កីឡាជាតិ
ជាតិ
យូ​ដូ​រាជសីហ៍​ឈ្នះ​មេដាយមាស​ច្រើនជាងគេ​ក្នុងការ​ប្រជែង​ជើងឯក​យូ​ដូ​ថ្នាក់ជាតិ​
28, Jun 2016 , 9:19 am        
រូបភាព
ដោយ:
 
​ការប្រកួត​កីឡា​យូ​ដូ​ជ្រើសរើស​ជើង​ឯ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ ដែល​ប្រព្រឹត្ត​នៅ​អគារ​ដំបូលទូក​ស្លាប​ខាងស្តាំ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​ចុង​សប្តាហ៍​កន្លងមក បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​៥​ថ្ងៃ ដោយ​ក្លិប​យូ​ដូ​រាជសីហ៍​ឈ្នះ​មេដាយមាស​ច្រើនជាងគេ​ក្នុងចំណោម​ក្លិប​ចំនួន​៥​ចូលរួម ខណៈ​ក្លិប​យូ​ដូ​នាគរាជ​ឈរ​លំដាប់​លេខ​២ មុន​ក្លិប​យូ​ដូ​ដំរី​ស​, យូ​ដូ​ខេត្តសៀមរាប និង​ក្លិប​យូ​ដូ​អូឡាំពិក​។​

 
​ក្លិប​យូ​ដូ​រាជសីហ៍​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹ​តិ្ត​ការណ៍​ការប្រកួត​កីឡា​យូ​ដូ​ជ្រើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ ក្រោយពី​ក្លិប​នេះ​បានឈ្នះ​មេដាយមាស​ច្រើនជាងគេ ក្នុងចំណោម​ក្លិប​ចំនួន​៥​ចូលរួម​។ សម្រាប់​ការប្រកួត​នេះ​ក្លិប​យូ​ដូ​រាជសីហ៍​បានដាក់​កីឡាករ​ចំនួន​១៩​នាក់​ចូលរួម​ក្នុងចំណោម​កីឡាករ​សរុប​ចំនួន​៨៣​នាក់​។​


 
​ក្លិន​យូ​ដូ​រាជសីហ៍​ដណ្តើមបាន​មេដាយ​មេដាយមាស​ចំនួន​៦​គ្រឿង​, ប្រាក់​៥​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង ខណៈ​ក្លិប​នាគរាជ​ដ​ណ្តើ​បាន​មេដាយមាស​៣​គ្រឿង​, ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង ឬ​ឯ​ក្លិប​យូ​ដូ​ដំរី​ស​ដណ្តើមបាន​មេដាយមាស​១​គ្រឿង​, ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង​។ ចំណែក​ក្លិប​យូ​ដូ​ខេត្តសៀមរាប​ដណ្តើមបាន​មេដាយមាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​៩​គ្រឿង ក្រុម​នេះ​បើ​រាប់​ពី​ចំនួន​មេដាយ​ឈរ​លំដាប់​លេខ​២ បន្ទាប់ពី​ក្លិប​រាជសីហ៍​។ ដោយឡែក​ក្លិប​យូ​ដូ​អូឡាំពិក ទទួលបាន​មេដាយប្រាក់​១​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង​។​


 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​យូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ មាន​ក្លិប​ចំនួន​៥​ចូលរួម​ដែលមាន​កីឡាករ​សរុប​ចំនួន​៨៣​នាក់​(​ស្រី​២១​នាក់​) និង​មាន​១១​ប្រភេទ​វិញ្ញាសា​ចូលរួម ដោយមាន​បុរស​៨​វិញ្ញាសា និង​នារី​ចំនួន​៣​វិញ្ញាសា​។ បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ ខែមិថុនា នៅ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ការប្រកួត​កីឡា​យូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​ចុង​សប្តាហ៍​កន្លងមក​៕       





Tag:
 យូ​ដូ​
  ជើងឯក​យូ​ដូ​ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com