ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដាំ​បន្លែ​ធម្មតា​នៅ​គេហដ្ឋាន តែ​ក្រោយមក ក្លាយជា​ជំនួញ​ខ្នាតតូច​រកប្រាក់​បាន​ច្រើន​
26, Jun 2016 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី ម្លិះ ណា​រ៉ុ​ន ជា​អតីត​អាជីវករ​លក់​សម្ភារៈ​សិក្សា​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។  អ្នកស្រី ណា​រ៉ុ​ន បាន​បង្ខំចិត្ត​ឈប់​ប្រកប​របរ​លក់​សម្ភារៈ​សិក្សា ដោយសារតែ​រវល់​មើល​ថែរក្សា​ចៅ​តូចៗ​។ ក្រោយមក អ្នកស្រី​បានសម្រេច​ចិត្ត​ដាំ​ដំណាំ​បន្តិចបន្តួច​នៅក្នុង​ផ្ទះ  ដើម្បី​ទទួលទាន​ក្នុង​គ្រួសារ​។ អ្នកស្រី​បាន​ពង្រីក​ការដាំ​ដំណាំ​កាន់តែច្រើន ដោយសារ​តែមាន​អតិថិជន​ចាប់អារម្មណ៍ និង​បញ្ជា​ទិញ​បន្លែ​ដែល​គ្មាន​ជាតិគីមី​ពី​អ្នកស្រី​កាន់តែច្រើន​។ ថ្ងៃ​ចុង​សប្តាហ៍​អ្នកស្រី​អាច​រកប្រាក់​ចំណូល​បាន​ដល់​១០​ម៉ឺន​រៀល​។



​ខុសពី​គេហដ្ឋាន​អ្នក​ដទៃទៀត ផ្ទះល្វែង​របស់​អ្នកស្រី ម្លិះ ណា​រ៉ុ​ន នៅ​ទីក្រុង​ភ្នំពេញ​ស្ទើរតែ​ក្លាយទៅជា​កសិដ្ឋាន​ដាំ​បន្លែ​ធម្មជាតិ​ទៅហើយ​។  ជា​គេហដ្ឋាន​មួយ​មាន​ភាពស្រស់ស្អាត សិ​ត្ថ​នៅក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​នោះ បន្លែ​ក្នុង​ផើង ធុង និង​កំប៉ុង​ឬ​កេស បានបង្ហាញ​វត្តមាន​ទៅកាន់​អ្នកធ្វើដំណើរ​ទាំងឡាយ​ដែលជា​អតិថិជន​ប្រចាំ​របស់​អ្នកស្រី ម្លិះ ណា​រ៉ុ​ន​។



​មុនដំបូង​ឡើយ អ្នកស្រី​ដាំ​គ្រាន់តែ​ពិសា​ខ្លួនឯង​ប៉ុណ្ណោះ​។ ប៉ុន្តែ ប​ន្ថិ​ច​ម្តងៗ​កិច្ចការ​តូចតាច​របស់​អ្នកស្រី​បានក្លាយ​ទៅជា​ជំនួញ​ខ្នាតតូច​ដោយសារតែ​ការព្យាយាម​របស់​អ្នកស្រី និង​តម្រូវការ​របស់​អតិថិជន​ទាំងឡាយ​ដែល​ឃើញ​អ្នកស្រី​ដាំ​តាមបែប​ធម្មជាតិ​សុទ្ធសាធ​។

​ស្ថិតក្នុង​វ័យ​៥៥​ឆ្នាំ អង្គុយ​នៅក្បែរ​រង​បន្លែ អ្នកស្រី ណា​រ៉ុ​ន បាន​ប្រាប់​ឲ្យ​ដឹងថា​៖«​ខ្ញុំ​គិតថា បន្លែ​សព្វថ្ងៃ​សម្បូរ​ទៅដោយ​ជាតិគីមី​ច្រើនពេក​។ ដូច្នេះហើយ វា​ធ្វើអោយ​ខ្ញុំ​ព្រួយបារម្ភ​ពី​សុខភាព ហើយ​ខ្ញុំ​ក៏​ដាំ​បន្តិចបន្តួច នៅខាងមុខ​ផ្ទះ ដើម្បី​កាត់បន្ថយ​ការ​ញ៉ាំ​បន្លែ​គីមី​»​។​

​កំពុង​អង្គុយ​ថែទាំ​បន្លែ​ជាច្រើន​នៅខាងមុខ​ផ្ទះ អ្នកស្រី ណា​រ៉ុ​ន បាន​និយាយ​បន្តទៀតថា​៖«​មុនដំបូង មិនមាន​គំនិត​ដាំ​ដើម្បី​លក់​នោះទេ គ្រាន់តែ​ចង់​ដាំ​ហូប​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារ​ការថែទាំ​ធ្វើ​ឲ្យ​បន្លែ​ល្អ ស្រាប់​តែមាន​អ្នក​សុំ​ទិញ​បន្លែ​នោះ​ជាច្រើន​។ មាន​អ្នកទិញ​ទាំង​ផើង​ដើម្បី​យកទៅ​ដាំ​ទៀតផង​»​។​



