អន្តរជាតិ
ពេលយប់ស្រវឹង ចិត្តធូរដកលុយធីប១០០០ដុល្លារ ដល់ស្អែកឡើងស្វាង ទៅសុំលុយវិញ
× បើស្រវឹងសូមកុំឲ្យលុយទឹកតែ។ នេះគឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់លោកអ្នកដែលចូលចិត្តពិសាគ្រឿងស្រវឹង។ ភ្ញៀវស្រវឹងស្រាម្នាក់បានឲ្យលុយទឹកតែដល់ទៅ ១ ០០០ ដុល្លារ ខណៈដែលថ្លៃអាហារអស់ត្រឹមតែ ៦០ ដុល្លារប៉ុណ្ណោះនៅក្នុងភោជនីយដ្ឋានថៃមួយនៅរដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិក ប៉ុន្តែស្អែកឡើង ភ្ញៀវរូបនេះក៏ត្រឡប់មកយកប្រាក់វិញ ដូចពាក្យខ្មែរថា ស្វាងតឹង ស្រវឹងធូរ។
អ្នកបម្រើដែលបានយកអាហារជូនភ្ញៀវស្រវឹង ត្រេកអរជាយ៉ាងខ្លាំងដែលបានឃើញភ្ញៀវទុកលុយទឹកតែឲ្យដល់ទៅ ១ ០៨៨ ដុល្លារ ព្រោះថាជាទូទៅ ភ្ញៀវឲ្យប្រាក់កម្រៃខាងក្រៅយ៉ាងច្រើនប៉ុន្មានរយដុល្លារប៉ុណ្ណោះ។ គាត់ប្រញាប់ប្រញាល់យកទៅឲ្យម្ចាស់ហាង។ ម្ចាស់ហាងមិនទាន់ចែកលុយទឹកតែនោះឲ្យបុគ្គលិករបស់គាត់ ដូចសព្វមួយដងទេ។ គាត់បានរក្សាទុកលុយនោះសិន ខ្លាចក្រែងភ្ញៀវនោះត្រឡប់មកយកវិញ។
គំនិតប្រយ័ត្នប្រយែងរបស់ថៅកែហាងពិតជាត្រឹមត្រូវមែន។ ស្អែកព្រឹកឡើង ភ្ញៀវចិត្តទូលាយនោះក៏បានមកសុំទោស។ គាត់បាននិយាយថា គាត់ស្រវឹង ហើយមិនបានដឹងថា ខ្លួនឯងបានដាក់លុយទាំងអស់ក្នុងសៀវភៅគិតលុយនោះទេ។ ម្ចាស់ហាងបានប្រគល់ប្រាក់ទាំងអស់ទៅភ្ញៀវវិញ ហើយភ្ញៀវនោះទុកលុយទឹកតែចំនួន ៤០ ដុល្លារ៕
ប្រភព៖ Daily Mail
© រក្សាសិទ្ធិដោយ thmeythmey.com