បទវិភាគ
សង្គម​ខ្មែរ​បច្ចុប្បន្ន កំពុង​ឲ្យ​តម្លៃ​លើ​សម្ភារៈ​ជាង​ចំណេះដឹង​និង​សីលធម៌​
25, Jun 2016 , 4:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាទូទៅ នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន គេ​សង្កេតឃើញថា មនុស្ស​មួយចំនួន​ឱ្យ​តម្លៃ​លើ​សម្ភារៈ ជាង​ចំណេះដឹង និង សីលធម៌ ឬ អាច​និយាយថា ឱ្យ​តម្លៃ​លើ ទម្រង់​ខាងក្រៅ ឬ មុខមាត់ ជាង​គុណភាព សមត្ថភាព សារជាតិ និង គុណធម៌​។ ដោយសារតែ​កត្តា​នេះហើយ បានជា​មនុស្ស​មួយចំនួន​គោរព​ឋានៈ​របស់​បុគ្គល​ជាង​គោរព​ច្បាប់​, ធ្វើតាម​បញ្ជា​របស់​មេ​ជាជាង​ធ្វើតាម​ច្បាប់​និង​គោលការណ៍​, ឱ្យ​តម្លៃ​ទ្រព្យ​ជាង​សេចក្ដីស្រឡាញ់​ពិត សីលធម៌ និង សេចក្ដី​ស្មោះត្រង់​, ឱ្យ​តម្លៃ​អ្នកមាន​ទ្រព្យ​និង​អ្នកធំ ជាង​អ្នក​ខ្សត់​ទ្រព្យ​និង​អ្នកតូច​។

  


​ជា​ការណ៍​ពិត នៅក្នុង​ក្របខណ្ឌ​រដ្ឋបាល​កម្ពុជា គេ​បានឃើញ​មនុស្ស​ភាគច្រើន​គោរព​បុគ្គល​ដែលមាន​ឋានៈ​ជាង​គោរព​ច្បាប់​និង​គោលការណ៍​, បើទោះបីជា​ច្បាប់​ចែង​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នកធំ​ដាក់​បញ្ជា​ណាមួយ​ខុសពី​ខ្លឹមសារ​របស់​ច្បាប់​នោះ ក៏​អ្នកតូច​ត្រូវតែ​ធ្វើតាម​ដែរ​។ មាន​ករណី​ជាច្រើន ដែល​អ្នកធ្វើច្បាប់​មួយចំនួន​តែងតែ​បង្កើត​ច្បាប់​តាម​សម្ដី​ដែល​អ្នកធំ​និយាយ​សន្យា​ជ្រុលមាត់ ឬ និយាយ​តាម​ឆន្ទៈ​របស់ខ្លួន​ដោយ​មិន​ផ្អែកលើ​ច្បាប់ ឬ ផែនការ​ដែលមាន​ស្រាប់​។

​លើសពីនេះ​ទៀត ដោយសារតែ​ការឱ្យ​តម្លៃ​សម្ភារៈ​ជាង​ចំណេះដឹង សមត្ថភាព បទពិសោធ សីលធម៌ គុណធម៌ និង យុត្តិធម៌ នេះហើយ បានជា​មាន​អំពើពុករលួយ​ខ្លះ​ក្នុងការ​ជ្រើសរើស​មន្ត្រី​ឱ្យចូល​បម្រើ​ការងារ​ក្នុង​ស្ថាន​ប័នរ​ដ្ឋ ការ​តម្លើង​ឋានន្តរស័ក្ដិ ការផ្ដល់​ផលប្រយោជន៍ ការដោះស្រាយ​វិវាទ និង ក្នុងការ​កាត់ក្ដី ជាដើម​។​
  
​ចំពោះ​សង្គម​ខ្មែរ​ទូទៅ​វិញ មនុស្ស​មួយចំនួន ឱ្យ​តម្លៃ​អ្នក​ដែលមាន​ទ្រព្យ ជាង​អ្នកមានចំណេះដឹង បទពិសោធន៍ គំនិត​ច្នៃប្រឌិត ទេពកោសល្យ សីលធម៌ ឧ​ត្ត​ម​គតិ ភាពជា​អ្នកដឹកនាំ និង គុណធម៌​។ ក្នុង​ជីវិត​ជាក់ស្ដែង ប្រសិនបើ​មនុស្ស​ណា​ម្នាក់​មាន​ឋានៈ​ខ្ពស់ ហើយ​មានទ្រព្យ​ច្រើន​ទៀត អ្នកនោះ​និយាយ​អ្វី ឬ ធ្វើ​អ្វីមួយ​ក៏ត្រូវ​ដែរ បើទោះបីជា​សម្ដី ឬ ទង្វើ​នោះ​មិន​សម​ហេតុផល មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង មិន​ស្របតាម​គោ​លក​រណ៍​ច្បាប់ ឬ សីលធម៌​ក៏ដោយ ក៏​វា​តែ​ត្រូវបាន​គេ​សរសើរ​ថា ល្អ​ណាស់ ប្រកបដោយ​ភាពឈ្លាសវៃ និង គតិបណ្ឌិត​ទៀតផង​។​