​បន្លែ​ដែល​អ្នកស្រី​ដាំ គ្មាន​ជាតិគីមី​ទាល់តែសោះ ព្រោះ​អ្នកស្រី​ដាំ​តាមបែប​ធម្មជាតិ​ដោយ​គ្រាន់តែ​ដាក់​ជីលា​មក​គោ ដី​ទន្លេ និង​ស្រោច​ទឹកតែ​ប៉ុណ្ណោះ មិនបាន​លាយ​សារធាតុ​គីមី​អ្វី​ឡើយ​។​

​ក្រៅពី​លក់​បន្លែ អ្នកស្រី ម្លិះ ណា​រ៉ុ​ន ក៏មាន​គំនិត​លក់​គ្រាប់ពូជ​ផងដែរ​។ ការប្រកប​របរ​បែបនេះ បានធ្វើអោយ​អ្នកស្រី​មាន​ជីវភាព​សមរម្យ​។ ការតស៊ូ​ព្យាយាម គង់​បានសម្រេច​។ គ្រាន់តែ​ក្នុង​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ អ្នកស្រី​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ជាពិសេស នៅ​ចុង​សប្តាហ៍​។ អ្នកស្រី​អាច​រកចំណូលបាន​ជាង​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍ ព្រោះ​មាន​អតិថិជន​ខ្លះ​ទិញ​ទាំង​ផើង និង​ទិញ​ទាំង​បន្លែ​។ បើ​នៅ​ថ្ងៃ​ធម្មតា​វិញ អ្នកស្រី​អាច​រក​ចំណូល​ពី​២​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ ទោះបី​មិនមាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​ដាំ​ក៏ដោយ ក៏​អ្នកស្រី​នៅតែ​ខំប្រឹង​ដាំ​ក្នុង​ផើង ក្នុង​ធុង និង​ក្នុង​កំប៉ុង​ម្សៅ​ទឹកដោះ​។​ល​។​

​សម្រាប់​បន្លែ​ដែល​អ្នកស្រី​ដាំ ជារួម​មាន​៖ សាឡាត ខាត់ណា ស្ពៃខៀវ ស្ពៃចង្កឹះ ត្រកួន​ចិន ពោត​បារាំង គល់​ស្លឹកគ្រៃ ផ្ទី​ជាដើម​។ អ្នកស្រី ណា​រ៉ុ​ន បាន​ប្រាប់​ឲ្យ​ដឹងថា​៖«​តាមពិតទៅ​មកពី​ការស្រលាញ់ ហើយ​ទំនេរ​ផង​។ ការដាំ​នេះ ដូចជា ការហាត់​ប្រាណ​ផងដែរ ព្រោះ​ត្រូវ​ស្រោច​ក្នុង​មួយថ្ងៃ​៣​ដង ព្រឹក​ម្ដង រសៀល​ម្ដង និង​ល្ងាច​ម្ដងទៀត​។ ហើយ​ការដាំ​ដោយ​ខ្លួនឯង​ស្រួល​ជាង​ទៅ​ទិញ​គេ ព្រោះ​គ្មាន​ភ័យ​រឿង​ប៉ះពាល់​ដល់​សុខភាព​»​។​

​អ្នកស្រី ម្លិះ ណា​រ៉ុ​ន ហាក់​ទទួលបាន​ជោគជ័យ​ក្នុង​ការដាំ​ដំណាំ ព្រោះ​មាន​អតិថិជន​ច្រើន​គួរសម​។ អ្នកស្រី​នឹង​បន្ត​ដាំ​បន្ថែមទៀត បើទោះបីជា​គ្មាន​អ្នកជំនាញ​ផ្នែក​កសិកម្ម​ជួយ​ក៏ដោយ​។ ជាងនេះទៅទៀត បន្លែ​ធម្មជាតិ​គ្មាន​ជាតិគីមី​របស់​អ្នកស្រី​អាច​លក់បាន​ថ្លៃ​ទៀតផង ពោល គឺ​សាឡា​ត់របស់​អ្នកស្រី​អាច​លក់បាន​២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​ដែល​សាឡា​ត់​ធម្មតា​អាច​លក់បាន​ក្នុងតម្លៃ​ទាប​ជាង​នេះ​ច្រើន​។



​ជា​រៀងរាល់​ថ្ងៃនេះ ទទួលបាន​ប្រាក់ចំណូល​ជា​រឿង​មួយ តែ​អ្វីដែល​អ្នកស្រី ម្លិះ ណា​រ៉ុ​ន សប្បាយចិត្ត​កាន់តែខ្លាំង​នោះ គឺ​អ្នកស្រី​បានឃើញ​បន្លែ​អ្នកស្រី​ដុះ​ល្អ​ខៀវខ្ចី គ្មាន​ជាតិគីមី និង​មាន​អ្នកគាំទ្រ​ច្រើន​៕


















































Tag:
 បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com