ជាតិ
បទវិភាគ
​កុំ​ស្រែកថា​ស្រុក​មិន​អភិវឌ្ឍ បើ​អ្នក​មិន​ចូលរួម​!
29, Sep 2016 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​កម្ពុជា​តាំងពីដើម​មក តែងតែ​ពឹង​ផ្អែកលើ​អ្នកដឹកនាំ​។ ប្រជាពលរដ្ឋ យល់ថា រឿង​នយោបាយ​ឬ​រឿង​ប្រទេសជាតិ គឺជា​តួនាទី​របស់​អ្នកដឹកនាំ និង​អ្នកនយោបាយ  ដូច្នេះ​ពួកគាត់ក៏គិតថា «​យើង​ជា​ពលរដ្ឋ​គិត​យ៉ាងម៉េច​ឲ្យ​តែមាន​បាយ​ហូប​គ្រប់គ្រាន់​ទៅបាន​ហើយ​»​។​



​ផ្នត់គំនិត​ពឹងផ្អែក​លើ​អ្នកដឹកនាំ មិនមែន​ទើបតែ​កើតមាន​ក្នុង​សតិអារម្មណ៍​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​នោះទេ​។ ការពិតទៅ​! វប្បធម៌​នៃ​ការគិត​បែបនេះ បាន​ដិតដាម​ជាប់​ក្នុងសង្គម​ខ្មែរ​តាំងពី​យូរណាស់​មកហើយ​ក្នុង​ប្រវត្តិសាស្ត្រ​។ ពលរដ្ឋ​កម្ពុ​ជាទូទៅ​គិតថា កិច្ចការ​នយោបាយ គឺជា​កាតព្វកិច្ច​របស់​អ្នកនយោបាយ មិនមែនជា​អ្វីដែល​ពួកគាត់​ត្រូវ​ខ្វល់ខ្វាយ​នោះទេ​។ ដូច្នេះ​ពួកគាត់​បានផ្តល់​ក្តីសង្ឃឹម និង​ផ្តល់​ការជឿជាក់​ស្ទើរ​ទាំងស្រុង នៃ​វាសនា​ប្រទេសជាតិ​ទៅលើ​អ្នកនយោបាយ ដោយ​គ្មាន​ការតាមដាន សង្កេត​យកចិត្តទុកដាក់ និង​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ពី​ស្ថានភាព​នយោបាយ និង​អត្តចរិត​របស់​អ្នកនយោបាយ​ជាក់ស្តែង​ឡើយ​។

​ឥរិយាបថ​ព្រងើយកន្តើយ​ចំពោះ​រឿង​នយោបាយ​បែបនេះ គឺជា​ការផ្តល់​ឱកាស​ឲ្យ​អ្នកនយោបាយ បោកប្រាស់ ហើយ​យក​នយោបាយ​ធ្វើជា​ត្រីវិស័យ ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ជាតិ​សម្រាប់​ការផ្គត់ផ្គង់​គ្រួសារ សាច់ញាតិ និង​បក្សពួក​របស់ខ្លួន ដោយ​មិន​ខ្វល់​ពី​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ និង​វិនាសកម្ម​ដល់​ប្រទេសជាតិ​។​

​ប្រជាពលរដ្ឋ​មិនសូវ​យកចិត្តទុកដាក់ និង​ផ្តោតអារម្មណ៍​លើ​សកម្មភាព​ជាក់ស្តែងរ​បស់​អ្នកនយោបាយ​ប៉ុន្មាន​ទេ ហើយក៏​មិនសូវ​ខ្វល់​ពី​កិច្ចការ​ប្រទេសជាតិ ដែលជា​កាតព្វកិច្ច​រប​ស់​ខ្លួន​ប៉ុន្មាន​ដែរ តែ​បែរ​ជឿ​លើ​ពាក្យសន្យា​ខ្យល់​របស់​អ្នកនយោបាយ​រាប់​ជំពូក និង​រំពឹង​តែ​លទ្ធផល​នៃ​ការរីកចម្រើន​ពី​ការសន្យា​ទាំងនោះ​ទៅវិញ​។ ក្តីសង្ឃឹម​បែបនេះ គ្មាន​ភាព​ប្រា​ដក​និយម ហើយ​មិនអាច​ក្លាយជា​ការពិត​បានទេ តែ​វា​គ្រាន់តែ​ជា​ក្តីសង្ឃឹម ដែល​ប្រៀបដូចជា «​ការកាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​» ប៉ុណ្ណោះ​។

​ជាការ​ពិត​! បើ​ស្រុក​មួយ​ដើរ​តាម​មាគ៌ា​នយោបាយ​ផ្តាច់ការ ការការពារ​ទឹកដី និង​ការអភិវឌ្ឍ​ប្រទេសជាតិ ជាការ​ត​ព្វ​កិច្ច​របស់​អ្នកដឹកនាំ​ស្ទើរ​ទាំងស្រុង​។ តែ​ផ្ទុយទៅវិញ ក្នុង​របប​ប្រជាធិបតេយ្យ វា ជា​កាតព្វកិច្ច របស់​ពលរដ្ឋ​គ្រប់រូប​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​ក្លាយជា​មាតុភូមិ​ដ៏​សមគួរ​សម្រាប់​ការរស់នៅ ដែល​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ​ទាំង​ផ្នែក​លោក​សម្ភារៈ និង​សីលធម៌​សង្គម​។ ប្រសិនបើ​ចង់បាន​ប្រជាធិបតេយ្យ តែ​រាល់​អ្វីៗ​បែរជា​ពឹង​ផ្អែកលើ​អ្នកដឹកនាំ​នោះ អ៊ីចឹង វា​មិនមែនជា​ប្រជាធិបតេយ្យ​ទេ តែ​វា​ប្រាកដជា​ក្លាយជា​របប​កុម្មុយនីស្ត​ជាក់​ជាមិនខាន​។ ចុះ​អ្វី​ជា​ប្រជាធិបតេយ្យ​?

