ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម​រៀប​ចំ​«​ពិព័រណ៍​ផលិតផល​នាំចេញ​-​នាំចូល និង​ខេត្ត​១​ផលិតផល​១» នៅ​ខែធ្នូ​
27, Jun 2016 , 9:39 am        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ដោយ:
​ក្រសួងពាណិជ្ជកម្ម​នឹង​រៀបចំ​«​ពិព័រណ៍​ផលិតផល​នាំចេញ​-​នាំចូល និង​ខេត្ត​១​ផលិតផល​១ កម្ពុជា​លើក​ទី​១១ កម្រិត​អន្តរជាតិ​» ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៦​ខាងមុខ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​



​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ នឹងត្រូវ​រៀបចំ​អម​ជាមួយនឹង​កម្មវិធី​ផ្សេងទៀត រួមមាន វេទិការ​ស្តីពី​វិនិយោគ​និង​ធុរកិច្ច​, សិក្ខាសាលា​ស្តីពី​ការជំរុញ​ពាណិជ្ជកម្ម​, ជំនួប​ពាណិជ្ជកម្ម និង​កា​ចុះហត្ថលេខា​ពាណិជ្ជកម្ម​ជាដើម​។ ទន្ទឹមនឹងនេះ ក្រសួង​ក៏​នឹងដាក់​តាំង​បង្ហាញ​ផលិតផល​ស្រូវ​-​អង្ករ និង​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​សម្រាប់​អ្នក​នាំ​អង្ករ​ចេញ​ផងដែរ​។ នេះ​បើ់តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២១​ខែមិថុនា​។

​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះ បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ក្នុង​បំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ជំរុញ​ការនាំចេញ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ សេចក្តីជូនដំណឹង​មួយ​នេះ​ឲ្យ​ដឹង​ទៀតថា តាមរយៈ​ព្រឹត្តិការណ៍​នេះដែរ ក៏​នឹង​បង្កើត​ការតភ្ជាប់​ពាណិជ្ជកម្ម​ក្នុងស្រុក​រវាង​រាជធានី​-​ខេត្ត​ទូទាំងប្រទេស និង​រវាង​កម្ពុជា និង​ពាណិជ្ជករ​បរទេស​។​

​ចំពោះ​អ្នកជំនួញ ដែលមាន​បំណង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​នាំចេញ​-​នាំចូល និង​ខេ​ត​១​ផលិតផល​១ ឆ្នាំនេះ ឬ​ចង់​ស្វែងរក​ដៃគូ​វិនិយោគ ត្រូវបំពេញ​បែបបទ​និង​ផ្ញើ​គម្រោង​របស់ខ្លួន ទៅ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម ឲ្យ​បាន​មុន​ថ្ងៃ​១៥​ខែវិច្ឆិកា​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេ​ក្តី​ជូនដំណឹង​ខាងលើ​៕


Tag:
 ពិព័រណ៍​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com