ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្ត្រី៖ ធ្វើមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ! សម្តេច ហ៊ុន សែន នៅខាងឆ្វេង លោក មាស នី នៅខាងស្តាំ
×
ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ដល់មន្ត្រីទាំងអស់ ធ្វើខ្លួនឲ្យត្រឹមត្រូវ ដើម្បីបម្រើប្រជាជន។ ហើយសម្តេច ហ៊ុន សែន ក៏ប្រាប់មន្ត្រីរបស់ខ្លួន កុំឲ្យទទួលយកតែត្រូវ តែមិនទទួលយកកំហុសនោះទេ។ តែអ្នកវិភាគយល់ថា ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហាក់យឺតពេលបន្តិច ហើយពិបាកនឹងកែប្រែអត្តចរិតរបស់មន្ត្រីមួយចំនួនបច្ចុប្បន្នណាស់។
«ធ្វើមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ»។ នេះជាប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រាប់ទៅមន្ត្រីរបស់ខ្លួន ឲ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាជន។ នៅក្នុងពិធីចែកសញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាលនៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា បញ្ហាតវ៉ារបស់ពលរដ្ឋ នឹងមិនអាចកើតមានឡើយ ប្រសិនបើមន្ត្រីធ្វើត្រឹមត្រូវ និងបម្រើប្រជាពលរដ្ឋបានល្អនោះ។ «ខ្ញុំអត់សុំអ្វីទេ ខ្ញុំសូមឲ្យមន្ត្រីទាំងអស់ធ្វើការទៅតាមច្បាប់»។ សម្តេច លើកឡើងដូច្នេះ ក៏ទទូចឲ្យមន្ត្រី ត្រូវចេះទទួលយកខុសផង កុំទទួលយកតែត្រូវ ដោយអនុសាសន៍បន្ថែមបែបនេះថា៖«សូមប្រយ័ត្នប្រយែង សម្រាប់មន្ត្រីដែលទទួលយកតែត្រូវ ហើយខុសទម្លាក់ឲ្យគេ។ មន្ត្រីបែបនេះ មិនចាំបាច់យកមកជិតខ្លួនទេ ដាក់ឲ្យឆ្ងាយពីខ្លួនបន្តិច ហើយយកទៅហ្វឹកហ្វឺនឡើងវិញ។ សូមចៀសឲ្យឆ្ងាយលើរឿងនេះ ហើយសូមចៀងវាងឲ្យបាននូវមន្ត្រីណា ដែលមានបញ្ហាអ្វីកើតឡើង ទីមួយប្រទូសថ្នាក់ក្រោម ទីពីរាយការណ៍ឲ្យថ្នាក់លើ»។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏ប្រាប់ឲ្យរដ្ឋមន្ត្រីមួយចំនួន ដែលកំពុងតែគ្រប់គ្រងក្រសួង ត្រូវបង្កើតនូវភាពទទួលខុសត្រូវឲ្យបានច្រើនជាងមុខ។ សម្តេចបន្ថែមថា កន្លងមកមានរដ្ឋមន្ត្រីមួយចំនួន មានគំនិតផ្តួចផ្តើមធ្វើកិច្ចការណាមួយដែរ តែនៅតែប្រគល់ឲ្យសម្តេចចុះហត្ថលេខាដដែល។ ការធ្វើបែបនេះ សម្តេចនាយករដ្ឋមន្ត្រី អះអាងថា នៅពេលដែលមានបញ្ហាទម្លាក់មកលើសម្តេច តែរដ្ឋមន្ត្រីត្រូវរួចខ្លួន។ ដូច្នេះ ប្រមុខរដ្ឋាភិបាល បានប្រកាសថា លើកក្រោយលោកនឹងប្រគល់អំណាចឲ្យរដ្ឋមន្ត្រីធ្វើការទាំងស្រុង និងទទួលខុសត្រូវដោយខ្លួនឯង។
លោក មាស នី អ្នកវិភាគបញ្ហាសង្គម យល់ថា ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រីឲ្យមន្ត្រីធ្វើជាអ្នកបម្រើរាស្ត្រពេលនេះ ហាក់យឺតពេលបន្តិច ហើយអាចមិនសូវមានប្រសិទ្ធភាពឡើយ។ លោកថា សម្តេច ហ៊ុន សែន គួរតែក្រើនរម្លឹកមន្ត្រីរបស់ខ្លួន តាំងពីមុនឆ្នាំ ២០១៣ មកម្លេះ មិនមែនរង់ចាំដល់បញ្ហារបស់ពលរដ្ឋកើតឡើងស្ទើរទូទាំងប្រទេស ដែលកើតចេញពីមន្ត្រីមិនល្អរបស់រដ្ឋ ទើបក្រើនរម្លឹកទេ។ ជាងនេះទៅទៀត លោក មាស នី គូសបញ្ជាក់ថា កន្លងមកន្ត្រីរដ្ឋាភិបាលខ្លះ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ចាត់ទុកខ្លួនដូចជាស្តេច ឬដូចជាចៅហ្វាយរាស្ត្រ នៅពេលដែលពួកគេទៅជួបប្រជាជនម្តងៗ ហើយវាជាអត្តចរិតពិបាកនឹងកែប្រែ។ « មន្ត្រីរដ្ឋខ្លះ មិនគិតថា ខ្លួនស៊ីប្រាក់ខែពីរាស្ត្រ ហើយត្រូវបម្រើរាស្ត្រនោះទេ តែតាំងខ្លួនជាចៅហ្វាយរាស្ត្រ។ ពេលមានចូលរួមកម្មវិធីម្តងៗ ហៅពលរដ្ឋមកជួបជួប មន្ត្រីអង្គុយកៅអីគណអធិបតីហើយ និយាយគំរាមដាក់ទោសពលរដ្ឋទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកវិភាគខាងលើ។
លោក មាស នី បន្ថែមថា នៅក្នុងប្រទេសកម្ពុជា ពិបាកនឹងកែប្រែចរិតរបស់មន្ត្រីដែលតាំងខ្លួនជាចៅហ្វាយរាស្ត្រណាស់ ពីព្រោះតែតាំងរាស្ត្រ និងមន្ត្រី ភាគច្រើនមិនសូវយល់នោះទេ។ លោកថា ជាទម្លាប់មន្ត្រីតែងតាំងខ្លួនជាអ្នកធំ ហើយប្រជាពលរដ្ឋតែងតែគិតថា មន្ត្រីជាមេ ជាចៅហ្វាយរបស់ខ្លួន។ លោក ពន្យល់យ៉ាងនេះថា៖ «ពលរដ្ឋយើងនៅតែយល់ថា បើគេធ្វើធំហើយ ឲ្យគេនៅលើយើង ហើយខ្លាចគេទៅ បើទោះបីមន្ត្រីធ្វើខុសក៏ហ៊ានតវ៉ាដែរ។ ដំណោះស្រាយ មានតែមន្ត្រី និងពលរដ្ឋយល់អំពីតួនាទីរៀងៗខ្លួនប៉ុណ្ណោះ ពោលគឺមន្ត្រីត្រូវបម្រើរាស្ត្រ ព្រោះស៊ីប្រាក់ខែរាស្ត្រ»៕
Tag:
ហ៊ុន សែន
មាស នី
មន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com