​បើកាលណា​គេ​និយាយ​ពី​សង្គម​ប្រជាធិបតេយ្យ គេ​នឹង​ស្រមៃ​ដល់​ប្រទេសមួយ ដែល​សិទ្ធិ និង​អំណាច​ស្ថិតក្នុង​កណ្តាប់ដៃ​ប្រជាពលរដ្ឋ​ក្នុងការ​ទ​ទួ​ស​ខុសត្រូវ​លើ​វាសនា​ប្រទេសជាតិ​។ បើកាលណា​គេ​និយាយ​ពី​សិទ្ធិ និង​អំណាច​ក្នុង​កណ្តាប់ដៃ​ប្រជាពលរដ្ឋ គេ​នឹង​ស្រមៃ​ដល់​នីតិរដ្ឋ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ធានា​ដល់​ការប្រើប្រាស់​សិទ្ធិ និង​អំណាច​នោះ​។ បើកាលណា​គេ​និយាយ​ពី​នីតិរដ្ឋ គេ​នឹង​ស្រមៃ​ដល់​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​បានរៀបចំ​រចនាសម្ព័ន្ធ​នៃ​ស្ថាប័ន​នយោបាយ​ដ៏​ល្អឥតខ្ចោះ ដើម្បី​ទ្រទ្រង់​នីតិរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​។ បើកាលណា​គេ​និយាយ​ពី​ការរៀបចំ​ប្រព័ន្ធ​នយោបាយ និង​ស្ថាប័ន​នយោបាយ គេ​នឹង​ស្រមៃ​ដល់​ការចូលរួម​គិតគូរ​យ៉ាងសកម្ម​ក្នុង​កិច្ចការ​នយោបាយ និង​សង្គម​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប​។ បើកាលណា​គេ​និយាយ​ពី​ការចូលរួម​ក្នុង​កិច្ចការ​នយោបាយ​របស់​ប្រជាពលរដ្ឋ គេ​នឹង​ស្រមៃ​ថា ប្រជា​ពល​ជា​អ្នកមាន​ការចេះដឹង​ជ្រៅជ្រះ និង​មានការ​អប់រំ​ខ្ពស់​ខ្ពស់​។ នេះហើយ​ជា​ប្រជាធិបតេយ្យ ដែលជា​មាគ៌ា​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ដោយ​កម្លាំង​ពលរដ្ឋ​ទាំងអស់គ្នា​។

​ប្រជាធិបតេយ្យ​ជា​របប​មួយ ដែល​ផ្តល់ឱកាស​ដល់​បុគ្គល​គ្រប់គ្នា បាន​បញ្ចេញ​សមត្ថភាព​, បំពេញ​តួនាទី​ជា​ពលរដ្ឋ​, កែប្រែ​សង្គម​, ផ្លាស់ប្តូរ​អ្នកដឹកនាំ​ដែល​ក្បត់​ពលរដ្ឋ​, ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​, ការពារ​ទឹកដី និង​ជួយសង្គ្រោះ​ជនរួមជាតិ​សាសនា​ទាំងអស់គ្នា​។

​បើ​អ្នក​ទាំងអស់គ្នា​មិន​អើពើ មិន​ចូលរួម មិន​ខ្វាយខ្វល់ តើ​ប្រជាធិបតេយ្យ នឹង​បាន​មកពីណា​? តើ​ការរីកចម្រើន​នឹង​កើតឡើង​ដោយ​របៀប​ម៉េច​? ប្រជាធិបតេយ្យ​ក្តី ការរីកចម្រើន​ទៅរក​ភាព​ស៊ី​វិ​ល័យ​ក្តី គឺ​កើតចេញ​សកម្មភាព​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា មិនមែន​បានមកពី​ការ​បួងសួង ពី​ការស្នើសុំ ឬ​ពី​ការរំពឹង​លើ​អ្នកដឹកនាំ ដោយ​ខ្លួន​មិន​ធ្វើ​អ្វី​នោះទេ​។

​ដើម្បី​ទទួលបាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​ប្រទេសជាតិ​មាន​ភាព​រីកចម្រើន​ស៊ី​វិ​ល័យ ក្លាយជា​ដែនដី​ដែល​សម្បូរ​សប្បាយ​ក្នុងការ​រស់នៅ ប្រកបដោយ​សុខសន្តិភាព​ទាំងអស់គ្នា ជន​គ្រប់រូប​ក្នុងសង្គម ត្រូវតែ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ទាំងអស់គ្នា​។​

​រូបអ្នក​នេះហើយ ជា​ម្ចាស់​វាសនា​នៃ​មាតុភូមិ ជា​អ្នកការពារ​ទឹកដី ជា​អ្នកស្នេហាជាតិ ជា​អ្នកប្រជាធិបតេយ្យ ជា​អ្នក​អភិវឌ្ឍ​ប្រទេសជាតិ​។ កុំ​យក​វាសនា​ប្រទេសជាតិ និង​ជីវិត​ប្រជាជន​ទាំងអស់​ទៅ​ផ្ញើ​ក្នុង​ដ​ណ្តា​ប់​ដៃ​របស់​អ្នកដឹកនាំតែម្នាក់ ឬមួយក្រុមតូចឲ្យសោះ​៕


Tag:
 នយោបាយ​
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com