អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន​ថ្មី នៅតែ​ចង់​ប្រើប្រាស់​ទោស​ប្រហារជីវិត​ឡើងវិញ​
27, Jun 2016 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សល់​ពេល​ត្រឹមតែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក​អភិបាលក្រុង​ដា​វ៉ា​វ រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​ចូល​ស្បថ​កាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​ហ្វ​លី​ពី​ន​ហើយ​។ តែ​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​រូបនេះ នៅតែ​បន្ត​ប្រើប្រាស់​ពាក្យ​គំរោះគំរើយ និង​លើក​គោលនយោបាយ​ដ៏​សាហាវ​ដើម្បី​ព្រមាន​ចំពោះ​អ្នក​រិះគន់​លោក​។​



​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) នៅ​ថ្ងៃ​ចន្ទ​ទី​២៧​ខែមិថុនា​នេះ បាន​ហៅ​ក្រុម​យុទ្ធនាការ​សិទ្ធិមនុស្ស​ថា «​ឆ្កួត​លីលា​» នៅពេលដែល​លោក​ការពារ​គោលនយោបាយ​នៃ ការបង្ក្រាប​បទល្មើស​ដោ​យ​ប្រើប្រាស់​ទោស​ប្រហារជីវិត​ដើម្បី​ជា​ទណ្ឌកម្ម​មួយ​ធ្ងន់ធ្ងរ​របស់លោក​។

​ក្នុង​សុន្ទរកថា​ដ៏​វែង​ស្តីពី​ទស្សនវិស័យ​សម្រាប់​ប្រទេស​នាពេលខាងមុខ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ផ្តោត​សំខាន់​លើ​ផែនការ​ដ៏​ចម្រូងចម្រាស​របស់លោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​។ ទន្ទឹមនឹង​ការលើកឡើង​ពី​ផែន​ការដាក់​បម្រាម​គោចរ​លើ​កុមារ​នៅពេល​យប់​ជ្រៅ​នៅតាម​ដងផ្លូវ និង​ការប្រកាស​ប្រើប្រាស់​ឡើងវិញ​ទោស​ប្រហារជីវិត​ដែល​រង​ការរិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស​នោះ លោក ឌើ​ទើ​តេ បាន​ហៅ​ក្រុម​នោះ​ថា «​អ្នក​ពិតជា​ឆ្កួត​លីលា​មែន​»​។

​លោក សង្កត់ធ្ងន់ថា «​ខ្ញុំ ជឿជាក់​លើ​ការដាក់ទណ្ឌកម្ម​។ ហេតុអ្វី​? អ្នក​ត្រូវតែ​ទទួលខុសត្រូវ​។ នៅពេលដែល​អ្នក​សម្លាប់ ឬ​រំលោភ​នរណាម្នាក់ អ្នក​គួរតែ​ស្លាប់​»​។ នេះ​បើ​យោងតាម​ការដកស្រង់​សម្តី​របស់​ភ្នាក់ងារ​ព័ត៌មាន AFP​។

​សូម​ជម្រាប​ផងដែរ​ថា លោក​អភិបាលក្រុង ដា​វ៉ា​វ រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ត្រូវបាន​សភា​ហ្វីលីពីន ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ដោយ​លោក បានទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោត​នៅ​ថ្ងៃទី​០៩​ខែឧសភា ហើយ លោក ក្លាយជា​ប្រធានាធិបតី​ទី​១៦​របស់​ហ្វីលីពីន​។ លោក ឌើ​ទើ​តេ នឹង​ចូល​ស្បថ​កាន់តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ខាងមុខ​។​

​គិត​ចាប់តាំងពី​ការឃោសនាបោះឆ្នោត រហូត​ជិត​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​ផ្លូវការ​ហើយ​នោះ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែល​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា «​អ្នក​ពូកែ​ដាក់ទណ្ឌកម្ម​» បានប្រកាសថា នៅពេលដែល​លោក​ឡើងកាន់តំណែង នឹងមាន​ការសម្លាប់​ជា​រង្គាល​។ ហើយ​នោះ​គឺ ការសម្លាប់​ជនល្មើស​តាមរយៈ​ផែនការ​នៃ​ប្រើប្រាស់​ទោស​នៃ​ការប្រហារជីវិត​ឡើងវិញ​។ ទោស​ប្រហារជីវិត​ត្រូវបាន​លុបចោល​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។

​ថ្មីៗ​នេះ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោក Zeid Ra’ad Al Hussein ក៏បាន​ព្រមាន​ចំពោះ​ការប្រកាស​គោលនយោបាយ​របស់លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ហ្វីលីពីន Rodrigo Duterte  លើ​ការលុបបំបាត់​ការជួយ​ដូរ​គ្រឿងញៀន និង​ទោស​ប្រហារជីវិត ថា នឹង​បង្ក​ឲ្យ​មាន​ចលាចល​។

​លោក Zeid Ra’ad Al Hussein បាន​លើកឡើងថា «​ការផ្តល់​រង្វាន់ និង​អំណោយ​សម្រាប់​ឃាតករ​ដោយ ខុសច្បាប់ និង​ការលើកទឹកចិត្ត​លើ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​សមត្ថកិច្ច គឺជា​ការបំផ្លាញ និង​ជំហាន​ថយក្រោយ​ដែល​បង្ក​ឲ្យ​រីក​រាលដាល​អំពើហិង្សា និង​ចលាចល​៕


Tag:
 ​ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com