កីឡាជាតិ
ជាតិ
ស្វាយរៀង បន្តឈរលេខ៣ក្រោយយកឈ្នះ ថាយហ្គឺរ ៤-៣ មុនស៊ីម៉ាក់ និងអាស៊ីអឺរ៉ុបចែកគ្នាម្នាក់១ពិន្ទុ
× ការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីករដូវកាល ២០១៦ ជើងទី២ សប្តាហ៍ទី១១ នៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុមខេមបូឌានថាយហ្គឺរ ៤-៣ ដើម្បីបន្តឈរលំដាប់លេខ៣ក្នុងតារាង មុន ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និងអាស៊ីអឺរ៉ុប ចែកគ្នាម្នាក់មួយពិន្ទុ បន្ទាប់ពីចប់ការប្រកួតរក្សាលទ្ធផលស្មើ ១-១។
នាជំនួបយ៉ាងស្វិតស្វាញនៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមដែលកំពុងឡើងជើងខេមបូឌានថាយហ្គឺរ ៤-៣ ទាំងលំបាកក្នុងសប្តាហ៍ទី១១ នៃជើងទី២។ ជ័យជម្នះនេះបាននាំឲ្យក្រុមព្រះខ័នរាជស្វាយរៀងទទួលបាន៣ពិន្ទុបន្ថែម ដើម្បីបន្តឈរលំដាប់លេខ៣ក្នុងតារាង នៃសប្តាហ៍ទី១១ជាបណ្តោះអាសន្នដោយមាន២២ពិន្ទុ។
ជ័យជម្នះ ៤-៣ របស់ក្រុមព្រះខ័នរាជស្វាយរៀងនេះ សម្រេចដោយកីឡាករ Pidor មួយគ្រាប់នៅនាទីទី៧ កីឡាករ ប្រាក់ មុន្នីឧត្តម ចំនួន២គ្រាប់នៅនាទីទី២៤ និងនាទីទី៧០ និងមានការរួមចំណែកមួយគ្រាប់ទៀតរបស់កីឡាករ សុក សំណាង នៅនាទីទី ៥៥។ ចំណែក ៣គ្រាប់របស់ខេមបូឌានថាយហ្គឺរ សម្រេចដោយកីឡាករ Kihara មួយគ្រាប់នៅនាទីទី១៨ និងដោយកីឡាករ Muramatsu ចំនួន២គ្រាប់នៅនាទីទី៤៥ និង៨៧។
ជាមួយគ្នាមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និងអាស៊ីអឺរ៉ុបយូណាយធីតបានចែកគ្នាម្នាក់១ពិន្ទុបន្ទាប់រក្សាលទ្ធផលស្មើ ១-១ ក្រោយបញ្ចប់ការប្រកួតកាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ។ មួយគ្រាប់របស់ ស៊ីម៉ាក់ សម្រេចដោយកីឡាករ ហុង មករា នៅនាទីទី៦២ ខណៈមួយគ្រាប់របស់អាស៊ីអឺរ៉ុប សម្រេចដោយកីឡាករ Takano Marin នៅនាទីទី៣៕
Tag:
បាល់ទាត់
Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com