អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អឺរ៉ុប អាច​ក្លាយជា​តំបន់​បាល់​កង់​ទី​ពីរ ក្រោយ​ការចាកចេញ​របស់​អង់គ្លេស​
28, Jun 2016 , 7:39 am        
រូបភាព
 
 
​ប្រមុខ​វិហារ​កាតូលិក បាន​ព្រមាន​ពី​ការបែកបាក់​នៅក្នុង​តំបន់​អឺរ៉ុប ដូច​អ្វីដែល​កើតឡើង នៅ​តំបន់​បាល់​កង់ កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ សម្ដេច​ប៉ាប នៃ​វិហារ​គ្រិស្ត​កាតូលិក​ព្រមាន​បែបនេះ បន្ទាប់ពី​ចក្រភព​អង់គ្លេស បោះឆ្នោត​ប្រជាមតិ​ចាកចេញ​លែង​ជា​សមាជិក​សហភាព​អឺរ៉ុប ហើយ​ព្រះអង្គ ក៏បាន​ទទូច​ឲ្យ​អឺរ៉ុប ផ្ដល់​សិទ្ធិ​ឲ្យ​ទូលាយ ដល់​សមាជិក​របស់ខ្លួន​។​

 
​ក្នុង​ដំណើរ​ត្រលប់​ទៅ​បុរី​វ៉ា​ទី​កង់ សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២៦ ខែមិថុនា ថា អឺរ៉ុប អាច​ក្លាយជា​តំបន់​បាល់​កង់​ទី​ពីរ ដែល​បែកខ្ញែក​គ្នា និង​មាន​ជម្លោះ​ឥត​ឈប់ ក្រោយ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​។ ព្រះអង្គ ក៏​ផ្ដាំ​ឲ្យ​សហភាព​អឺរ៉ុប ត្រូវ​សម្លឹង​ទៅមុខ តាមរយៈ​ការផ្ដល់​សេរីភាព​ឲ្យ​ច្រើន​នៅ​សមាជិក​។ 
 
​នៅលើ​យន្តហោះ​មកពី​អា​មេ​នី ប្រមុខ​បុរី​វ៉ា​ទី​កង់ មានបន្ទូលថា អឺរ៉ុប​ត្រូវតែ​បង្កើត​សហភាព​ថ្មី​មួយ ព្រោះ​ប្រព័ន្ធ​បច្ចុប្បន្ននេះ មាន​បញ្ហា​រាំងស្ទះ​ក្នុង​ដំណើការ​របស់​អឺរ៉ុប​នេះ​។ ហើយ​អឺរ៉ុប ត្រូវតែ​លះបង់​តម្លៃ​ខ្លះ ទើប​អាច​ទៅមុខ​បាន​។ ជាមួយគ្នានេះ សម្ដេច​ប៉ាប ក៏បាន​លើកឡើង ពី​តំបន់​មួយចំនួន ដែល​អាច​បែកខ្ញែក​ផងដែរ​។ 
 
​យោងតាម​សារព័ត៌មាន AFP ផ្សាយ​ថា សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ព្រមាន​ថា ទឹកដី​ស្កុ​តឡែ​ន និង​Catalonia របស់​អេ​ស្ប៉ា​ញ អាច​នឹង​ជំរុញ​ឲ្យ​មានការ​ផ្ដាច់ខ្លួន ដែល​នេះ​មានន័យថា កំពុងតែ​ធ្វើ​ឲ្យ​អឺរ៉ុប ក្លាយជា​តំបន់​បាល់​កង់​ដែរ​ហើយ​។ លើសពីនេះ សម្ដេច​ប៉ាប បញ្ជាក់ទៀតថា ប្លុក​អឺរ៉ុប ត្រូវតែ​ស្ដារ​ភាពរឹងមាំ​របស់ខ្លួន​ឡើងវិញ គឺ​ត្រូវ​ផ្ដល់​សេរីភាព និង​ឯករាជ្យភាព ឲ្យ​កាន់តែច្រើន ទៅ​ប្រទេស​ជា​សមាជិក​របស់ខ្លួន​។​
 
​ទាក់ទង​នឹង​ការធ្វើប្រជាមតិ​របស់​ច​ក្រ​ភព​អង់គ្លេស សម្ដេច​មានបន្ទូល នៅ​ថ្ងៃទី​២៣ ខែមិថុនា ថា ឆ​ន្ទះ​ប្រជាជន ត្រូវបាន​បញ្ចេញ​ហើយ​។ នេះ​តម្រូវ​ឲ្យ​មាន​កាទទួលខុសត្រូវ​ធំធេង ដើម្បី​ធានា ពី​សុខុមាលភាព​របស់​ប្រជាជន​ចក្រភព​អង់គ្លេស ក៏ដូចជា របស់​ប្រជាជន​នៃ​ទ្វីបអឺរ៉ុប​ទាំងមូល​ផងដែរ​។​
 
​ការលើកឡើង​របស់​ស​ម្ដេច​ប៉ាប ធ្វើឡើង ខណៈ​មាន​ប្រទេស​មួយចំនួន ចង់​ដើរ​តាម​អង់គ្លេស​។ នៅមុននេះ​បន្តិច មេដឹកនាំ​នៃ​គណបក្ស​ស្ដាំនិយម និង​ក្រុមប្រឆាំង​ជនអន្តោប្រវេសន៍ នៅក្នុង​ប្រទេស ជា​សមាជិក​សហភាព​អឺរ៉ុប​ខ្លះ មាន​ផែនការ​ជំរុញ​ឲ្យ​ការធ្វើប្រជាមតិ ដូច​ចក្រភព​អង់គ្លេស​ដែរ​។ អ្នកនយោបាយ នៅឯ​ស្លូ​វ៉ា​គី ហូ​ឡង់ ដា​ណឺ​ម៉ាក ស៊ុយអែត និង​បារាំង សុទ្ធតែ​បានទាមទារ​ឲ្យ​ការធ្វើប្រជាមតិ​លើ​សមាជិកភាព​របស់ខ្លួន នៅក្នុង​សហភាព​អឺរ៉ុប​៕           
 

Tag:
 អឺរ៉ុប​
 ​បាល់​កង់​
 ​សម្ដេច​ប៉ាប
© រក្សាសិទ្ធិដោយ thmeythmey.com