​ឯ​ក្នុង​ជីវិត​បុគ្គល​វិញ បុរស​ឬ​ស្ដ្រី​ខ្លះ សុខចិត្ត​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិន​ស្រឡាញ់ ពី​ព្រោះតែ​ទ្រព្យសម្បត្តិ​និង​/​ឬ​ឋានៈ​។ ហេតុ​ដូច្នេះហើយ បាន​ជាមាន​ស្ត្រី​ខ្មែរ​ខ្លះ​សុខចិត្ត​ធ្វើ​ប្រពន្ធ​លួចលាក់ ឬ សុខចិត្ត​រៀបការ​ជាមួយ​អាណិកជន ឬ ជនបរទេស ដើម្បី​ទទួលបាន​ទ្រព្យសម្បត្តិ ឬ សិទ្ធិ​ទៅ​រស់នៅ​បរទេស ជាដើម​។ ចំណែកឯ​ប្រជាជន​ខ្លះទៀត ដោយសារតែ​ចង​រត់តាម​សម្ភារ​និយម សុខចិត្ត​លក់​ផ្ទះ​ដើម្បី​ទិញ​ឡាន ឬ លក់​ដី​ដើម្បី​ទិញ​របស់ទំនើប ជាដើម​។ សកម្មភាព​ទាំងអស់នេះ កើតឡើង​ដោយសារតែ​មនុស្ស​ឱ្យ​តម្លៃ​លើ​សម្ភារៈ ឬ ចង់បាន​មុខមាត់​និង​កិត្តិយស​នេះឯង​។​

​តាមពិតទៅ កត្តា​សម្ភារៈ ទម្រង់​ខាងក្រៅ និង មុខមាត់ មិនមែន​មិន​សំខាន់​ទេ វា​ពិតជា​កត្តា​រួមផ្សំ​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​មនុស្ស​មានតម្លៃ​ពេញលេញ​។ ប៉ុន្តែ មនុស្ស​ក៏​មិនត្រូវ​មើលរំលង​ចំណេះដឹង បទពិសោធ សមត្ថភាព សីលធម៌ គុណធម៌ ដែលជា​ស្នូល​ឬ​ខ្លឹម​របស់ខ្លួន​ដែរ​។ ជារួម កត្តា​សម្ភារៈ និង ចំណេះដឹង​និង​សីលធម៌ ត្រូវតែ​សមាមាត្រ​គ្នា​។ អ្នកធំ​ដែលមាន​អំណាច​ច្រើន គេ​ត្រូវតែមាន​ភាពជា​អ្នកដឹកនាំ ការទទួលខុសត្រូវ​ខ្ពស់ សីលធម៌ យុត្តិធម៌ និង ការគោរព​ច្បាប់​កាន់តែច្រើន​ដែរ​។ មនុស្ស​ដែលមាន​ទ្រព្យ​សម្ភារៈ​ច្រើន ក៏ត្រូវ​តែ​ជាម​នុស្ស​ដែលមាន​គំនិតល្អ ចរិតល្អ ចំណេះដឹង​ជ្រៅជ្រះ គតិបណ្ឌិត សមត្ថភាព និង សីលធម៌ សមស្រប​តាម​នោះដែរ​។ ដូច្នេះ មនុស្ស​ម្នាក់ៗ ត្រូវតែ​ស្វែងរក​និង​ឱ្យ​តម្លៃ​កត្តា​ទាំងពីរ​នេះ​ស្មើៗ​គ្នា​។ 

​បើ​ពុំ​ដូច្នោះ​ទេ សង្គម​ខ្មែរ​នឹង​នាំគ្នា​គិតតែ​ប្រកួតប្រជែង​ដើម្បី​តែ​ទ្រព្យសម្បត្តិ និង បុណ្យស័ក្ដិ ដោយ​មិន​គិតពី​ចំណេះដឹង បទពិសោធ សមត្ថភាព សីលធម៌ និង ច្បាប់​ឡើយ​។ ទីបំផុត អំពើពុករលួយ អំពើ​អយុត្តិធម៌ ភាពលម្អៀង កាន់តែ​កើនឡើង ដែល​ធ្វើឱ្យមាន​អ្នករងគ្រោះ​កាន់តែច្រើន គម្លាត​រវាង​អ្នកក្រ​និង​អ្នកមាន​កាន់តែ​ធំ និង អ​សមភាព​សង្គម​រវាង​អ្នកធំ​និង​អ្នកតូច​និង​អ្នកក្រ​និង​អ្នកមាន ក៏​កាន់តែ​តែ​ធំ​ដែរ ដែល​ចុងក្រោយ សង្គម​ខ្មែរ​អាចឈាន​ទៅរក​ការបែកបាក់​ជាយថាហេតុ​៕        


Tag:
 សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com