ពីនេះ ពីនោះ
ខ្មែរ​នឹង​អាច​ឈប់​ប្រើពាក្យ​«​យល់ព្រម និង លា​ហើយ​» ព្រោះតែ​ឥទ្ធិពល​ពាក្យ​« Ok and Bye-bye»
28, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ការរៀន​ភាសាបរទេស ហើយ​ចេះ​និយាយ​ភាសាបរទេស គឺជា​រឿង​ល្អ​សម្រាប់​យុវជន​ខ្មែរ សម័យថ្មី​នេះ​។ ប៉ុន្តែ​ព្រោះតែ​ការចេះ​ភាសាបរទេស ក៏​អាច​នាំ​ឲ្យ​ពាក្យ​មួយចំនួន ក្នុង​ភាសាជាតិ​របស់ខ្លួន​ត្រូវ​បាត់បង់ និង​លែង​ប្រើប្រាស់​ផងដែរ​។ ហើយ​ក្នុងចំណោម​ពាក្យ​ទាំងនោះ​អាច​លែងមាន​ក្នុង​ភាសា​និយាយ តែ​នៅមាន​ក្នុង​ភាសាសរសេរ ប៉ុន្តែ​ពាក្យ​ខ្លះ គឺ​លែងមាន​ទាំង​សរសេរ និង​និយាយ​តែម្ដង​។​



​យ៉ាងណាមិញ ពាក្យ​ថា «​យល់ព្រម និង លា​ហើយ​» បច្ចុប្បន្ននេះ គឺ​កំពុងតែ​ប្រឈម និង​ការលែង​ប្រើប្រាស់​ក្នុង​ភាសា​និយាយ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ ជាពិសេស​សម្រាប់​ស្រទាប់​យុវជន អាយុ​ចាប់ពី​៣០​ឆ្នាំ​ចុះក្រោម​។ ព្រោះថា ក្នុងចំណោម​ប្រជាជន​ខ្មែរ​ទាំងប្រុស​ស្រី​ក្នុង​វ័យ​នេះ ភាគច្រើន​គឺ​តែងតែ​និយាយ​ពាក្យ​ថា​« Ok និង Byebye»​យ៉ាង​រត់មាត់ ជំនួស​ពាក្យ​ថា​«​យល់ព្រម និង លា​ហើយ​»​។​

​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា​«​យល់ព្រម​» គឺ​មានន័យថា ព្រម​តាម អនុលោម​តាម ឃើញ​ត្រូវ​ជាមួយ​ជាដើម​។ ចំណែក​ពាក្យ​ថា​«​លា​ហើយ​» ជា​ពាក្យ​ប្រាប់​ឲ្យ​ដឹងថា​ត្រូវ​ចាក​គ្នា​ទៅ លាគ្នា ក្នុងខណៈពេល​ណាមួយ​។ រីឯ​ពាក្យ​ថា «OK» មានន័យថា ស្រួល​ហើយ នឹង​ហើយ យល់ព្រម ឬ​សេចក្ដីយល់ព្រម​ជាដើម​។ ចំណែក​ពាក្យ​ថា​«Bye-bye»​វិញ​គឺ​មានន័យថា លា​ហើយ , លា​សិន​ហើយ ជាដើម​។

​ព្រោះតែ​អត្ថន័យ​បែបនេះ ហើយ​បានជា​បច្ចុប្បន្ននេះ គេ​និយម​ប្រើពាក្យ​ថា « Ok និង Bye-bye» ជំនួស​ពាក្យ​ថា​«​យល់ព្រម និង លា​ហើយ​»​។ មូលហេតុ​មួយទៀត ប្រហែល​មកពី​ពាក្យ​ថា​« Ok និង Bye-bye» ងាយស្រួល​និយាយ​ជាង​ពាក្យ​ខ្មែរ​នោះ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com