្រូវបានតម្រូវឲ្យច្រៀងម្នាក់មួយបទជាមួយគ្រូបង្វឹករបស់ខ្លួន ប៉ុន្តែមិនមែនដើម្បីទទួលសំឡេងគាំទ្រនោះឡើយ។
នៅជុំទីមួយ ឃី សុឃុន ឡើងបកស្រាយមុនគេ ជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា «និស្ស័យជាព្រានក៏មានបេះដូង» បន្ទាប់មក សាន ស្រីឡៃ ច្រៀងបទ «ឈប់ឈឺឈប់ទឹកភ្នែក» មុនពេល ថែល ថៃ លើកយកបទ «ទូរសព្ទអាធ្រាត្រឃ្លាតស្នេហ៍» មកបកស្រាយ រីឯបទចុងក្រោយនៅជុំទីមួយនេះ ឈីន រតនៈ ច្រៀងបទ «សង្សារអើយ!ភ្លេចបងមិនបាន»។
បន្ទាប់ពីបិទបញ្ចប់ការទទួលសារគាំទ្រនៅជុំទីមួយ បេក្ខជន និងបេក្ខនារី បានឡើងច្រៀងជាមួយគ្រូបង្វឹករបស់ខ្លួន។ សាន ស្រីឡៃ បកស្រាយបទ «ផឹកលួងខ្លួនឯង» ជាមួយ ពេជ្រ សោភា បន្ទាប់មក ឃី សុឃុន ច្រៀងបទ «Right Here Waiting for You» ជាមួយឆន សុវណ្ណរាជ ហើយ ថៃល ថៃ ច្រៀងបទ «ពេលបងចាស់ទៅ» ជាមួយ ឱក សុគន្ធកញ្ញា ចំណែក ឈីន រតនៈ និង ណុប បាយ៉ារិទ្ធ បកស្រាយបទ «បង និងអូន»។
នៅជុំទីពីរ សាន ស្រីឡៃ ច្រៀងបទ «បងចេះក្បត់អូន អូនក៏ចេះក្បត់បង» ឃី សុឃុន ច្រៀងបទ «ចិត្តអូនយ៉ាងណា?» ឈីន រតនៈ បកស្រាយបទ «សង្សារឡូយពេក» មុនពេល ថែល ថៃ បង្ហើសំនៀងជាមួយនឹងបទ «ក្រមុំឡើងថ្លៃ»។
កាលពី The Voice Cambodia រដូវកាលទីមួយ ប៊ុត សីហា ដែលជាកូនក្រុមរបស់លោក ឆន សុវណ្ណរាជ បានឈ្នះពានមុនគេ ដោយបានការគាំទ្រច្រើនជាង ចំរើន សុភ័ក្រ្ត កូនក្រុមលោក ណុប បាយ៉ារិទ្ធ ឃុន វុត្ថា កូនក្រុមរបស់ កញ្ញា ឱក សុគន្ធកញ្ញា និងសយ រតនៈ កូនក្រុមរបស់អ្នកនាង ពេជ្រ សោភា នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ អតីត Top4 រដូវកាលទីមួយ ក៏បានបកស្រាយរួមគ្នាបទចម្រៀង «រស់ដើម្បីអ្នកណា?» នារាត្រីប្រឡងផ្តាច់ព្រ័ត្ររដូវកាលទីពីរផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com